ព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញសេចក្តីបំភ្លឺជុំវិញករណីផ្ទុះអាវុធកាលពីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា ជាវិធានការចាំបាច់ក្នុងការបង្ក្រាបរថយន្តមួយគ្រឿងដែលបើកបរដោយជនជាតិចិន ដោយសង្ស័យប្រើប្រាស់រថយន្តខុសច្បាប់ និងបានដោះស្លាកលេខចេញ។


តាមការបញ្ជាក់របស់សមត្ថកិច្ច ករណីនេះបានកើតឡើងបន្ទាប់ពីម្ចាស់រថយន្តបានស្នើសុំអន្តរាគមន៍ ដោយអះអាងថា រថយន្តរបស់ខ្លួនត្រូវបានបុគ្គលផ្សេងយកទៅប្រើប្រាស់ ហើយអ្នកបើកបរមិនមែនជាអ្នកជួលរថយន្តស្របច្បាប់នោះទេ។ ក្រោយទទួលព័ត៌មាន កម្លាំងជំនាញបានសហការតាមដានទីតាំង និងព្យាយាមឃាត់រថយន្តដើម្បីត្រួតពិនិត្យ ប៉ុន្តែអ្នកបើកបរមិនព្រមសហការ និងបានបើករថយន្តគេចខ្លួនយ៉ាងប្រថុយប្រថាន បង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរលើដងផ្លូវ ដោយបុកយានយន្តប្រជាពលរដ្ឋជាច្រើនគ្រឿង និងព្យាយាមគៀរកម្លាំងសមត្ថកិច្ច។

ដើម្បីបញ្ឈប់សកម្មភាពគ្រោះថ្នាក់នេះ និងការពារសុវត្ថិភាពសាធារណៈ សមត្ថកិច្ចបានប្រើប្រាស់វិធានការផ្ទុះអាវុធសំដៅបំបែកកង់រថយន្ត ប៉ុន្តែជនសង្ស័យនៅតែបន្តបើកគេចខ្លួន រហូតដល់ត្រូវបានឃាត់បាននៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ជនសង្ស័យឈ្មោះ LIN XIN ភេទប្រុស ជនជាតិចិន ត្រូវបានឃាត់ខ្លួន និងនាំទៅសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់។ ការត្រួតពិនិត្យជាបឋមក្នុងរថយន្ត មិនបានរកឃើញអាវុធ ឬវត្ថុខុសច្បាប់ណាមួយឡើយ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងចាត់ការតាមនីតិវិធីច្បាប់ ខណៈស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអំពាវនាវឱ្យសាធារណជនទទួលព័ត៌មានពីប្រភពផ្លូវការដើម្បីជៀសវាងការយល់ច្រឡំ៕
អត្ថបទ៖ ក្រុងព្រះសីហនុ

