កំពង់ចាម៖ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញចុះប្រគល់ផ្ទះមនុស្សធម៌ទី៣០ និងទី៣១ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនជនមានពិការភាពគ្មានទីពឹង និងយុវតីទុរគត នៅសង្កាត់សំបួរមាស និងសង្កាត់បឹងកុក ក្រុងកំពង់ចាម។

ពិធីនេះ មានការនិមន្តចូលរួមពីព្រះអនុគណក្រុងកំពង់ចាម តំណាងព្រះមេគណខេត្ត ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាក្រុង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ផ្ទះមនុស្សធម៌ទាំងពីរខ្នង ត្រូវបានប្រគល់ជូន៖ ១- លោក ប៉ូ រី អាយុ៥១ឆ្នាំ ជនមានពិការភាព រស់នៅភូមិបឹងស្នាយ សង្កាត់សំបួរមាស។ ២- យុវតីកំព្រា ចាន់ ស្រីទន់ អាយុ២៤ឆ្នាំ រស់នៅភូមិបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម លោក ប៉ូ រី ជាជនមានពិការភាពដោយជំងឺលើសឈាម បណ្តាលឲ្យស្វិតជើងខាងឆ្វេង ដើរមិនរួច រស់នៅក្នុងស្ថានភាពលំបាកជាមួយប្រពន្ធជរា និងកូនស្រីកំពុងសិក្សា ដោយគ្មានមុខរបរច្បាស់លាស់ និងពឹងផ្អែកលើប័ណ្ណសមធម៌ និងការជួយឧបត្ថម្ភពីអ្នកជិតខាង។




ចំណែកយុវតី ចាន់ ស្រីទន់ ជាកូនកំព្រា តស៊ូរស់នៅយ៉ាងលំបាក ក្រោយបាត់បង់ជីដូនដែលជាអ្នកចិញ្ចឹមបីបាច់ ហើយបច្ចុប្បន្នបម្រើការងារនៅសាលាសង្កាត់ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត និងផ្គត់ផ្គង់ការសិក្សារបស់ប្អូន។ ដោយមើលឃើញពីស្ថានភាពលំបាកខ្លាំងនេះ ឯកឧត្តម អ៊ុន ចាន់ដា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ពីដី ប្រក់ស័ង្កសីភ្លីធំ ទំហំ ៤ម៉ែត្រ × ៦ម៉ែត្រ ចំនួន២ខ្នង រួមជាមួយបង្គន់អនាម័យ តម្លៃសរុបប្រមាណជិត ១២លានរៀល ជាថវិកាបដិភាគរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្ត សាលាគណ អនុសាខា ព្រះសង្ឃ និងសប្បុរសជន។

លើសពីនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ក៏បានផ្តល់សម្ភារឧបភោគបរិភោគ និងថវិកាជួយសម្រាលជីវភាព ក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០គីឡូក្រាម ត្រីខ ២០កំប៉ុង មី ២កេស ទឹកត្រី ទឹកស៊ីអ៊ីវ ឃីត សម្ភារដំណេក សម្ភារផ្ទះបាយ និងថវិកា ២០ម៉ឺនរៀលផងដែរ។
ដោយឡែក ប្រជាពលរដ្ឋចូលរួមជាសាក្សីក្នុងពិធីចំនួន ២០នាក់ ក៏ទទួលបានសម្ភារឧបត្ថម្ភ និងថវិកា ក្នុងម្នាក់ៗ ២០,០០០រៀល ដើម្បីជាការចែករំលែកនូវក្តីស្រឡាញ់ និងសាមគ្គីភាពសង្គម ៕




អត្ថបទ÷អាចារ្យលាក់

