ក្រុមវិសាខា ឡើងមកឈរនៅតំបន់ក្រុមខ្លាំងទាំង៦ ឬហៅថា Top 6 វិញ ក្រោយយកឈ្នះលើក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ១-២ ក្នុងជំនួបសប្តាហ៍ទី១៥ នៃជម្រើសជើងឯក ពានរង្វាន់លីគកំពូល កម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៥-២៦។

ស្របពេលកីឡាករ លីម ពិសុទ្ធ ម្ចាស់អាវលេខ១៧ រកគ្រាប់បាល់ដំបូងឱ្យវិសាខា និងបានជួយវិសាខា ឈ្នះព្រះខ័នរាជស្វាយរៀង ដោយលទ្ធផលពេញ៩០នាទី ១-២ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ កន្លងទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។

សម្រាប់ក្រុមវិសាខា នៅសល់ប្រកួតសំខាន់ៗនៅក្នុងដៃ ច្រើនទៀតដោយនៅសប្តាហ៍ទី១៦ ត្រូវប៉ះគិរីវង់សុខសែនជ័យ, សប្តាហ៍ទី១៧ ប៉ះ អាយអេសអាយដង្កោសែនជ័យ, សប្តាហ៍ទី១៨ ប៉ះ ណាហ្គាវើលដ៍, សប្តាហ៍ទី១៩ ប៉ះ អង្គរថាយហ្កឺ, សប្តាហ៍ទី២០ ប៉ះ បឹងកេត និងសប្តាហ៍ទី២១ ត្រូវប៉ះក្រុមភ្នំពេញក្រោន ។
នេះជាតារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី១៥

ពានរង្វាន់ លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលថ្មី ឆ្នាំ២០២៥-២០២៦ បានចាប់ការប្រកួតសប្តាហ៍ទី១ នៅថ្ងៃថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ២០២៥ ដោយមានសមាជិកក្រុម ១១ចូលរួមប្រកួតប្រជែង រួមមាន៖ ឡាយ ខេត្តព្រះសីហនុ បឹងកេត កងយោធពលខេមរភូមិន្ទ វិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ អឹម អូ អាយ កំពង់ដេវ៉ា អង្គរថាហ្កឺរ អាយអេសអាយ ដង្កោសែនជ័យ និងគិរីវង់សុខសែនជ័យ៕

