មើលលើសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឱ្យដឹងថា វត្ថុសិល្បៈខ្មែរជាច្រើនសណ្ឋានដូចជា វាយនភណ្ឌសូត្រខ្មែរចំនួន ១៨៣ផ្ទាំង វត្ថុសម័យបុរេប្រវត្តិដូចជា កាក់ អង្កាំ គ្រឿងអលង្ការ និងវត្ថុបុរាណក្នុងសម័យមុខអង្គរ និងសម័យអង្គរ បានប្រគល់ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីមានការចរចាជាច្រើនឆ្នាំជាមួយលោក István Zelnik ជនជាតិហុងគ្រីជាអ្នកកាន់កាប់សមុច័្ចយឯកជនម្នាក់ ព្រមព្រៀងប្រគល់វត្ថុសិល្បៈបុរាណខ្មែរទាំងអស់មកវិញ។

នៅក្នុងសេចក្ដីប្រកាសនោះបានបញ្ជាក់ថា លោក István Zelnik បានបង្កើតវិទ្យាស្ថានអាស៊ីអាគ្នេយ៍ ហុងគ្រី (Hungarian Southeast Asian Institute) នៅដើមទសវត្សរ៍ឆ្នាំ២០០០។ ក្រោមក្របខណ្ឌនៃវិទ្យាស្ថាននេះ ការស្រាវជ្រាវវិទ្យាសាស្ត្រសំខាន់ៗត្រូវបានអនុវត្តនៅតំបន់អង្គរ និងកោះកេរ ដោយមានការឧបត្ថម្ភថវិកាពីលោក Zelnik រួមទាំងការធ្វើអង្កេតបុរាណវិទ្យា ការស្រាវជ្រាវដោយបច្ចេកវិទ្យា (LiDAR) និងការសិក្សាប្រវត្តិសាស្ត្រ។ កិច្ចខិតខំប្រឹងប្រែង ទាំងនេះបានរួមចំណែកផងដែរដល់ការរៀបចំឯកសារដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ក្នុងចំណោមវត្ថុសិល្បៈខ្មែរសំខាន់ៗ ដែលបានព្រមព្រៀងប្រគល់មកកម្ពុជាវិញនាពេលនេះ មានជាអាទិ៍៖ វាយនភណ្ឌសូត្រខ្មែរចំនួន១៨៣ផ្ទាំង ដែលជាគំរូសូត្រខ្មែរដ៏ល្អពិចិត្រមួយ សម្រាប់សមុច្ច័យវាយនភណ្ឌរបស់សារមន្ទីរ ជាតិកម្ពុជា និងវត្ថុសម័យបុរេប្រវត្តិសាស្ត្រ ដូចជា៖ កាក់ អង្កាំ គ្រឿងអលង្ការ និងវត្ថុប្រើប្រាស់ធ្វើពីលោហៈធាតុមានតម្លៃ សំរិទ្ធ ថ្ម និងដីដុត ដែលភាគច្រើនត្រូវបានលួចនាំចេញពីកម្ពុជា ក្នុងអំឡុងសម័យសង្គ្រាមស៊ីវិលច្រើនទសវត្សរ៍កន្លងទៅ។ ក្នុងនោះដែរ ក៏មានសមុច្ច័យសំខាន់ៗមួយចំនួនទៀតដូចជា វត្ថុធ្វើពីថ្ម និងសំរិទ្ធ ក្នុងសម័យមុនអង្គរ និងសម័យអង្គរ។

លោក Zelnik បច្ចុប្បន្នលោកមានអាយុជាង៧០ឆ្នាំហើយ នាពេលកន្លងមក លោកក៏ធ្លាប់បានប្រគល់វត្ថុសិល្បៈខ្មែរមួយចំនួនជូនមកកម្ពុជាវិញ និងបានចូលរួមវិភាគទាន ដ៏សំខាន់ក្នុងគម្រោងស្រាវជ្រាវបុរាណវិទ្យា និងការបោះពុម្ពស្នាដៃស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនផងដែរពាក់ព័ន្ធនឹង បេតិកភណ្ឌវប្បធម៌ សិលាចារឹក និងសិល្បៈខ្មែរសម័យទំនើប។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា សន្តិភាព និងស្ថិរភាពនយោបាយ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ បាន ផ្ដល់ឱកាសឱ្យកម្ពុជាអាចនាំយកមកវិញនូវព្រលឹងដូនតាខ្មែរ និងរតនសម្បត្តិដ៏មានតម្លៃនានា ដែលបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំក្នុងអំឡុងនៃសង្គ្រាមច្រើនទសវត្សរ៍កន្លងទៅនេះ។ ទន្ទឹមនេះ លោកជំទាវក៏បានថ្លែង អំណរគុណជាទីបំផុតចំពោះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលយកចិត្តទុកដាក់ និងគាំទ យ៉ាងពេញទំហឹងចំពោះការការពារ អភិរក្ស និងលើកស្ទួយវប្បធម៌ អារ្យធម៌ជាតិ។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ថា ការប្រគល់ សម្បត្តិវប្បធម៌ខ្មែរជូនមកកម្ពុជាវិញដែលជាម្ចាស់ដើម គឺជាកាយវិការដ៏ថ្លៃថ្លាគួរឱ្យគោរព ដែលមិនត្រឹមតែបង្ហាញពី ក្រមសីលធម៌ ក្នុងការចូលរួមលើកតម្លៃដល់វប្បធម៌នៃជាតិសាសន៍មួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែក ដ៏ឧត្តុង្គឧត្តម ក្នុងការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិផងដែរ៕

Share.