យោងតាមការផ្សាយដោយ Reuters វេណេស៊ុយអេឡានឹងនាំចេញប្រេងតម្លៃ ២ ពាន់លានដុល្លារទៅកាន់សហរដ្ឋអាមេរិក ក្រោមកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន។ យោងតាមប្រសាសន៍ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារថា ទីក្រុងការ៉ាកាស និងទីក្រុងវ៉ាស៊ីនតោន បានឈានដល់កិច្ចព្រមព្រៀងនាំចេញប្រេងឆៅរបស់វេណេស៊ុយអេឡា ដែលមានតម្លៃរហូតដល់ ២ ពាន់លានដុល្លារទៅកាន់សហរដ្ឋអាមេរិក។ នេះគឺជាការចរចាដ៏សំខាន់មួយ ដែលនឹងបង្វែរការផ្គត់ផ្គង់ប្រេងពីប្រទេសចិនមកវិញ ខណៈពេលដែលជួយវេណេស៊ុយអេឡាឱ្យជៀសផុតពីការកាត់បន្ថយផលិតកម្មប្រេងកាន់តែខ្លាំង។

កិច្ចព្រមព្រៀងនេះគឺជាសញ្ញាណដ៏រឹងមាំមួយដែលបង្ហាញថា រដ្ឋាភិបាលវេណេស៊ុយអេឡាកំពុងឆ្លើយតបទៅនឹងការទាមទាររបស់លោក ត្រាំ ដែលឱ្យពួកគេបើកចំហសម្រាប់ក្រុមហ៊ុនប្រេងអាមេរិក បើមិនដូច្នោះទេនឹងត្រូវប្រឈមមុខនឹងហានិភ័យនៃការជ្រៀតជ្រែកយោធាបន្ថែមទៀត។ លោក ត្រាំ បានមានប្រសាសន៍ថា លោកចង់ឱ្យប្រធានាធិបតីបណ្តោះអាសន្ន លោកស្រី Delcy Rodriguez ផ្តល់ឱ្យសហរដ្ឋអាមេរិក និងក្រុមហ៊ុនឯកជននូវ សិទ្ធិចូលប្រើប្រាស់ទាំងស្រុង ទៅកាន់ឧស្សាហកម្មប្រេងរបស់វេណេស៊ុយអេឡា។

វេណេស៊ុយអេឡាមានប្រេងរាប់លានបារ៉ែលដែលផ្ទុកនៅលើនាវាដឹកប្រេង និងក្នុងធុងផ្ទុក ដែលមិនអាចដឹកជញ្ជូនចេញបាន ដោយសារតែការបិទខ្ទប់ការនាំចេញ ដែលដាក់ចេញដោយលោក ត្រាំ ចាប់តាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៥។

ការបិទខ្ទប់នេះគឺជាផ្នែកមួយនៃការបង្កើនសម្ពាធរបស់សហរដ្ឋអាមេរិកលើរដ្ឋាភិបាលរបស់ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro ដែលឈានដល់កម្រិតកំពូលបន្ទាប់ពីកងកម្លាំងសហរដ្ឋអាមេរិកបានចាប់ខ្លួនលោកនៅចុងសប្តាហ៍នេះ។ មន្ត្រីជាន់ខ្ពស់វេណេស៊ុយអេឡាបានហៅការចាប់ខ្លួនលោក Maduro ថាជាការចាប់ជំរិត និងបានចោទប្រកាន់សហរដ្ឋអាមេរិកថាព្យាយាមលួចយកធនធានប្រេងដ៏មហាសាលរបស់ប្រទេសខ្លួន។

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គមថា វេណេស៊ុយអេឡានឹង “ប្រគល់” ប្រេងដែលជាប់ទណ្ឌកម្មចន្លោះពី ៣០ ទៅ ៥០ លានបារ៉ែលឱ្យមកសហរដ្ឋអាមេរិក។
លោកបានបន្ថែមថា៖ ប្រេងនេះនឹងត្រូវបានលក់ក្នុងតម្លៃទីផ្សារ ហើយលុយទាំងនោះនឹងត្រូវបានគ្រប់គ្រងដោយខ្ញុំ ក្នុងនាមជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដើម្បីធានាថាវាត្រូវបានប្រើប្រាស់សម្រាប់ជាប្រយោជន៍ដល់ប្រជាជនវេណេស៊ុយអេឡា និងសហរដ្ឋអាមេរិក!។

លោក ត្រាំ បានបញ្ជាក់ថា រដ្ឋមន្ត្រីថាមពលអាមេរិក លោក Chris Wright គឺជាអ្នកទទួលបន្ទុកអនុវត្តកិច្ចព្រមព្រៀងនេះ ដោយបន្ថែមថាប្រេងនឹងត្រូវបានដកចេញពីនាវាផ្ទុក ហើយបញ្ជូនផ្ទាល់ទៅកាន់កំពង់ផែសហរដ្ឋអាមេរិក។

ប្រភពពីរបានប្រាប់ Reuters កាលពីថ្ងៃអង្គារថា ការផ្គត់ផ្គង់ប្រេងដែលកំពុងជាប់គាំងទៅឱ្យសហរដ្ឋអាមេរិក ក្នុងដំណាក់កាលដំបូងអាចតម្រូវឱ្យមានការបែងចែកទំនិញឡើងវិញ ដែលដើមឡើយត្រូវបញ្ជូនទៅប្រទេសចិន។ ប្រទេសអាស៊ីមួយនេះ (ចិន) គឺជាអ្នកទិញធំជាងគេរបស់វេណេស៊ុយអេឡាក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ជាពិសេសចាប់តាំងពីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មប្រេងជាមួយវេណេស៊ុយអេឡាកាលពីឆ្នាំ ២០២០។

ប្រភពពីឧស្សាហកម្មប្រេងមួយបាននិយាយថា៖ “លោក ត្រាំ ចង់ឱ្យរឿងនេះកើតឡើងឱ្យបានឆាប់ ដើម្បីលោកអាចនិយាយបានថាវាគឺជាជ័យជម្នះដ៏ធំធេង”។ ចំណែកមន្ត្រីរដ្ឋាភិបាលវេណេស៊ុយអេឡា និងក្រុមហ៊ុន PDVSA មិនបានផ្តល់ការអត្ថាធិប្បាយអ្វីឡើយចំពោះរឿងនេះ៕

Share.