គ្រោះអគ្គិភ័យដែលបានកើតឡើងនៅមុនពេលថ្ងៃរះ នៅកំពង់ផែចាឡង (Chalong Pier) ក្នុងខេត្តភូកេត បានបំផ្លិចបំផ្លាញទូកល្បឿនលឿន (Speedboats) អស់ជាង ២០ គ្រឿង។ អភិបាលខេត្តបានបញ្ជាឱ្យមានការស៊ើបអង្កេតរកមូលហេតុ ដោយពិនិត្យកាមេរ៉ាសុវត្ថិភាព (CCTV) និងប្រើប្រាស់ហ្វូម (Foam) ដើម្បីការពារកុំឱ្យប្រេងរីករាលដាលចូលក្នុងសមុទ្រ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៤ ព្រឹកថ្ងៃទី៧ មករា ក្រោយមានការប្រកាសអាសន្ន អំពីការឆាបឆេះទូកល្បឿនលឿននៅកំពង់ផែ ក្នុងឃុំចាឡង ស្រុកមឿង ទៅកាន់ នគរបាលប៉ុស្តិ៍ចាឡង និងក្រុមការងារជួយសង្គ្រោះ។

លោក Adul Chuthong អភិបាលរងខេត្តភូកេត បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានដំណឹង អាជ្ញាធរពាក់ព័ន្ធត្រូវបានបញ្ជាឱ្យចុះទៅអន្តរាគមន៍ភ្លាមៗដើម្បីគ្រប់គ្រងស្ថានការណ៍។ ព័ត៌មានបឋមពីសាក្សី និងមន្ត្រីបានបង្ហាញថា មានការផ្ទុះ និងឆេះចេញពីទូកល្បឿនលឿនដំបូងគេមួយគ្រឿង មុនពេលដែលខ្យល់សមុទ្របានបក់នាំកម្ទេចកំទីដែលកំពុងឆេះ ទៅប៉ះទូកដទៃទៀតដែលចតនៅក្បែរនោះ បណ្តាលឱ្យភ្លើងឆេះរាលដាលយ៉ាងរហ័ស។ ការវាយតម្លៃបឋមបានបង្ហាញថា ទូកជាង ២០ គ្រឿងត្រូវបានខូចខាត។

ក្រុមពន្លត់អគ្គិភ័យមកពីសាលាក្រុងចាឡង, រ៉ាវ៉ៃ (Rawai), វិចិត្រ (Wichit) និងការ៉ុន (Karon) រួមជាមួយភ្នាក់ងារផ្សេងទៀត បានប្រញាប់ប្រញាល់បញ្ជូនរថយន្តពន្លត់អគ្គិភ័យ និងបុគ្គលិកទៅកាន់កន្លែងកើតហេតុ។ មន្ត្រីបានខិតខំទប់ស្កាត់អណ្តាតភ្លើងដោយការបាញ់ទឹក និងកាត់ខ្សែចងទូក ដើម្បីបំបែកទូកឱ្យនៅឆ្ងាយពីគ្នាបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីកុំឱ្យឆេះរាលដាលបន្ត។ ទោះជាយ៉ាងណាក៏ដោយ ប្រតិបត្តិការនេះត្រូវបានរំខានដោយសារជំនោរសមុទ្រស្រកចុះ (ទឹកនាច) ដែលធ្វើឱ្យការចូលទៅដល់មានការលំបាក និងមិនអាចគ្រប់គ្រងភ្លើងបានភ្លាមៗ។

លោក Nirat Pongsitthavorn អភិបាលខេត្តភូកេត បានបញ្ជាឱ្យការិយាល័យជើងទឹកភូកេត រៀបចំបញ្ជូនហ្វូមដើម្បីជួយពន្លត់ភ្លើង និងការពារការសាយភាយប្រេងនៅក្នុងសមុទ្រ។ លោកក៏បានណែនាំដល់នគរបាល និងមន្ត្រីកោសល្យវិច័យ ឱ្យចុះពិនិត្យទីតាំង និងធ្វើការស៊ើបអង្កេតលម្អិត រួមទាំងការពិនិត្យរូបភាពពីកាមេរ៉ាសុវត្ថិភាពនៅកំពង់ផែ និងផ្លូវជុំវិញនោះ។ មន្ត្រីបានកត់សម្គាល់ថា ទូកជាច្រើនមានពេញដោយប្រេងឥន្ធនៈ ដោយសារពួកគេបានត្រៀមខ្លួនសម្រាប់ដឹកភ្ញៀវទេសចរទៅកាន់កោះនានានៅពេលព្រឹក។

ម្ចាស់ទូកម្នាក់បាននិយាយថា ទូកល្បឿនលឿនរបស់លោកចំនួន ៣ គ្រឿងត្រូវបានខូចខាត ដែលក្នុងមួយគ្រឿងមានតម្លៃ ៥ លានបាត (ប្រហែល ១៤ ម៉ឺនដុល្លារ) ដូច្នេះចំនួនទូកខូចខាត បើគិតតែត្រឹម ២០គ្រឿងគឺស្មើនឹង២,៨០០,០០០ដុល្លារ។ ជាធម្មតាលោកដឹកភ្ញៀវទៅកោះរ៉ាចា (Racha Island) និងកោះខូរ៉ាល់ (Coral Island) ហើយលោកត្រូវបង្ខំចិត្តលុបចោលការកក់ទុកសម្រាប់ថ្ងៃនេះ ទោះបីជាមានភ្ញៀវពេញក៏ដោយ ដែលប៉ះពាល់ដល់ភ្ញៀវទេសចរជាង ១០០ នាក់។ លោកបាននិយាយថា ការខាតបង់នេះគឺធ្ងន់ធ្ងរណាស់៕

ប្រភព៖ The Nation

Share.