ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងជាផ្លូវការស្តីពីការដាក់ឱ្យជម្រះបញ្ជីធនាគារព្រីនស៍ ម.ក (Prince Bank Plc) ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។ ការសម្រេចចិត្តនេះកើតឡើងស្របពេលដែលក្រសួងមហាផ្ទៃបានបង្ហាញព័ត៌មានអំពីការចាប់ខ្លួន និងបញ្ជូនខ្លួនម្ចាស់ភាគហ៊ុនធំម្នាក់គឺលោក Chen Zhi ត្រឡប់ទៅសាធារណរដ្ឋប្រជាមានិតចិនវិញ ។

នៅក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជាបានប្រកាសថា ធនាគារព្រីនស៍ ត្រូវផ្អាកការផ្តល់សេវាធនាគារថ្មីៗទាំងអស់ រួមទាំងការទទួលប្រាក់បញ្ញើ និងការផ្តល់ឥណទាន ។ ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា បានតែងតាំងក្រុមហ៊ុន Morisonkak MKA audit-accounting Co., Ltd ជាអ្នកជម្រះបញ្ជី ដើម្បីគ្រប់គ្រង និងចាត់ចែងលើរាល់ប្រតិបត្តិការ និងទ្រព្យសម្បត្តិរបស់ធនាគារចាប់ពីពេលនេះតទៅ ។

សម្រាប់អតិថិជន អ្នកដែលមានប្រាក់បញ្ញើអាចទៅដកប្រាក់បានជាធម្មតា ដោយផ្អែកតាមលំដាប់អាទិភាពនៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ។ ចំណែកអ្នកខ្ចីប្រាក់ ត្រូវបន្តបំពេញកាតព្វកិច្ចសងត្រឡប់មកវិញជាប្រក្រតី ។

សូមជម្រាបថា ប្រតិបត្តិការជម្រះបញ្ជីនេះធ្វើឡើងបន្ទាប់ពីកិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចរកម្ពុជា និងសមត្ថកិច្ចចិន ក្នុងការបង្ក្រាបបទល្មើសឆ្លងដែន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃបានបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនពលរដ្ឋចិនចំនួន ៣នាក់ រួមមានឈ្មោះ Chen Zhi, Xu Ji Liang និង Shao Ji Hui ដើម្បីបញ្ជូនទៅកាន់ប្រទេសចិនវិញ។ ចំពោះលោក Chen Zhi ក្រសួងមហាផ្ទៃបានបញ្ជាក់ថា រូបលោកត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យដកសញ្ជាតិខ្មែររួចរាល់ហើយ កាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ តាមសំណើរបស់រាជរដ្ឋាភិបាល។

ពាក់ព័ន្ធនឹងធនាគារព្រីនស៍ ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា ខ្លួននឹងបន្តតាមដានយ៉ាងប្រុងប្រយ័ត្នបំផុតលើដំណើរការនេះ ដើម្បីការពារផលប្រយោជន៍របស់អ្នកដាក់ប្រាក់បញ្ញើ និងរក្សាស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុទាំងមូល ។

កន្លងមក ឈ្មោះរបស់លោក Chen Zhi បានលេចឡើងក្នុងរបាយការណ៍ស៊ើបអង្កេតរបស់សារព័ត៌មានអន្តរជាតិធំៗ ដូចជា Al Jazeera និង The Guardian ដែលបានលើកឡើងអំពីការជាប់ពាក់ព័ន្ធនឹងអាជីវកម្មល្បែងស៊ីសងអនឡាញខុសច្បាប់ និងការលាងលុយកខ្វក់ក្នុងទ្រង់ទ្រាយធំ ។ លើសពីនេះ អាជ្ញាធរប្រទេសចិនក៏ធ្លាប់បានកំណត់មុខសញ្ញារូបលោកថាជាបុគ្គលសំខាន់ក្នុងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ដែលជំរុញឱ្យមានការសម្របសម្រួលផ្លូវច្បាប់រហូតដល់មានការ ដកសញ្ជាតិខ្មែរ និងឈានដល់ការចាប់ខ្លួនបញ្ជូនទៅកាន់ប្រទេសចិនវិញ កាលពីដើមខែមករា ឆ្នាំ២០២៦ នេះ៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.