ស្រុកល្វាឯម គ្រោងនឹងរៀបចំពានរង្វាន់បាល់ទាត់មួយ ដើម្បីប្រមូល មូលនិធិ និងស្បៀង ជូនដល់គ្រួសារកងទ័ពជួរមុខដែលមានស្រុកកំណើតនៅស្រុកល្វាឯម ផ្ទាល់ ខណៈការប្រកួតគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ខាងមុខ នៅវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ស្ថិតនៅភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល ។

លោក ស៊ុក ប៊ុនថេត ប្រធានគណៈកម្មការរៀបចំការប្រកួតប្រចាំស្រុកល្វាឯម បានថ្លែងប្រាប់សារព័ត៌មានត្រយង ថា «ដោយមើលឃើញពីការលះបង់របស់កងទ័ពជួរមុខ ដែលខិតខំការពារព្រំដែននៅអំឡុងពេលនៃការឈ្លាន​ពានពីសំណាកយោធាថៃ មកលើដែនដីកម្ពុជា ទើបបងប្អូនកងទ័ពដែលមានស្រុកកំណើតនៅស្រុកល្វាឯម ត្រូវឃ្លាតឆ្ងាយពីគ្រួសារ ដើម្បីបម្រើជាតិ។ ខណៈគិតចាប់តាំងពីខែតុលា ឆ្នាំ២០២៥ មកមិនមានការរៀបចំប្រកួតពានរង្វាន់​ណាមួយឡើយ ក្រោមមូលហេតុភាពតានតឹងនៅតាមព្រំដែន ទើបលោកសម្រេចរៀបចំការប្រកួតរយៈពេលខ្លីមួយ ក្នុងគោលបំណងដើម្បីប្រមូលនិធិ និងស្បៀងមួយចំនួន ជូនដល់ក្រុមគ្រួសារកងទ័ព យ៉ាងវិញទៀតគឺបានបានផ្តល់​ឱកាសដល់យុវជន បានលេងកីឡាដើម្បីសុខភាពផង»។

តាមគម្រោងនៃការប្រកួតគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ មាន៤ក្រុមដែលស្ថិតនៅស្រុកល្វាឯម ចូលរួមប្រកួតក្នុងនោះរួមមាន៖ ក្រុមអធិរាជជ្រោយពិសី, ក្រុមយុវជនឃុំព្រែកតាសរ, ក្រុមយុវជនឃុំល្វាសរ និងក្រុមយុវជនឃុំកោះរះ ដោយប្រកួតយកក្រុមឈ្នះចំនួន២ក្រុមប៉ះគ្នាវគ្គផ្តាច់ព្រ័ត្រ ខណៈការប្រកួតធ្វើឡើងនៅទីលាន វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង។

សូមជម្រាបថា រាប់តាំងពីឆ្នាំ២០១៥ ស្រុកល្វាឯម តែងតែរៀបចំពានរង្វាន់បាល់ទាត់ប្រចាំឆ្នាំ ក្នុងនោះរួមមាន៖ ពានរង្វាន់ ៧មករា, ពានរង្វាន់មហាជន, ទឹកឃ្លាំងលីគ, ពានរង្វាន់ផ្នែកនារី, ពានរង្វាន់យុវជនអាយុក្រោម២៣ឆ្នាំ និងការប្រកួតពានរង្វាន់ជម្រើសជើងឯកសិស្សវិទ្យាល័យ ជាដើម ខណៈការប្រកួតទាំងនោះបានទាក់ទាញអ្នកគាំទ្រមកទស្សនាផ្ទាល់ជាច្រើនពាន់នាក់ និងបានលើកម្ពស់វិស័យកីឡានៅស្រុកល្វាឯម ឈានដល់កម្រិតថ្នាក់ខេត្តថែមទៀតផង។ ជាក់ស្តែង ក្រុមយុវជនស្រុកឯម ធ្លាប់តំណាងឱ្យខេត្តកណ្តាល ប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ខេត្ត លើកទី១៤ ឆ្នាំ២០១៩ កន្លងទៅ៕

Share.