ទីក្រុងតូក្យូ៖ យោងតាមការវិភាគរបស់វិទ្យាស្ថានស្រាវជ្រាវនៃទីភ្នាក់ងារឧតុនិយមជប៉ុនបានឱ្យដឹងថា រលកយក្សស៊ូណាមិដែលបង្កឡើងដោយគ្រោះរញ្ជួយដីកម្រិត ៨.៨ រុិចទ័រ ដែលបានកើតឡើងនៅជិត Kamchatka របស់រុស្ស៊ីកាលពីគ្រារដូវក្តៅមុន ទំនងជាបានបោកបក់ត្រឡប់មកពីឆ្នេរអាមេរិកខាងត្បូងវិញ ហើយបានមកដល់ប្រទេសជប៉ុននៅប្រហែល ៤៨ ម៉ោងក្រោយមក។

រលកយក្សស៊ូណាមិដែលធ្វើដំណើរក្នុងចម្ងាយឆ្ងាយមុនពេលមកដល់ប្រទេសជប៉ុន ត្រូវបានគេដឹងថាធ្លាប់បង្កការខូចខាតក្នុងករណីជាច្រើន។ ក្រុមអ្នកជំនាញបានជំរុញឱ្យសាធារណជនមានការប្រុងប្រយ័ត្នចំពោះហានិភ័យទាំងនេះ។ គ្រោះរញ្ជួយដីកាលពីគ្រារដូវក្តៅមុនបានកើតឡើងនៅម៉ោង ៨:២៤ ព្រឹក ថ្ងៃទី៣០ ខែកក្កដា។

ទីភ្នាក់ងារឧតុនិយមបានចេញការព្រមាន និងសេចក្តីណែនាំអំពីស៊ូណាមិតាមបណ្តោយឆ្នេរសមុទ្រនៃទីក្រុងតូក្យូ និងខេត្តចំនួន ១២ ផ្សេងទៀត។ រលកស៊ូណាមិបានមកដល់ប្រទេសជប៉ុននៅថ្ងៃដដែលនោះ ហើយរលកដែលខ្ពស់បំផុតមានកម្ពស់ដល់ ១.៤ ម៉ែត្រ បានមកដល់ត្រឹមថ្ងៃទី៣១ ខែកក្កដា។ ការព្រមាន និងសេចក្តីណែនាំអំពីស៊ូណាមិទាំងអស់ត្រូវបានដកចេញវិញនៅល្ងាចថ្ងៃទី៣១ ខែកក្កដា។

វិទ្យាស្ថានស្រាវជ្រាវឧតុនិយមបានធ្វើត្រាប់តាមចលនារលកឡើងវិញដោយប្រើប្រាស់កំព្យូទ័រទំនើប ដោយផ្អែកលើទិន្នន័យសម្ពាធទឹកដែលទទួលបានពីបណ្តាញសង្កេតការណ៍បាតសមុទ្រនៅឆ្នេរសមុទ្រតំបន់ Tohoku។ ការវិភាគបានបង្ហាញថា ដំបូងឡើយរលកស៊ូណាមិបានធ្វើដំណើរឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកទៅដល់ឆ្នេរអាមេរិកខាងត្បូង ដែលមានចម្ងាយប្រហែល ១៥,០០០ គីឡូម៉ែត្រពីចំណុចកណ្តាលនៃរញ្ជួយដី។ បន្ទាប់មករលកទាំងនោះបានបោកទង្គិចនឹងឆ្នេរសមុទ្រ រួចធ្វើដំណើរត្រឡប់មកកាន់ប្រទេសជប៉ុនវិញតាមរយៈមហាសមុទ្រប៉ាស៊ីហ្វិក។

រលកស៊ូណាមិដែលបោកត្រឡប់មកវិញ ត្រូវបានគេប៉ាន់ប្រមាណថាបានមកដល់ប្រទេសជប៉ុននៅរយៈពេលប្រហែល ៤៨ ម៉ោងក្រោយការរញ្ជួយដី ពោលគឺនៅពេលដែលការព្រមាន និងសេចក្តីណែនាំអំពីស៊ូណាមិត្រូវបានដកចេញអស់ទៅហើយ។ ជាក់ស្តែង រលកកម្ពស់ ០.៦ ម៉ែត្រ ត្រូវបានគេសង្កេតឃើញនៅទីក្រុង Kamisu ខេត្ត Ibaraki និងទីក្រុង Kuji ខេត្ត Iwate នៅព្រឹកថ្ងៃទី១ ខែសីហា។ ទីភ្នាក់ងារបានរកឃើញថា រលកស៊ូណាមិនេះនឹងមិនអាចកើតមានឡើងឡើយ ប្រសិនបើការវិភាគនោះសន្មតថាគ្មានទ្វីបអាមេរិកខាងត្បូង (មានតែមហាសមុទ្រ)។

សេចក្តីណែនាំអំពីស៊ូណាមិនឹងត្រូវចេញផ្សាយ នៅពេលដែលរលកត្រូវបានគេព្យាករណ៍ថាមានកម្ពស់យ៉ាងហោចណាស់ ០.២ ម៉ែត្រ និងរំពឹងថានឹងអាចបង្កការខូចខាត។ មន្ត្រីទីភ្នាក់ងារឧតុនិយមម្នាក់បានមានប្រសាសន៍ថា៖ «នៅពេលនោះ សាធារណជនបានដឹងយ៉ាងច្បាស់ថារលកស៊ូណាមិត្រូវបានគេសង្កេតឃើញរួចហើយ។ ដោយសារយើងសន្និដ្ឋានថាគ្មានហានិភ័យនៃការខូចខាតទៀតឡើយ ទើបយើងមិនបានចេញសេចក្តីណែនាំបន្ថែម»។

កាលពីឆ្នាំ១៩៦០ រលកយក្សស៊ូណាមិបង្កឡើងដោយគ្រោះរញ្ជួយដីកម្រិត ៩.៥ រុិចទ័រ នៅឆ្នេរសមុទ្រឈីលី បានមកដល់ប្រទេសជប៉ុនក្នុងរយៈពេលប្រហែល ២២ ម៉ោង និងបានបណ្តាលឱ្យមនុស្សជាង ១០០ នាក់ស្លាប់ ឬបាត់ខ្លួន។ លោក Hiroaki Tsushima អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវឧតុនិយមបានមានប្រសាសន៍​ថា៖ «រលកស៊ូណាមិអាចមកដល់យឺតជាងរលកដំបូងឆ្ងាយណាស់។ សាធារណជនគួរតែមានការយល់ដឹងបន្ថែមទៀតនៅពេលនិយាយអំពីគ្រោះមហន្តរាយ ហើយត្រូវត្រៀមខ្លួនសម្រាប់គ្រោះរញ្ជួយដីដែលអាចកើតមានក្នុងលក្ខណៈស្រដៀងគ្នានេះ»។

Share.