បាងកក៖ប្រធានទីភ្នាក់ងារប្រឆាំងអំពើពុករលួយថៃ (ACT) បានព្រមានថា ការបោសសម្អាត និងបង្រ្កាបបណ្តាញបោកប្រាស់ អាជីវកម្មពណ៌ប្រផេះ និងការលាងលុយលើផ្ទៃប្រទេសបានបរាជ័យ ដោយសារតែក្រុមឥស្សរជននយោបាយដ៏មានអំណាចផ្ទៃក្នុងប្រទេសថៃ បានទទួលសំណូកក្រោមតុនិងការពារដល់ក្រុមឧក្រិដ្ឋជនទាំងនោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Straits Times នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។

ប្រភពដកស្រង់ពីការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកវេជ្ជបណ្ឌិត Mana Nimitmongkol នាថ្ងៃទី១៩ ខែវិច្ឆិកា ឱ្យដឹងថា «អំណាចខ្មៅងងឹត និងទំនាក់ទំនងនៅពីក្រោយបណ្តាញទាំងនេះ រារាំងឱ្យអាជ្ញាធរចាប់បានតែក្រុមឧក្រិដ្ឋតូចតាចប៉ុណ្ណោះ រីឯមេក្លោងធំៗជាអ្នករៀបចំផែនការពិតប្រាកដ បែរជាប៉ះពាល់មិនបាន»។

លោកបន្តលើកឡើងពីការកើនឡើងនូវរឿងអាស្រូវដែលពាក់ព័ន្ធនឹងរដ្ឋមន្ត្រី សមាជិកសភា អតីតអគ្គស្នងការនគរបាលជាតិ និងមន្ត្រីនគរបាលជាង ២០០នាក់ សុទ្ធតែមានជាប់ពាក់ព័ន្ធនឹងល្បែងស៊ីសងអនឡាញ ការជួញដូរគ្រឿងញៀន អាជីវកម្មក្រោមដី និងអំពើពុករលួយ។

លោកបានថ្លែងថា ករណីទាំងអស់នេះត្រូវបានទម្លាយព័ត៌មានពីអតីតអគ្គស្នងការរងនគរបាលជាតិគឺលោក ស៊ូរ៉ាឆេត ហាក់ផាន ហើយករណីល្បីៗផ្សេងទៀតមានដូចជា៖ ករណី Tu Hao និង ផាប់ ជីនលីង , ផែនការផ្ដល់ទិដ្ឋាការខុសច្បាប់របស់លោក យូ ស៊ីនឈី ដែលបាននាំជនជាតិចិន ៧,០០០នាក់ ចូលប្រទេសថៃ, បណ្តាញល្បែងអនឡាញ អធិការ ខ្លា , ករណីល្បែង Minnie និងវេទិកាភ្នាល់អនឡាញ 888 ជាដើម។

ជាមួយគ្នា លោកក៏បានលើកឡើងពីករណីប៉ូលិសជាន់ខ្ពស់ ជាប់ពាក់ព័ន្ធនឹងការរត់ពន្ធប្រេង ក៏ដូចជាការចោទប្រកាន់អតីតសមាជិកព្រឹទ្ធសភាម្នាក់ ជុំវិញឧក្រិដ្ឋកម្មឆ្លងដែន និងអាជីវកម្មព្រំដែនខុសច្បាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ាថែមទៀតផង។

យ៉ាងណាមិញ ប្រធានទីភ្នាក់ងារប្រឆាំងអំពើពុករលួយថៃរូបនេះ បានអះអាងថា ប្រទេសថៃ ខាតបង់ប្រាក់ច្រើនជាង ១០០ពាន់លានបាត ឬប្រហែលជាង ២.៩ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំទៅលើបណ្តាញក្លែងបន្លំ ដែលហួសពីការរំពឹងរបស់ប្រទេសថៃផ្អែកលើច្បាប់ចាស់ស្តីពីគ្រឿងញៀន ល្បែងស៊ីសង ការក្លែងបន្លំ និងឧក្រិដ្ឋកម្មកុំព្យូទ័រ ជាទង្វើពិបាកក្នុងការតាមដានលំហូរសាច់ប្រាក់ទៅកាន់ឥស្សរជនមានឥទ្ធិពល និងមន្ត្រីរដ្ឋចាំកាងការពារ។

លោក បានលើកឡើងទៀតថា ប្រទេស​ថៃ​មាន​ច្បាប់​ស្ដីពីការ​លាង​លុយ​កខ្វក់​ដ៏​មាន​ឥទ្ធិពល​ចាប់​តាំង​ពី​ឆ្នាំ២០១៣ ដែល​អនុញ្ញាត​ឱ្យ​ការិយាល័យ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់ (AMLO) ត្រួតពិនិត្យ​មើល​ឥរិយាបថ​ហិរញ្ញវត្ថុ​របស់​អ្នកនយោបាយ​ជាតិ និង​ក្នុងស្រុក រួមទាំងមន្ត្រី​ជាន់ខ្ពស់​រដ្ឋ ចៅក្រម ទីភ្នាក់ងារ​ឯករាជ្យ មន្ត្រី​យោធា និង​ប៉ូលិស ទាំង​ថៃ និង​បរទេស។​ លោកថា ស្ថាប័នហិរញ្ញវត្ថុ និងអាជីវកម្មមួយចំនួនត្រូវបានតម្រូវឱ្យរាយការណ៍អំពីប្រតិបត្តិការគួរឱ្យសង្ស័យ ប៉ុន្តែ​ប្រព័ន្ធ​នេះ​មិន​ត្រូវ​បាន​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ទេ។

ដោយឡែកភាពចន្លោះប្រហោងកាន់តែអាក្រក់ទៅៗនៅអំឡុងឆ្នាំ ២០២០ នៅពេលដែលការិយាល័យប្រឆាំងការលាងលុយកខ្វក់ (AMLO) ធ្វើវិសោធនកម្មបទប្បញ្ញត្តិ ដើម្បីដកកាតព្វកិច្ចរបស់ធនាគារក្នុងការរាយការណ៍ប្រតិបត្តិការសង្ស័យណាមួយ ទោះបីជាការពិតធនាគារគ្រាន់តែជាបណ្តាញផ្ទេរប្រាក់ដ៏សំខាន់សម្រាប់ក្រុមឧក្រិដ្ឋជនឆ្លងកាត់ក៏ដោយ។

ប្រធានទីភ្នាក់ងារប្រឆាំងអំពើពុករលួយថៃរូបនេះបញ្ជាក់ថា គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ និងនាយកដ្ឋានប្រមូលប្រាក់ចំណូល គួរតែរួមបញ្ចូលបច្ចេកវិទ្យា និងការប្រើប្រាស់ទិន្នន័យហិរញ្ញវត្ថុ ដើម្បីពង្រឹងសវនកម្មលើការប្រកាសទ្រព្យសម្បត្តិ និងការត្រួតពិនិត្យការអនុលោមពន្ធសម្រាប់អ្នកនយោបាយ និងមន្ត្រីជាន់ខ្ពស់។ លោកសង្កត់ធ្ងន់ថា ដើម្បីឱ្យការិយាល័យប្រឆាំងការលាងលុយកខ្វក់ (AMLO) ទទួលបានទំនុកចិត្តពីសាធារណជនឡើងវិញនោះ ចាំបាច់ត្រូវតែមានដំណើរការដោយឯករាជ្យពីការជ្រៀតជ្រែកផ្នែកនយោបាយ និងត្រូវមានការត្រួតពិនិត្យយ៉ាងខ្លាំងក្លាពីស្ថាប័នផ្សេងៗ និងសង្គមស៊ីវិល៕

ប្រភព៖ The Straits Times

Share.