អ្នកស្រលាញ់ប្រជាធិបតេយ្យពិតប្រាកដ សោកស្ដាយដែលប្រធានបក្សប្រជាជនថៃ បង្ហាញទំនោរគាំទ្រទ័ព ពិសេសគាំទ្រការចំណាយលើកញ្ចប់ថវិកាសម្រាប់យន្តហោះចម្បាំង Gripen ដែលធ្លាប់បានវាយប្រហារលើប្រទេសកម្ពុជា ដោយពួកគេបានចាត់ទុកសកម្មភាពនេះបានសបង្ហាញថា ប្រធានបក្សដែលតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ សេរី និង គោរពច្បាប់រូបនេះ ផ្ដោតសំខាន់លើការឃោសនារកសំឡេងឆ្នោតជ្រុល ជាជាងមើលលើភាពត្រឹមត្រូវ និងការគោរពច្បាប់អន្តរជាតិ។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថៃ នៅថ្ងៃពុធទី៧ ខែមករា ឆ្នាំ២០២៥ នេះ លោក Natthapong Rueangpanyawut មេដឹកនាំបក្សប្រឆាំងដ៏ធំនេះ បានមានប្រសាសន៍ថា គណបក្សរបស់លោកគាំទ្រការចំណាយយោធាលើអាវុធទាំងឡាយណាដែលខ្លួនចាត់ទុកថាចាំបាច់ ដូចជាយន្តហោះចម្បាំងជាដើម ប៉ុន្តែលោកមិនយល់ស្របចំពោះការទិញនាវាមុជទឹកនោះទេ ដោយលោកអះអាងថា វាមិនបានផ្តល់អត្ថប្រយោជន៍ពិតប្រាកដឡើយ។

លោកបានថ្លែងថា៖ «ជាឧទាហរណ៍ យន្តហោះចម្បាំង Gripen ដែលត្រូវបានប្រើប្រាស់ដើម្បីទម្លាក់គ្រាប់បែកលើប្រទេសកម្ពុជា គឺគណបក្សប្រជាជនគាំទ្រការចំណាយលើរឿងនោះ។ ប៉ុន្តែយើងមិនយល់ស្របចំពោះនាវាមុជទឹកទេ ព្រោះវាមិនបានផ្តល់អត្ថប្រយោជន៍ពិតប្រាកដណាមួយឡើយ។»

លោកបន្តថា ៖ «រដ្ឋាភិបាលមុនធ្លាប់បាននិយាយថា ខ្លួនចង់កាត់បន្ថយថវិកាសម្រាប់នាវាចម្បាំងប្រភេទ Frigates ប៉ុន្តែយើងបាននិយាយថា ពួកគេត្រូវតែទិញវា។ ដូច្នេះ យើងមិនមែនប្រឆាំងនឹងយោធា ហើយក៏មិនប្រឆាំងនឹងការទិញអាវុធនោះដែរ។ រាល់អាវុធណាដែលចាំបាច់ គឺយើងគាំទ្រ។»៕

Share.