តាមបណ្ដាសារព័ត៌មានអន្តរជាតិធំៗបានផ្សាយពីបញ្ហារង្គោះរង្គើក្នុងយុគសម័យថ្មី បន្ទាប់ពីការប្រកាសចូលគ្រប់គ្រងការលក់ប្រេងរបស់ប្រទេសវេណេស៊ុយអេឡាដោយគ្មានកាលកំណត់ ពីសំណាក់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលវាមិនត្រឹមតែជាព្រឹត្តិការណ៍សេដ្ឋកិច្ចនោះទេ ប៉ុន្តែវាគឺជាសញ្ញាណនៃ «វិបត្តិសណ្តាប់ធ្នាប់ពិភពលោក» ដែលកំពុងឈានចូលដល់ចំណុចរបត់ដ៏គ្រោះថ្នាក់បំផុត។

តាមរយៈចំណាត់ការក្ដៅៗក្នុងសប្តាហ៍ដំបូងនៃឆ្នាំ ២០២៦ នេះ ពិភពលោកកំពុងមើលឃើញនូវមហាអំណាចលេខ១ ដែលលែងខ្វល់ខ្វាយពីអធិបតេយ្យភាពជាតិរបស់ប្រទេសដទៃ ហើយជំនួសមកវិញនូវនយោបាយផ្ដាច់ការដោយប្រើកម្លាំងបាយ និងផ្ដោយលើផលប្រយោជន៍ផ្ដាច់មុខ។ សារព័ត៌មាន រយទ័រ បានផ្សាយពីការដែលអាម៉េរិកចាប់ខ្លួនប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ និងគ្រប់គ្រងគណនីលក់ប្រេងរបស់រដ្ឋមួយនេះ បានបង្កជាសំណួរដ៏ស្រួចស្រាល់មួយថា៖ តើនេះជាការសង្គ្រោះប្រជាជន ឬជាការប្លន់យកធនធាន?
ការបង្ខំឱ្យវេណេស៊ុយអេឡាប្រើប្រាស់ថវិកាលក់ប្រេងរបស់ខ្លួន ដើម្បីទិញតែផលិតផលដែលផលិតនៅអាម៉េរិក” គឺជាយុទ្ធសាស្ត្រសេដ្ឋកិច្ចបែបអាណានិគមនិយមថ្មីមួយទៀត ដែលលោក ដូណាល់ ត្រាំ ចងជើងប្រទេសមួយឱ្យក្លាយជាទីផ្សារចំណុះរបស់ខ្លួនជារៀងរហូត។ វាជាសារមួយផ្ញើទៅកាន់ពិភពលោកថា ធនធានរបស់ពួកគេជារបស់ទីក្រុងវ៉ាស៊ីនតោន ប្រសិនបើពួកគេមិនដើរតាមបន្ទាត់នយោបាយការបទេសរបស់អាមេរិក។
យ៉ាងណាមិញ វោហារសាស្ត្ររបស់លោក ត្រាំ ចំពោះប្រទេសជិតខាង និងដៃគូអន្តរជាតិក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានបង្ហាញពីមហិច្ឆតារីកសាយភាយអំណាចដែលគ្មានដែនកំណត់៖
ក្នុងនោះ កូឡុំប៊ី និង មិកស៊ិក៖ ការប្រើប្រាស់លេស “គ្រឿងញៀន” ដើម្បីគំរាមកំហែងធ្វើអន្តរាគមន៍យោធាលើរដ្ឋអធិបតេយ្យ គឺជាសញ្ញាព្រមាននៃការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
អ៉ឺរ៉ង់ និង គុយបា៖ យុទ្ធសាស្ត្រ “ច្របាច់កផ្នែកសេដ្ឋកិច្ចឱ្យស្លាប់ រួចរង់ចាំកម្ទេចតាមក្រោយ” កំពុងត្រូវបានអនុវត្តយ៉ាងសកម្ម។ ការដួលរលំនៃសេដ្ឋកិច្ចគុយបាដែលជិតមកដល់ ក៏ដោយសារតែការផ្តាច់ចរន្តឈាមសេដ្ឋកិច្ចពីវេណេស៊ុយអេឡាដែលអាម៉េរិកកំពុងកាន់កាប់។
ប៉ុន្តែហ្គ្រីនឡែនវិញ៖ សូម្បីតែដាណឺម៉ាក ដែលជាសមាជិកអង្គការ NATO ក៏មិនអាចគេចផុតពីមហិច្ឆតាពង្រីកទឹកដីរបស់លោក ត្រាំ ដែរ។ ការលើកយក “ជម្រើសយោធា” មកពិភាក្សាដើម្បីកាន់កាប់កោះហ្គ្រីនឡែន គឺជាការប្រមាថដល់សន្តិសុខអឺរ៉ុបទាំងមូល។
ជាការសន្និដ្ឋានមកវិញ អ្នកឃ្លាំមើលព្រឹត្តិការណ៍អន្តរជាតិសម្គាល់ថា ពិភពលោកក្នុងកណ្ដាប់ដៃដែកនយោបាយការបរទេសអាម៉េរិកនៅដើមឆ្នាំ ២០២៦ នេះ កំពុងដើរលើផ្លូវមួយដែលពិភពលោកមិនដែលជួបប្រទះក្នុងរយៈពេលជិតមួយសតវត្សរ៍ចុងក្រោយ។ ការប្រើប្រាស់ឥទ្ធិពលយោធាដើម្បីសម្រេចផលប្រយោជន៍សេដ្ឋកិច្ចដោយចំហបែបនេះ កំពុងធ្វើឱ្យ «ច្បាប់អន្តរជាតិ» ក្លាយជាគ្រាន់តែជាក្រដាសឥតន័យតែប៉ុណ្ណោះ។
ដូច្នោះហើយ ប្រសិនបើសហគមន៍អន្តរជាតិនៅតែបន្តរក្សាភាពស្ងៀមស្ងាត់ចំពោះការអនុវត្ត «ច្បាប់ព្រៃ» ក្នុងឆាកនយោបាយបែបនេះ នោះមិនយូរទេ គោលការណ៍អធិបតេយ្យភាពជាតិដែលគ្រប់គ្នាធ្លាប់ស្គាល់ នឹងត្រូវរលាយបាត់ ហើយជំនួសមកវិញនូវពិភពលោកមួយដែលសម្រេចទៅបានតែតាមរយៈកម្លាំងកាំភ្លើងនិងកញ្ចប់ដុល្លារតែប៉ុណ្ណោះ៕

