កំពុងតែជាប់ដៃឈ្លានពានកម្ពុជា ស្រាប់តែមានដំណឹងថ្មីៗចេញផ្សាយ ដោយនាយកដ្ឋានឧតុនិយមថៃ បានព្យាករណ៍នៅថ្ងៃព្រហស្បតិ៍ នេះថា នឹងមានព្យុះភ្លៀងធ្លាក់ខ្លាំងរាយប៉ាយពាសពេញប្រទេសថៃ។
តាមការព្យាការណ៍ នឹងមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគខាងត្បូង ហើយខេត្តចំនួន៣០ រួមទាំងនៅភាគឦសាន ភាគខាងកើត និងភាគកណ្តាល ក៏ដូចជាក្រុងបាងកកផងនោះ ទំនងជារងផលប៉ះពាល់
ខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។

ប្រជាពលរដ្ឋថៃ ដែលនៅតំបន់អាចនឹងរងគ្រោះ ត្រូវបានណែនាំឱ្យថែរក្សាសុខភាពដោយសារអាកាសធាតុប្រែប្រួល ហើយអ្នកបើកបរយានយន្តត្រូវមានការប្រុងប្រយ័ត្ននៅពេលបើកបរឆ្លងកាត់តំបន់ដែលមានអ័ព្ទ។ កសិករគួររៀបចំការពារដំណាំពីការខូចខាតដែលអាចកើតមាន។

បាតុភូតនេះ កើតឡើងដោយសារតែប្រព័ន្ធសម្ពាធខ្ពស់ចុះខ្សោយ ដែលស្ថិតនៅពីលើសមុទ្រចិនខាងត្បូងផ្នែកខាងក្រោម ស្របពេលដែលខ្យល់បក់ពីភាគអាគ្នេយ៍កំពុងនាំសំណើមមកលើភាគឦសានផ្នែកខាងក្រោម និងឈូងសមុទ្រថៃផ្នែកខាងលើ។ ចំណែកឯតំបន់ភាគខាងត្បូង ភ្លៀងនឹងធ្លាក់កាន់តែខ្លាំងជាងធម្មតា ហើយខ្យល់មូសុងឦសាន ដែលបក់ពីលើឈូងសមុទ្រ លើតំបន់ភាគខាងត្បូង និងសមុទ្រអាន់ដាម៉ាន់។

មិនត្រឹមតែបញ្ហាភ្លៀង គ្រោះទឹកជំនន់ប៉ុណ្ណោះទេ បញ្ហាគុណភាពខ្យល់ពុលក៏កំពុងញាំញីទីក្រុងបាងកកផង ដែលជាបេះដូងនៃប្រទេសថៃដែរ ទោះបីកម្រិតគ្រោះថ្នាក់មិនទាន់ឡើងដល់ពណ៌ក្រហមក៏ពិតមែន ប៉ុន្ដែវាឈានដល់កម្រិតពណ៌ទឹកក្រូចហើយ ដែលបានសេចក្ដីថា គឺបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពពិសេសអ្នកដែលមានបញ្ហាផ្លូវដង្ហើម យ៉ាងណាមិញកាលពីថ្ងៃពុធ ម្សិលមិញខ្យល់ពុល PM2.5 បានឈានដល់កម្រិតគ្រោះថ្នាក់ដល់សុខភាព គ្របដណ្តប់លើខ័ណ្ឌចំនួន៤។

សូមរំលឹកឡើងវិញថា ប្រទេសដែលកំពុងតែបំពានលើកម្ពុជា ដោយល្មើសនឹងច្បាប់អន្តរជាតិមួយនេះ កាលពីដើមខែធ្នូ នេះ ទើបតែបានស្បើយពីគ្រោះមហន្ដរាយធម្មជាតិ ដែលបង្កឱ្យ ស្លាប់ របួស និងបាត់ខ្លួនប្រជាជនជាច្រើន ដោយការរងគ្រោះលើកនេះក៏បង្កើតឱ្យបញ្ហាចម្រូងចម្រាសនយោបាយ ព្រោះពលរដ្ឋថៃភាគច្រើនចោទថា រដ្ឋាភិបាលថៃ ក្រោមការដឹកនាំដោយនាយករដ្ឋមន្ត្រីស្ទើភ្លើង អនុទិន គ្មានផែនការច្បាស់លាស់ និងខ្វះការយកចិត្តទុកដាក់លើសុខទុក្ខប្រជាជន ទើបបណ្ដាលឱ្យមានការធ្វេសប្រហែស រហូតស្លាប់មនុស្សជាច្រើនបែបនេះ។ ទោះជាយ៉ាងនេះក្ដី ថៃ មិនទាន់គេចផុតពីគ្រោះមហន្ដរាយឡើយ ដោយកំពុងត្រៀមខ្លួនទទួលរងនឹងគ្រោះធម្មជាតិជាថ្មីម្ដងទៀត៕

ប្រភព៖ The Nation

Share.