ត្បូងឃ្មុំ៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៤ ឆ្នាំ២០២៥ ដែលប្រារព្ធធ្វើឡើងនៅស្រុកពញាក្រែក បានទទួលយកសំណូមពរសរុបចំនួន ២២ ពីប្រជាពលរដ្ឋ ដើម្បីយកទៅពិភាក្សា និងដោះស្រាយ ។


វេទិកានេះបានធ្វើឡើងនៅបរិវេណវត្តរើល ស្ថិតនៅភូមិរើលក្រោម ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និង ឯកឧត្តម ម៉ាត់ ហ្កោហ្វូត អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ។
ថ្លែងនាឱកាសនោះ ឯកឧត្តម ឡុង ធាម បានលើកឡើងថា វេទិកានេះមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ បានស្វែងយល់អំពីស្ថានភាពទូទៅនៃការអភិវឌ្ឍខេត្ត-ស្រុក-ឃុំ និងជាពិសេសដើម្បីពិនិត្យឡើងវិញនូវសកម្មភាពនៃការអនុវត្តការងាររបស់ថ្នាក់ដឹកនាំមូលដ្ឋាន។ ឯកឧត្តមបានស្នើឱ្យមានការចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងតម្រូវការជាក់ស្ដែងឱ្យបានច្រើន ដើម្បីឱ្យក្រុមប្រឹក្សាខេត្តប្រមូលនូវមតិយោបល់ទាំងនោះ មកធ្វើការពិភាក្សា ស្រាយបំភ្លឺ និងដោះស្រាយប្រកបដោយតម្លាភាព។








ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ាត់ ហ្កោហ្វូត អភិបាលរងខេត្ត ក៏បានអានរបាយការណ៍សកម្មភាពអនុវត្តន៍ និងលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តត្បូងឃ្មុំសម្រេចបានកន្លងមក ជូនអង្គវេទិកាជ្រាប។ ឯកឧត្តមអភិបាលរងខេត្ត ក៏បានសម្តែងការគាំទ្រ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមលើកឡើងនូវសំណូមពរនានា ដើម្បីក្រុមប្រឹក្សាខេត្តយកមកពិភាក្សា ឆ្លើយតប និងកែលម្អការងារដោះស្រាយឱ្យកាន់តែល្អប្រសើរស្របតាមតម្រូវការអាទិភាពជាក់ស្ដែង ។
ជាលទ្ធផល វេទិកាបានទទួលសំណូមពរពីប្រជាពលរដ្ឋ និងអ្នកចូលរួមសរុបចំនួន ២២ សំណូមពរ ដែលផ្តោតសំខាន់លើការស្នើសុំ ផ្លូវ, អគ្គិសនី និង ប្រឡាយទឹក។ បញ្ហាទាំងអស់នេះត្រូវបានស្ថាប័ន មន្ទីរ អង្គភាពជំនាញនៃរដ្ឋបាលខេត្ត ធ្វើការស្រាយបំភ្លឺ និងទទួលយក ដើម្បីពន្លឿនការដោះស្រាយ ។





មុននឹងបញ្ចប់ ឯកឧត្តម ឡុង ធាម បានសង្កត់ធ្ងន់ថា តាមរយៈវេទិកាដ៏មានសារៈសំខាន់នេះ អាជ្ញាធរមូលដ្ឋានត្រូវក្តាប់ឱ្យបាននូវរាល់សំណូមពរដែលប្រជាពលរដ្ឋស្នើឡើង ហើយរដ្ឋបាលខេត្ត តាមរយៈស្ថាប័ន មន្ទីរ អង្គភាពជំនាញ ជាសេនាធិការ ត្រូវធ្វើកិច្ចសហការគ្នាចូលរួមដោះស្រាយទាំងអស់គ្នា ក្នុងដំណើរការអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែល្អប្រសើរ ៕
អត្ថបទ៖អាចារ្យលាក់

