ករណីស្អុយង៉ោងនៅប្រទេសថៃ និងកំពុងតែមានការជជែកវែកច្រើន មិនសូវជាមានពលរដ្ឋថៃ ឬបណ្ដាញសារព័ត៌មានថៃ ចង់ផ្សព្វផ្សាយឱ្យដឹងនោះឡើយ នោះគឺករណីមានការរិះគន់នៅលើបណ្ដាញសង្គមពាក់ព័ន្ធនឹងឥរិយាបថរបស់ក្រុមអ្នកថតរូបម្ចាស់ស្រុក នៅបរិវេណវត្តអរុណរាជវរារាម រាជវរមហាវិហារ ដែលមានលក្ខណៈបិទខ្ទប់ និងរារាំងភ្ញៀវទេសចរដទៃទៀតមិនឱ្យចូលក្នុងតំបន់សាធារណៈ ដើម្បីផ្តល់អាទិភាពដល់អតិថិជនដែលជួលខ្លួនថតរូប រហូតបង្កឱ្យមានការមិនពេញចិត្តដល់ភ្ញៀវទេសចរទាំងជនជាតិថៃ និងបរទេស។

យ៉ាងណាមិញក្រោយផ្ទុះនូវការជជែកវែកញែកនេះ ទើបគេឃើញមានសមត្ថកិច្ចនគរបាលចរាចរណ៍ថៃ ចុះទៅរៀបចំសណ្ដាប់ធ្នាប់និងផ្ដល់នូវការអប់រំចំពោះ“ក្រុមអ្នកថតរូបនៅវត្តអរុណ” ដើម្បីកសាងទំនុកចិត្តដល់ភ្ញៀវទេសចរណ៍ដែលក្រែងរអាចំពោះភាពទំនើងនៃក្រុមអ្នករកស៊ីថតរូបនៅទីតាំងទេសចរណ៍បែបសាសនាមួយនេះ។

យោងតាមសារព័ត៌មានក្នុងស្រុកថៃ កាលពីពេលថ្មីៗនេះ ពួកគេបានចុះទៅពិនិត្យបរិយាកាសជុំវិញវត្តអរុណ និងបានរកឃើញថា នៅតែមានក្រុមអ្នកថតរូបផ្តល់សេវាកម្មដល់ភ្ញៀវទេសចរជាធម្មតា ប៉ុន្តែអ្វីដែលផ្លាស់ប្តូរនោះគឺមានវត្តមានមន្ត្រីនគរបាល ទាំងមកពីប៉ុស្តិ៍នគរបាលក្នុងតំបន់ និងនគរបាលទេសចរណ៍ បានដើរល្បាតពិនិត្យសណ្តាប់ធ្នាប់យ៉ាងតឹងរ៉ឹង។

ក្រោយផ្ទុះរឿងអាស្រូវដែលបង្កការឈឺក្បាលដល់ភ្ញៀវទេសចរណ៍ ហើយធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិផងនោះ មេបញ្ជាការនគរបាលទេសចរណ៍ បានចេញបញ្ជាបន្ទាន់ឱ្យអង្គភាពក្រោមឱវាទ ចុះត្រួតពិនិត្យការពិត និងទប់ស្កាត់ហេតុការណ៍មិនឱ្យរីករាលដាល ដោយបានប្រគល់ភារកិច្ចឱ្យកងអនុសេនាធំទី១ នៃកងពលតូចនគរបាលទេសចរណ៍ទី១ ចុះទៅអនុវត្តការងារជាបន្ទាន់។
នៅក្នុងថ្ងៃដដែលនោះ ក៏មានការរៀបចំកិច្ចប្រជុំពិភាក្សាគ្នារវាងភាគីពាក់ព័ន្ធ ៣ រួមមាន៖

  1. គណៈកម្មការគ្រប់គ្រងវត្ត
  2. អ្នកប្រកបរបរថតរូបក្នុងប្រព័ន្ធ
  3. មន្ត្រីនគរបាល ដើម្បីកំណត់គោលការណ៍ណែនាំក្នុងការផ្តល់សេវាកម្មឱ្យមានភាពសមស្រប និងមានសណ្តាប់ធ្នាប់បំផុត។

ប្រតិបត្តិការលើកនេះ ត្រូវបានលោកមេបញ្ជាការកងអនុសេនាធំទី១ បានបង្ហើបឱ្យដឹង ថា គឺជាការជួបពិភាក្សាជាមួយតំណាងវត្តអរុណ ដើម្បីកំណត់វិធានការការពារ និងដោះស្រាយបញ្ហាដែលប៉ះពាល់ដល់សុវត្ថិភាព និងភាពពេញចិត្តរបស់ភ្ញៀវទេសចរ ដោយសង្កត់ធ្ងន់លើការរៀបចំតំបន់ថតរូប និងការងាររបស់ក្រុមអ្នកថតរូបឱ្យមានប្រព័ន្ធ មានតម្លាភាព និងផ្តល់យុត្តិធម៌ដល់គ្រប់ភាគី។

ទន្ទឹមនឹងនេះ អាជ្ញាធរក៏បានធ្វើការផ្សព្វផ្សាយ និងស្នើសុំកិច្ចសហការពីតំណាងអ្នកថតរូបក្នុងវត្តអរុណ ឱ្យជួយសម្រួលដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដោយសុជីវធម៌ រួសរាយរាក់ទាក់ និងមិនបង្កការរំខាន ដើម្បីរួមគ្នាលើកកម្ពស់ស្តង់ដារទេសចរណ៍ និងស្តារទំនុកចិត្តដល់ភ្ញៀវទេសចរដែលមកទស្សនាទីតាំងដ៏សំខាន់របស់ប្រទេសថៃមួយនេះ។

សាច់រឿងនៅក្នុងវត្តអារុណនេះវាគ្រាន់តែជាសាច់រឿងតូចមួយ ដែលស្ដែងឱ្យឃើញពីចំណុចខ្មៅកខ្វក់ក្នុងវិស័យទេសចរណ៍ថៃ ដែលថៃព្យាយាមប្រឹងបិទបាំង រឿងអាក្រក់របស់ខ្លួន ហើយបំផុសនិងបង្កើតសាច់រឿងរួចផ្សព្វផ្សាយអាក្រក់ពីប្រទេសគេផ្សេង ដើម្បីទាញយកផលចំណេញឱ្យប្រទេសខ្លួន ដោយចង់បង្ហាញថា ថៃជាប្រទេសល្អ សេវាកម្មល្អ មានសុខសុវត្ថិភាព ប៉ុន្តែចំពោះអ្នកជួបផ្ទាល់ និងតាមដានព័ត៌មានសុទ្ធតែជ្រាបច្បាស់ហើយថា មានជនបរទេសមិនតិចនោះទេ ដែលរងគ្រោះព្រោះការឆបោក ខាតបង់ប្រាក់ និងខ្លះរងគ្រោះដល់ថ្នាក់របួសដោយសារមិនយល់ព្រមតាមការទារជំរិតលុយពីសំណាក់ជនជាតិថៃ ដែលជាមេកាងតំបន់ជាដើម៕

Share.