ភ្នំពេញ៖ ស្ថានការណ៍នៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ មានភាពតានតឹងខ្លាំង ខណៈភាគីថៃបានបន្តសកម្មភាពបាញ់ប្រហារ និងប្រើប្រាស់អាវុធធ្ងន់ជាច្រើនប្រភេទ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា។

តាមរបាយការណ៍របស់ក្រសួងការពារជាតិបានឲ្យដឹងថា ចាប់ពីម៉ោង ៤:៣០នាទី ព្រឹក យោធាថៃបានបាញ់ភ្លើងក្រហម និងបាញ់ផ្លោងជាបន្តបន្ទាប់ចូលភូមិសាស្រ្តភូមិជោគជ័យ និងភូមិព្រៃចាន់។ បន្តមក ចន្លោះម៉ោង ៤:៣០នាទី ដល់ ៥:១៦នាទី យោធាថៃនៅតែបន្តបាញ់ផ្លោងចូលភូមិសាស្រ្តបឹងត្រកួន ភូមិព្រៃចាន់ និងភូមិជោគជ័យ ដោយមិនមានការឈប់សម្រាក។

នៅម៉ោង ៥:០២នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ ចូលភូមិសាស្រ្តបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ បន្ទាប់មក ចន្លោះម៉ោង ៥:៣០នាទី ដល់ ៦:០៤នាទី យោធាថៃបានប្រើកាំភ្លើងធំប្រភេទ ១៥៥ ម.ម បាញ់ផ្លោងប្រមាណ ២០គ្រាប់ ចូលភូមិសាស្រ្តសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ក្នុងអំឡុងពេលដដែលនេះ យោធាថៃបានបន្តបាញ់ផ្លោងយ៉ាងសន្ធាប់ចូលភូមិសាស្រ្តបឹងត្រកួន ភូមិព្រៃចាន់ និងភូមិជោគជ័យ ព្រមទាំងបាញ់ផ្លោងជ្រំចូលតំបន់ខាងក្រោយភូមិសាស្រ្តទាំងនេះផងដែរ។ នៅម៉ោង ៦:២០នាទី យោធាថៃបានប្រើកាំភ្លើងធំ ១៥៥ ម.ម បាញ់ផ្លោងចំនួន ៤គ្រាប់ ចូលភូមិសាស្រ្តឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ចាប់ពីម៉ោង ៦:០៥នាទី រហូតដល់ម៉ោង ៧:៥២នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថពាសដែក និងរថក្រោះ បានព្យាយាមរុលមកខាងមុខភូមិសាស្រ្តភូមិព្រៃចាន់ និងបឹងត្រកួន។ លើសពីនេះ នៅម៉ោង ៧:០៣នាទី យោធាថៃបានបាញ់ផ្សែងពុលលើភូមិសាស្រ្តភូមិព្រៃចាន់ បង្កឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ និងបង្កការព្រួយបារម្ភដល់សុវត្ថិភាពប្រជាពលរដ្ឋក្នុងតំបន់។

ស្ថានការណ៍ខាងលើបង្ហាញឲ្យឃើញថា ភាគីថៃនៅតែបន្តសកម្មភាពយោធាដែលរំលោភលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ធ្វើឲ្យស្ថានការណ៍តាមបន្ទាត់ព្រំដែននៅតែស្ថិតក្នុងភាពតានតឹងខ្លាំង។ ជាមួយគ្នាកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាយ និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។


Share.