កីឡាករ Miura ខ្សែបម្រើដែលមានវ័យចំណាស់ជាងគេលើពិភពលោក បានបន្តចុះកុងត្រាបន្តអាជីព​ជាមួយក្លិប Fukushima United សមាជិកលីគទី៣ នៃប្រទេសជប៉ុន សម្រាប់រដូវកាលថ្មី ឆ្នាំ២០២៦។

Kazuyoshi Miura ត្រូវគេស្គាល់ថា King Kazu បច្ចុប្បន្នមានវ័យ ៥៨ឆ្នាំ នៅតែបន្តបង្ហាញខ្លួននៅ​លើ​ទីលាន​បាន ទោះមានវ័យចាស់ក៏ដោយ។

បុរសវ័យចាស់ម្នាក់នេះ ដែលមានដើមកំណើតនៅខេត្ត​ Shizuoka ជាតំបន់ដែលមានប្រជាជន​ច្រើន​ជាងគេបំផុតនៅក្នុងទីក្រុង រូបលោកបានចាប់​ផ្ដើម​អាជីព​ជាកីឡាករ​បាល់ទាត់​ដំបូងគេនៅ​ក្លិប Santos លីគ​កំពូល​របស់​ប្រទេសប្រេស៊ីល ក្នុងឆ្នាំ១៩៨៦ ហើយក៏បន្តលេងឱ្យក្លិប Palmeiras, Matsubara, Jaú, Coritiba ជាដើម។

លុះដល់ឆ្នាំ១៩៩០ ទើបគាត់ទៅលេងឱ្យក្លិប Tokyo Verdy លីគទី២របស់ប្រទេសជប៉ុន បន្ទាប់មក​ Miura ត្រូវ​បាន​ក្លិប Genoa លីគកំពូលអ៊ីតាលីខ្ចីជើង ចំនួន១រដូវកាលនៅឆ្នាំ១៩៩៤ និងបន្តផ្លាស់ទីកាន់ក្លិប Dinamo Zagreb លីគកំពូលរបស់ប្រទេសក្រូអាស៊ី។

អ្វីកាន់តែពិសេស Miura​ លេងឱ្យក្លិប Yokohama FC ដល់ទៅ១៧រដូវកាលឯណោះ ពោលគឺ​ចាប់​តាំង​ពី​ឆ្នាំ ២០០៥ នៅពេលដែលលោកទើបតែមានវ័យ៣៦ឆ្នាំ។

បើនិយាយពីការបង្ហាញខ្លួនសរុបរបស់ King Kazu ឱ្យក្លិបដែលលោកធ្លាប់ប្រកបអាជីពនោះគឺគិត​ចាប់តាំងពី​ឆ្នាំ១៩៨៦ ដល់ឆ្នាំ២០២៥នេះ ៧៨៦ប្រកួត ហើយគ្រាប់សរុបដែលគាត់រកបានគឺ ២០៤គ្រាប់។

ខណៈក្នុងក្រុមជម្រើសជាតិជប៉ុន Kazuyoshi Miura ធ្លាប់ជាប់តាំងពីឆ្នាំ១៩៩០ ដល់ឆ្នាំ ២០០០ ដោយ​រូបគេ​បានបង្ហាញខ្លួនសរុប ៨៩ប្រកួត និងស៊ុតបញ្ចូលទីបាន ៥៥គ្រាប់ ហើយ​ខ្សែ​ប្រយុទ្ធ​វ័យ​៥៥​ឆ្នាំ​រូប​នេះ​ក៏​ធ្លាប់​លេង​ឲ្យជម្រើសជាតិជប៉ុន Futsal ផងដែរ ដោយបង្ហាញខ្លួនបាន ៦ប្រកួត និងរកបាន ១គ្រាប់។

គួរដឹងថាកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ខ្សែប្រយុទ្ធ Kazuyoshi Miura បានបំបែក​កំណត់ត្រា​ពិភពលោក Guinness World Records ក្នុងនាមជាកីឡាករវ័យចំណាស់​ជាងគេដែល​អាចស៊ុត​បាល់​បញ្ចូល​ទីក្នុងក្របខណ្ឌបាល់ទាត់អាជីពរបស់ប្រទេសជប៉ុន ឱ្យក្លិបបាល់ទាត់ Suzuka Point Getters ក្នុងវ័យ​៥៥​ឆ្នាំ និង២៤៦ថ្ងៃ៕

Share.