នៅព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្តម ផុន លីវីរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានជាអធិបតីបើក សិក្ខាសាលាជាតិអំពីយុទ្ធសាស្ត្រប្រាស្រ័យទាក់ទងក្នុងការផ្លាស់ប្ដូរឥរិយាបថក្នុងសង្គម ហៅកាត់ថា(SBCC) ដើម្បីពង្រីកការចុះបញ្ជីអត្រានុកូលដ្ឋាននៅកម្ពុជា។




ក្នុងពិធីនោះដែរ ក៏មានការអញ្ចើញចូលរួមពីអង្គការ Vital Strategies និងតំណាងអង្គការ OIF ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រី សមាជិក សមាជិកាជាច្រើនរូបទៀត។
ឯកឧត្តម ផុន លីវីរៈ បានលើកឲ្យដឹងថា ការចុះបញ្ជីអត្រានុកូលដ្ឋាន កំណើតរស់ មរណភាព និងអាពាហ៍ពិពាហ៍ ជាកាតព្វកិច្ចសំខាន់របស់ប្រជាជនគ្រប់រូប និងជាមូលដ្ឋានសម្រាប់ការកំណត់អត្តសញ្ញាណ។
ដើម្បីបង្កើនប្រសិទ្ធភាព អគ្គនាយកដ្ឋានកំពុងពង្រីក ការចុះបញ្ជីតាមប្រព័ន្ធអេឡិចត្រូនិក (CRS) ទៅខណ្ឌច្បារអំពៅនៅខែធ្នូ ២០២៥ និងរៀបចំដាក់ដំណើរការផ្លូវការនៅរាជធានីភ្នំពេញក្នុងត្រីមាស ១ ឆ្នាំ ២០២៦។ ក្រៅពីនេះ ក៏បានអនុវត្តសាកល្បងគម្រោង SBCC នៅខេត្តរតនគីរី និងស្ទឹងត្រែង ដែលទទួលបានលទ្ធផលល្អក្នុងការកែលម្អអត្រាចុះបញ្ជី។








សិក្ខាសាលានេះមានគោលបំណងសំខាន់ៗ ៤ចំណុចរួមមាន៖
- បង្កើនការយល់ដឹងអំពីយុទ្ធសាស្ត្រប្រាស្រ័យទាក់ទង និងគាំទ្រការអនុវត្តច្បាប់អត្រានុកូលដ្ឋាន
- ពិនិត្យ និងពង្រឹងរចនាសម្ព័ន្ធអភិបាលកិច្ច និងកិច្ចសហការនានា
- ពង្រីកយន្តការទំនាក់ទំនង និងសម្របសម្រួល ក្នុងការផ្លាស់ប្ដូរឥរិយាបថរបស់សហគមន៍
- រៀបចំផែនការអនុវត្ត SBCC ឱ្យសមស្របជាមួយការដាក់ឲ្យប្រើ CRS ក្នុងឆ្នាំ ២០២៦
ឯកឧត្តម បានលើកទឹកចិត្តដល់សិក្ខាកាម ឱ្យខិតខំសិក្សា និងនាំចំណេះដឹងទៅអនុវត្តនៅមូលដ្ឋាន ដើម្បីពង្រឹងការចុះបញ្ជីអត្រានុកូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់ជាងមុន៕





