វិបត្តិទឹកដោះគោស្រស់នៅប្រទេសថៃបានឈានដល់ចំណុចក្ដៅគគុក បន្ទាប់ពីក្រុមកសិករចិញ្ចឹមគោទឹកដោះគោជាង ២០០ នាក់ នៅក្នុងស្រុក ឡាំស៊ុនធិ ខេត្តឡុបប៊ុរី បានលើកគ្នាធ្វើបាតុកម្មយ៉ាងខ្លាំងក្លា និងបង្ខំចិត្តចាក់ទឹកដោះគោស្រស់រាប់រយតោនចោលទៅលើដី ដើម្បីបង្ហាញពីការខកចិត្តយ៉ាងខ្លាំងចំពោះការគ្រប់គ្រងរបស់រដ្ឋាភិបាលថៃសព្វថ្ងៃនេះ។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៦ នេះឱ្យដឹងថា តំណាងក្រុមកសិករថៃបានលើកឡើងទាំងកំហឹងថា កសិករបានបំពេញកាតព្វកិច្ចបង់ពន្ធយ៉ាងត្រឹមត្រូវ ប៉ុន្តែនៅពេលជួបវិបត្តិ បែរជាត្រូវបានរដ្ឋបោះបង់ចោលដោយមិនអើពើ។ ពួកគេបានបញ្ជាក់ថា អង្គការលើកកម្ពស់ផលិតផលទឹកដោះគោនៃប្រទេសថៃ កំពុងរុញបន្ទុកនេះទម្លាក់ឱ្យកសិករ និងសហករណ៍ជាអ្នករ៉ាប់រងការខាតបង់តែម្នាក់ឯង ខណៈដែលថ្នាក់ដឹកនាំស្ថាប័ននេះហាក់មិនខ្វល់ខ្វាយក្នុងការស្វែងរកទីផ្សារថ្មីៗសម្រាប់កសិករឡើយ។
បច្ចុប្បន្ន សហករណ៍ត្រូវរ៉ាប់រងទឹកដោះគោដែលផលិតបានថ្មីជារៀងរាល់ថ្ងៃប្រមាណ ៧៧ តោនបន្ថែមទៀត ដោយមិនដឹងថាត្រូវយកទៅលក់នៅឯណាព្រោះគ្មានទីផ្សារបញ្ចេញ ជាហេតុបង្កើតជាបន្ទុកបំណុលកាន់តែវណ្ឌករ។បញ្ហានេះបានផ្ទុះឡើងបន្ទាប់ពី អង្គការលើកកម្ពស់សហគ្រាសទឹកដោះគោនៃប្រទេសថៃដែលជាស្ថាប័នរដ្ឋ មិនព្រមទទួលទិញទឹកដោះគោស្រស់ពីកសិករតាមកិច្ចព្រមព្រៀង។ ការព្រងើយកន្តើយនេះ បានបណ្ដាលឱ្យទឹកដោះគោស្រស់ជាង ១៧០ តោន ត្រូវខូចគុណភាពនៅក្នុងធុងស្តុក ដោយសារគ្មានទីផ្សារបញ្ចេញ ដែលគិតជាតម្លៃខាតបង់សរុបមានរហូតដល់ទៅ ១៧០ លានបាត ឬប្រមាណ៥ លានដុល្លារអាមេរិក។
ជាចុងក្រោយ តំណាងកសិករបានព្រមានថា ប្រសិនបើគ្មានដំណោះស្រាយណាមួយក្នុងពេលឆាប់ៗនេះទេ ពួកគេនឹងលើកគ្នាទៅចាក់ទឹកដោះគោតវ៉ានៅមុខការិយាល័យកណ្តាល ហើយឈានទៅដល់ការ បិទផ្លូវសាធារណៈ ដើម្បីជាការដាក់សម្ពាធឱ្យរដ្ឋាភិបាលចេញមុខមកដោះស្រាយដោយផ្ទាល់ផងដែរ៕

