លោក Liam Rosenior ជនជាតិអង់គ្លេស ក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លិបបាល់ទាត់ Chelsea ក្រោយប្រកាសចែកផ្លូវជាមួយលោក Enzo Maresca ជនជាតិអ៊ីតាលី បន្ទាប់ពីដឹកនាំប៉ុន្មានប្រកួតចុងក្រោយទទួលលទ្ធផលមិនបានល្អ ពោលគឺ៥ប្រកួតចុងក្រោយ ឈ្នះ១ ស្មើ៣ និងចាញ់១។

ស្នាដៃរបស់លោក Enzo Maresca រយ:ពេល ១ឆ្នាំកន្លះនៅក្លិបបាល់ទាត់ Chelsea ដឹកនាំ ៩២ប្រកួត ឈ្នះ៥៥ប្រកួត ស្មើ១៦ និងចាញ់២១លើក ឈ្នះពាន ២គ្រឿងគឺ UEFA Conference League និង FIFA Club World Cup។
មុនផ្លាស់មកដឹកនាំ Chelsea លោក Liam Rosenior ដឹកនាំគ្រូបង្វឹករបស់ក្លិបបាល់ទាត់ RC Strasbourg Alsace លីគកំពូលបារាំង វ័យត្រឹមតែ៤១ឆ្នាំ បទពិសោធន៍ដឹកនាំត្រឹមបាន៣ឆ្នាំជាងប៉ុណ្ណោះ ដោយចាប់ផ្តើមដំបូងនៅឆ្នាំ ២០២២ ជាគ្រូបណ្តោះអាសន្នរយ:ពេលខ្លីនៅ Derby County F.C មុនក្លាយជាគ្រូធំ Hull City នៅឆ្នាំ ២០២២-២៤ និងចុងក្រោយគ្រូ RC Strasbourg Alsace ពីឆ្នាំ ២០២៤ ដល់បច្ចុប្បន្ន។
ដោយឡែកខ្សែប្រយុទ្ធ Antoine Semenyo យល់ព្រមចូលរួមជាមួយ Manchester City នៅខែមករា ឆ្នាំ២០២៦ ត្រៀមសម្រាប់ជើងទី២ លីគកំពូលអង់គ្លេស English Premier League រដូវកាល ២០២៥-២៦។
តម្លៃខ្លួនផ្តាច់កុងត្រារបស់កីឡាករ Antoine Semenyo ពីក្លិបបាល់ទាត់ Bournemouth គឺចំនួន ៦៥លានផោន ស្មើនឹង ៨៧លានដុល្លារ ខណ:លោក Pep Guardiola គ្រូបង្វឹក Man City ពេញចិត្តទម្រង់លេងរូបគេយ៉ាងខ្លាំងមុនសម្រេចចិត្តនាំចូល៕

