ភ្នំពេញ ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នេះ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបើកការបាញ់ប្រហារទ្រង់ទ្រាយធំសាជាថ្មីរបស់យោធាថៃមកលើកងកម្លាំងយោធាកម្ពុជា និងទីតាំងជនស៊ីវិលនៅតាមបណ្ដោយព្រំដែន ចាប់តាំងពីព្រឹកព្រលឹមថ្ងៃនេះ។ យោងតាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ការវាយប្រហារនេះបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ។

យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថា យោធាថៃបានបើកការវាយប្រហារនេះឡើងនៅក្នុងតំបន់ជាច្រើនដូចជា អានសេះ ប្រាសាទតាមាន់ធំ ប្រាសាទព្រះវិហារ ៥មករា ចំការចេក មុំបី ភ្នំខ្មោច គោល៨ ប្រាសាទតាក្របី និងប្រាសាទខ្នារ។

យោងតាមរបាយការណ៍លម្អិតពីក្រសួងការពារជាតិ សកម្មភាពបង្កហេតុរបស់ភាគីថៃបានកើតឡើងជាបន្តបន្ទាប់ចាប់ពីម៉ោង ០៤:០០ នាទីព្រឹក រហូតដល់ម៉ោង ១១:០០ នាទីព្រឹក ដោយមានការប្រើប្រាស់អាវុធធុនធ្ងន់ និងយន្តហោះចម្បាំង៖

  • ម៉ោង ០៥:០៤ នាទីព្រឹក៖ យោធាថៃបានចាប់ផ្តើមបាញ់កាំភ្លើងដៃ ចំនួន ២០-២៥ គ្រាប់ចេញពីខាងលិចផ្សារអានសេះ។
  • ម៉ោង ០៥:២៥ នាទីព្រឹក៖ ការបាញ់ប្រហារបានកើនឡើងដោយប្រើកាំភ្លើងដៃ និងកាំភ្លើងយន្ត ចំនួន ១០០-១២០ គ្រាប់។
  • ម៉ោង ០៦:២២ នាទីព្រឹក៖ យោធាថៃបានបន្តបាញ់កាំភ្លើងត្បាល់ចំនួន ៤ គ្រាប់ និងកាំភ្លើងយន្តថ្មើរជើងចូលខ្សែត្រៀមរបស់កងកម្លាំងកម្ពុជានៅតំបន់អានសេះ។
  • ម៉ោង ០៦:៥១ នាទីព្រឹក៖ ការវាយប្រហារបានឈានដល់ការប្រើប្រាស់រថក្រោះវាយចូលតំបន់ប្រាសាទតាមាន់។
  • ម៉ោង ០៧:៤០ នាទីព្រឹក៖ យោធាថៃបន្តបាញ់ប្រហារគ្រប់គោលដៅសំខាន់ៗ ដោយប្រើប្រាស់កាំភ្លើងធំ ១៥៥mm រថក្រោះ និងកាំភ្លើងត្បាល់គ្រប់ប្រភេទ។
  • ម៉ោង ០៨:១០ នាទីព្រឹក៖ ភាគីថៃបានបាញ់ផ្សែងពុលចូលទីតាំងនៅតំបន់ភ្នំខ្មោច និងបន្តបាញ់ផ្សែងពុលបន្ថែមនៅតំបន់ប្រាសាទព្រះវិហារនៅម៉ោង ០៨:១៤ នាទីព្រឹក។
  • ម៉ោង ០៩:០៥ នាទីព្រឹក៖ យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 វាយប្រហារមកលើកងកម្លាំងកម្ពុជានៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

គិតមកត្រឹមម៉ោង ១១:០០ នាទីព្រឹក យោធាថៃនៅបន្តបាញ់ប្រហារនៅឡើយ ដែលជាហេតុបង្ខំឱ្យប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារត្រូវជម្លៀសខ្លួនជាបន្ទាន់។ អាជ្ញាធរខេត្តបានជួយសម្របសម្រួលជម្លៀសជនស៊ីវិល ដែលក្នុងនោះមានការរាយការណ៍ពីជនស៊ីវិលរងរបួស និងផ្ទះសម្បែងឆេះអស់ជាច្រើនខ្នង

ការតាំងចិត្តរបស់កម្ពុជា និងការអំពាវនាវអន្តរជាតិ

កម្ពុជាបានគូសបញ្ជាក់ថា កងកម្លាំងកម្ពុជាមិនទាន់បានតបតអ្វីនៅឡើយទេ ដោយប្រកាន់ខ្ជាប់យ៉ាងខ្ពង់ខ្ពស់បំផុតនូវការគោរព និងការអនុវត្តបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

ក្រសួងការពារជាតិបានប្រកាសថ្កោលទោសចំពោះ “ទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ” ហើយបានចាត់ទុកថាជាការរំលោភបំពានលើកិច្ចព្រមព្រៀងសន្តិភាពយ៉ាងច្បាស់លាស់។ លើសពីនេះ ក្រសួងក៏បានច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិត និងការចោទប្រកាន់មួលបង្កាច់មកលើកម្ពុជាពីសំណាក់ភាគីថៃ ដែលមានចេតនាបង្វែរសាធារណមតិ។

កម្ពុជាសូមអំពាវនាវយ៉ាងម៉ឺងម៉ាត់ដល់សហគមន៍អន្តរជាតិ ឱ្យថ្កោលទោសចំពោះសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ និងទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ កម្ពុជាក៏បានអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិដោយសុច្ឆន្ទៈ។

កម្ពុជាប្តេជ្ញាចិត្តដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង៕

អត្ថបទ៖ត្រយង

Share.