គណៈកម្មការរៀបចំការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ លើកទី១៩ ឆ្នាំ២០២៥-២៦ បានចាប់ឆ្នោតចាប់គូដើម្បីប្រកួតគ្នាវគ្គ១៦ក្រុមរួចរាល់ខផ្លូវការ ក្នុងនោះដែរគណៈកម្មការរៀបចំការប្រកួត ក៏បានចេញ​បទបញ្ញត្តិថ្មី ដែលខុសប្លែកពីការប្រកួតលើកទី១៨ ឆ្នាំ២០២៤-២៥ ។

សារព័ត៌មានត្រយង សូមជម្រាបជូនប្រីយមិត្តពីបទបញ្ញត្តិថ្មីខ្លះៗ មុនការប្រកួតមកដល់៖

ទី១) ក្រុមទាំង១៦ ដែលជាសមាជិក អាច​ចុះ​ឈ្មោះ​កីឡាករ​បរទេស​បានចំនួន​៦នាក់

ទី២) ក្រុម​នីមួយ​ៗ​អាច​ចុះ​ឈ្មោះ​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ​ បានចំនួន១នាក់

ទី៣) គ្រូបង្វឹក​ត្រូវ​មាន​សញ្ញាប័ត្រ​ទាប​បំផុត​កម្រិត​ C​ License

ទី៤) ក្រុម​នីមួយ​ៗ​អាច​ដាក់​កីឡាករ​បរទេស​លេង​នៅ​លើ​ទីលាន​ប្រកួតបានចំនួន៤នាក់ និង​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ​ ១នាក់

​សម្រាប់ក្រុម​ទាំង ១៦ ដែល​នឹង​ត្រូវ​ប្រកួត​ថ្នាក់​ជាតិ រួម​មាន៖ ព្រះខ័ន​រាជស្វាយរៀង, ភ្នំពេញក្រោន, អង្គរថាយហ្គឺរ, បឹងកេត, ណាហ្គាវើលដ៍, អឹមអូអាយ កំពង់ដេវ៉ា, វិសខា, កងយោធពលខេមរភូមិន្ទ, គិរីវង់​សុខសែនជ័យ, អាយអេសអាយ ដង្កោសែនជ័យ, ឡាយហ្វ ខេត្តព្រះសីហនុ, មន្ទីរ អយក ខេត្តកំពង់​ចាម, ឡាយ​អ៊ិនឃីង ខេត្តសៀម​រាប, សមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ, ភ្នំពេញ ហ្គាឡាក់ស៊ី និងបាត់ដំបង យូណៃធីត ។

ចំពោះកម្មវិធីប្រកួតគឺគ្រោង​នឹងចាប់ផ្តើមពីថ្ងៃទី២១​ ខែមករា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដោយតម្រូវ​ឱ្យ​ក្រុមទាំង១៦ ​​ប្រកួត​ប៉ះដៃគូចំនួន២ជើង ក្នុងនិងក្រៅដី។ ចំនួនក្រុមដែលមានគ្រាប់បាល់ច្រើនជាងគេសរុបទាំងពីរជើង នឹងឡើងទៅវគ្គបន្ត ពីវគ្គ​១៦ក្រុម ដល់​​វគ្គ​ពាក់​​កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈវគ្គ​ផ្តាច់​ព្រ័ត្រ គឺ​ធ្វើ​តែ​​មួយ​ជើងទេ នៅទឹកដីកណ្តាល ។

​សូមរំឭកថា ក្រុម​មន្ទីរ អយក ខេត្តកំពង់​ចាម ​ម្ចាស់​ជើង​ឯក​ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ២០២៥-២៦ ក្រោយ​​យក​ឈ្នះក្លិបបាល់ទាត់ឡាយ​អ៊ិនឃីង ខេត្តសៀម​រាប ២-១ នៅ​វគ្គផ្ដាច់ព្រ័ត្រ ក្នុង​ពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ កាលពី​ថ្ងៃទី២១ ធ្នូ ២០២៥។

សម្រាប់​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន (18th Hun Sen Cup) ថ្នាក់ជាតិ ត្រូវ​រៀបចំឡើង​តាំង​ពី​ឆ្នាំ២០១៧ ដែល​ធ្វើ​ឡើង​ជារៀង​រាល់​ឆ្នាំ ដោយ​ព្រះខ័ន​រាជស្វាយរៀង ឈ្នះជើង​ឯក​បាន​ច្រើន​ជាង​គេ ៥លើក ក្រសួង​ការពារជាតិ បាន ៣លើក វិសាខា បាន​ ៣លើក ភ្នំពេញ​ក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕

Share.