យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ប្រធានអគ្គសេនាធិការរុស្ស៊ីបានប្រាប់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ថា កងកម្លាំងរុស្ស៊ីបានដណ្តើមនិងបានគ្រប់គ្រងទីក្រុង Kupiansk ដែលស្ថិតនៅភាគខាងកើតឆៀងជើងនៃប្រទេសអ៊ុយក្រែន ប៉ុន្តែដំណឹងនេះយោធាអ៊ុយក្រែនចេញមកច្រានចោល និងបដិសេធថាទីក្រុងនេះនៅមិនទាន់មានផ្លាស់ប្តូរការគ្រប់គ្រងកាន់កាប់នៅឡើយ។

យ៉ាងណាមិញ វិមានក្រឹមឡាំងបានឱ្យដឹងមុននេះថា លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរទៅកាន់ទីបញ្ជាការរបស់ក្រុមយោធារុស្ស៊ីនៅភាគខាងលិច ដែលជាទីកន្លែងជួបប្រជុំគ្នារវាងលោក និងប្រធានអគ្គសេនាធិការរុស្ស៊ី វ៉ាឡឺរី ហ្គេរ៉ាស៊ីម៉ូវ (Valery Gerasimov) និងមន្ត្រីយោធាជាន់ខ្ពស់ដទៃទៀត។ ប្រធានអគ្គសេនាធិការរុស្ស៊ីរូបនេះក៏បានប្រាប់លម្អិតអំពីស្ថានភាពនៅក្នុងទីក្រុងសំខាន់ៗចំនួនពីរនៅភាគខាងកើតអ៊ុយក្រែនគឺ កូស្ទីយ៉ាន់ទីនីវកា Kostiantynivka និង ក្រាម៉ាតូស Kramatorsk ក៏ដូចជានៅជុំវិញទីក្រុង គូព្យ៉ានស្គី ក្នុងតំបន់ខាគីវ Kharkiv ផងដែរ។

តាមរយៈបង្ហោះនៅលើគេហទំព័រវិមានក្រឹមឡាំង លោក ហ្គេរ៉ាស៊ីម៉ូវ បានប្រាប់លោក ពូទីនថា ទីបញ្ជាការក្រុមយោធានៅភាគខាងលិច បានរំដោះទីក្រុង គូព្យ៉ានស្គី ហើយក៏កំពុងបន្តបំផ្លាញទីបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងបានឡោមព័ទ្ធនៅច្រាំងខាងឆ្វេងនៃទន្លេ អូសស្កុល Oskol ។

ស្ថិតក្នុងសម្លៀកបំពាក់ឯកសណ្ឋានយោធា លោក ហ្គេរ៉ាស៊ីម៉ូវ បានបង្ហាញវត្តមានអង្គុយក្នុងចំណោមមន្ត្រីយោធាជាន់ខ្ពស់ទល់មុខនឹងប្រធានាធិបតីរុស្ស៊ី ដោយនិយាយរៀបរាប់យ៉ាងជឿជាក់ទៀតថា កងកម្លាំងរុស្ស៊ីបានដណ្តើមបានការគ្រប់គ្រង ៧០% នៃទីក្រុង ប៉ូក្រូវស៍ Pokrovsk ហើយជាង ៨០% នៃទីក្រុងវ៉ូឆានស្ក៍ Vovchansk កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់យោធារុស្ស៊ីទាំងស្រុង។

ប្រធានអគ្គសេនាធិការរុស្ស៊ីរូបនេះនិយាយថា ក្រៅពីនោះក៏មានឈុតឆាកប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបំផុតនៅតាមបណ្តោយខ្សែប្រយុទ្ធប្រវែង ១,២០០ គីឡូម៉ែត្រក្បែរទីក្រុង ប៉ូក្រូវស៍ ជាទីតាំងដែលកងកម្លាំងអ៊ុយក្រែនកំពុងតែដុតដៃដុតជើងតស៊ូការពារយ៉ាងខ្លាំងក្លា៕

Share.