ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារនៃការអនុវត្ត ផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ២០២៣ -២០២៧ របស់ក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសស្ថាបនា និងមានការអញ្ជើញចូលរួមយ៉ាងសស្រាក់សស្រាំពី លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន/ស្ថានីយ អនុប្រធាននាយកដ្ឋាន/ស្ថានីយ នាយការិយាល័យ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម អគ្គនាយក បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ដែលបានខិតខំប្រឹងប្រែងធ្វើបច្ចុប្បន្នភាពការងារធៀបនឹងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ បានយ៉ាងល្អប្រសើរ នាពេលកន្លងមក។
ទន្ទឹមនឹងការកោតសរសើរ ឯកឧត្តម អគ្គនាយក ក៏បានជំរុញយ៉ាងម៉ឺងម៉ាត់ដល់ថ្នាក់ដឹកនាំព្រមទាំងមន្រ្តីជំនាញទាំងអស់ ត្រូវតែពន្លឿន នូវការធ្វើបច្ចុប្បន្នភាពការងារធៀបនឹងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ទៅតាមអគ្គនាយកដ្ឋានពាក់ព័ន្ធទាំងអស់ ដើម្បី៖
- ធ្វើបទបង្ហាញ និងប្រមូលធាតុចូលពាក់ពន្ធ័។
- ធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រ បច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ធ្វើយ៉ាងណាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត និងឆាប់រហ័ស។
ការជំរុញនេះគឺដើម្បីធានាបាននូវប្រសិទ្ធភាពការងារខ្ពស់ ស្របតាមផែនការដែលក្រសួងមហាផ្ទៃបានដាក់ចេញ។
ជាចំណុចបិទបញ្ចប់ ឯកឧត្តម អគ្គនាយក ក៏បានស្នើដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ត្រូវតែចូលរួមកិច្ចសហការ ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីសម្រេចបាននូវគោលដៅរួមរបស់ក្រសួងប្រកបដោយជោគជ័យ៕

អត្ថបទ៖ត្រយង
