ភ្នំពេញ៖ ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោងប្រមាណ ០៥:០៤ នាទី កម្លាំងយោធាថៃបានបើកការបាញ់ប្រហារលើកងកម្លាំងកម្ពុជា នៅតំបន់ អានសេះ បន្តទៅប្រាសាទតាមាន់ និងជាយព្រំដែនប្រាសាទព្រះវិហារ ដោយប្រើរថក្រោះបាញ់ចូលជាច្រើន។ ការវាយប្រហារនេះកើតមានបន្ទាប់ពីសកម្មភាពរំខានជាបន្តបន្ទាប់របស់ថៃច្រើនថ្ងៃមកហើយ។
គិតមកត្រឹមម៉ោង ១១:០០នាទីនេះ យោធាថៃនៅបន្តបាញ់ប្រហារមកលើកងទ័ព និងលើទីតាំងជនស៊ីវិលកម្ពុជានៅឡើយ។ កងកម្លាំងកម្ពុជាបាននឹងកំពុងបន្តតាមដានលើការវិវត្តនៃស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

សូមបញ្ជាក់ផងដែរថា ការបើកធ្វើការបាញ់ប្រហាររបស់យោធាថៃលើកនេះ គឺក្រោយពីបានធ្វើសកម្មភាពបង្កហេតុ ជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ជាមួយគ្នានេះ ខាងភាគីថៃបានបញ្ចេញនូវការផ្សព្វផ្សាយព័ត៌មានជាបន្តបន្ទាប់ ទាំងក្នុងបណ្តាញផ្លូវការ និងក្រៅផ្លូវការនូវព័ត៌មានមិនពិត ចោទប្រកាន់ មួលបង្កាច់មកលើកម្ពុជា ក្នុងចេតនាបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ និងយកមកធ្វើជាលេស ដើម្បីបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ។
លើសពីនេះទៅទៀត ការបាញ់ប្រហាររបស់យោធាថៃបានឈានចូលដល់ក្នុងភូមិរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ បណ្តាលឱ្យរបួសប្រជាជនស៊ីវិលមួយចំនួន និងឆេះផ្ទះសម្បែងប្រជាពលរដ្ឋស្លូតត្រូវអស់ជាច្រើនខ្នង ដែលធ្វើឱ្យប្រជាជន ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តជម្លៀសរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ។ ក្នុងនោះ អាជ្ញាធរខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ បានជួយសម្របសម្រួលជួយប្រជាពលរដ្ឋភៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់សុវត្ថិភាពផងដែរ។

ក្រសួងការពារជាតិបានឲ្យដឹងទៀតថា កងកម្លាំងកម្ពុជាមិនបានបាញ់តបឡើយ ដើម្បីរក្សាស្ថេរភាព និងបន្តតាមដានស្ថានការណ៍យ៉ាងប្រុងប្រយ័ត្ន។ ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងជាលើកទីពីរទៅកាន់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ហើយគ្រោងស្នើឲ្យ AOT ចុះពិនិត្យតំបន់ព្រឹត្តិការណ៍ ដើម្បីធានាតម្លាភាព និងភាពយុត្តិធម៌។

ក្រសួងការពារជាតិបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះ បង្ហាញយ៉ាងច្បាស់ការណ៍ដែលភាគីថៃបានរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ ចុះហត្ថលេខា ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។
កម្ពុជាអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសការរំលោភបំពានរបស់ថៃ និងទាមទារឲ្យភាគីថៃទទួលខុសត្រូវតាមសមរម្យ។ ដោយឡែក កម្ពុជាស្នើឲ្យថៃបញ្ឈប់រាល់អរិភាព ដែលអាចប៉ះពាល់ដល់សន្តិភាព និងស្ថេរភាពក្នុងតំបន់។ កម្ពុជាបន្តប្តេជ្ញាចិត្តគោរពកិច្ចព្រមព្រៀងទាំងឡាយ និងដោះស្រាយជម្លោះតាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាមួយនឹងការទទួលខុសត្រូវខ្ពស់បំផុត៕

