ក្រុមជម្រើសជាតិវៀតណាម អាយុក្រោម២៣ឆ្នាំ ប្រកួតបើកឆាកយកឈ្នះ ហ្ស៊កដានី ក្នុងលទ្ធផល ២-០ នៃពានរង្វាន់ AFC U23 Asian Cup Saudi Arabia 2026 ជម្រុះពូល A នៅទឹកដីនៃ ប្រទេសអារ៉ាប៊ីសាអូឌីត។

ក្រុមជម្រើសជាតិវៀតណាម អាយុក្រោម២៣ឆ្នាំ ជាក្រុមមកពីតំបន់អាស៊ាន ស្ថិតនៅពូល A ជាមួយ ម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីត ហ្ស៊កដានី និងកៀហ្ស៊ីស៊ីស្ថាន ពានរង្វាន់ AFC U23 Asian Cup Saudi Arabia 2026។
តារាងចំណាត់ថ្នាក់ ពូល A៖
- វៀតណាម ឈ្នះ១ មាន ៣ពិន្ទុ
- អារ៉ាប៊ីសាអូឌីត ឈ្នះ១ មាន ៣ពិន្ទុ
- កៀហ្ស៊ីស៊ីស្ថាន ចាញ់១ មាន ០ពិន្ទុ
- ហ្ស៊កដានី ចាញ់១ មាន ០ពិន្ទុ
កម្មវិធីប្រកួត បន្ត

ការប្រកួតពានរង្វាន់ AFC U23 Asian Cup Saudi Arabia 2026 ជុំចុងក្រោយ មាន១៦ក្រុមប្រជែងគ្នា ចែកចេញជា ៤ពូល (មួយពូលមាន ៤ក្រុម) ខណ:ការប្រកួតត្រូវចាប់ផ្ដើមពីថ្ងៃទី៦ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅប្រទេសអារ៉ាប៊ីសាអូឌីត។

រំលឹកថា ក្នុងពានរង្វាន់មួយនេះក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ ក្រោមការដឹកនាំរបស់លោក Koji Gyotoku គ្រូបង្វឹកជនជាតិជប៉ុន មិនអាចឡើងមកកាន់វគ្គចែកពូលនេះបានឡើង ដោយ៣ប្រកួតរកបាន៥ពិន្ទុ ឈរលេខ២ក្នុងពូល។ តែយ៉ាងណា ក៏ជាប្រវត្តិសាស្រ្តថ្មី សម្រាប់កម្ពុជា ប្រកួតមិនចាញ់សោះ ៣ប្រកួតក្នុងវគ្គជម្រុះក្នុងពូល ពិសេសមិនរបូតគ្រាប់បាល់សោះ។
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ជើងឯកយុវជនអាយុក្រោម ២៣ឆ្នាំ ប្រចាំទ្វីបអាស៊ី AFC U-23 Asian Cup បង្កើតឡើងដំបូងនៅឆ្នាំ២០១៣ ដោយជប៉ុន ជាក្រុមឈ្នះជើងឯកច្រើនជាងគេ ចំនួន ២លើក (២០១៦,២០២៤) ខណ: អ៊ូសបេគីស្ថាន ១លើក ២០១៨ អារ៉ាប៊ីសាអូឌីត ១លើក ២០២២ កូរ៉េខាងត្បូង ១លើក ២០២០ និងអ៊ីរ៉ាក់ ១លើក ២០១៣៕

