វ៉ាស៊ីនតោន៖ សេតវិមានបាននិយាយកាលពីថ្ងៃអង្គារ ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងពិភាក្សាអំពីជម្រើសនៃការទទួលបានកោះ Greenland ប្រសិនបើយកមិនបានទេ សហរដ្ឋអាមេរិក អាចប្រើជម្រើសយោធា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦។

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ត្រាំ យល់ឃើញថា ការទទួលបានកោះ Greenland ជាអាទិភាពសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកដែលចាំបាច់ ដើម្បីរារាំងសត្រូវរបស់យើងនៅក្នុងតំបន់អាកទិក។
អ្នកនាំពាក្យសេតវិមានមួយរូបបញ្ជាក់ថា «លោកប្រធានាធិបតី និងក្រុមការងាររបស់លោក កំពុងពិភាក្សាអំពីជម្រើសជាច្រើន ដើម្បីបន្តគោលដៅគោលនយោបាយការបរទេសដ៏សំខាន់នេះ ហើយជាការពិតណាស់ ការប្រើប្រាស់យោធាអាមេរិក គឺតែងតែជាជម្រើសមួយនៅក្នុងការចាត់ចែងរបស់អគ្គមេបញ្ជាការ»។

លោក ត្រាំ មានមហិច្ឆិតាចង់គ្រប់គ្រងកោះនេះឱ្យបានតាំងពីឆ្នាំ២០១៩ មកម្ល៉េស ពោលគឺចាប់តាំងពីការកាន់អំណាចអាណត្តិដំបូងរបស់លោក លោកមិនដែលបោះបង់មហិច្ឆិតាឡើយ បើទោះមានការជំទាស់ពីអឺរ៉ុប ឬទោះបីជាប្រធានាធិបតីដាណឺម៉ាក ដែលជាអ្នកគ្រប់គ្រងកោះ Greenland ធ្លាប់បានបញ្ជាក់ច្បាស់ៗហើយថា កោះនេះមិនមែនសម្រាប់ដាក់លក់ទេ ហើយក៏មិនចង់ក្លាយជាផ្នែកមួយរបស់សហរដ្ឋអាមេរិកក៏ដោយ។

យ៉ាងណាម៉ិញ ការចង់បាន Greenland មកគ្រប់គ្រងវិញបានឡើងកម្ដៅសារជាថ្មី ក្រោយពីលោក ត្រាំ បានវាយប្រហារប្រទេសវ៉េណេស៊ុយអេឡា រួចហើយ លោកគំរាមយកកោះនេះទៀត ដោយលើកឡើងពីសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ប្រព័ន្ធការពារមីស៊ីល និងប្រភពរ៉ែដ៏សម្បូរបែប។
សូមជម្រាបថា កោះ Greenland គឺជាដែនដីស្វយ័តរបស់ដាណឺម៉ាក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសនេះអស់រយៈពេលជាង ៦០០ឆ្នាំមកហើយ វាស្ថិតនៅចន្លោះមហាសមុទ្រអាត្លង់ទិក និងអាកទិក ត្រូវបានគ្របដណ្ដប់ដោយផ្ទាំងទឹកកក ៨០% និងជាជម្រករបស់មូលដ្ឋានយោធាអាមេរិកដ៏ធំមួយ, បច្ចុប្បន្ន កោះនេះមានប្រជាជនរស់នៅប្រមាណ៥៧,០០០នាក់៕

