នាយឧត្តមសេនីយ៍ នឺដា ម៉ឺយ៉ៈ (Nerdah Mya) កូនប្រុសរបស់អតីតមេដឹកនាំសហភាពជាតិការ៉ែន (KNU) បានប្រកាសបង្កើត “សាធារណរដ្ឋកធូលេ” ដោយមានអធិបតេយ្យភាពផ្ទាល់ខ្លួន និងមានឯករាជ្យពីប្រទេសមីយ៉ាន់ម៉ា។

ដំណឹងដ៏កក្រើកពិភពលោកនេះ ផ្ទុះឡើងកាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៦ ដោយកងទ័ពកធូលេ (KTLA) ដែលជាកម្លាំងប្រដាប់អាវុធការ៉ែនដែលទើបនឹងបង្កើតឡើងមិនយូរប៉ុន្មាន បានធ្វើការប្រកាសឯករាជ្យ បង្កើត “សាធារណរដ្ឋកធូលេ” (Republic of Kawthoolei) ជា រដ្ឋឯករាជ្យថ្មី ដោយបំបែកខ្លួនចេញពីសហភាពមីយ៉ាន់ម៉ា។

នាយឧត្តមសេនីយ៍ នឺដា ម៉ឺយ៉ៈ ស្ថាបនិកកងទ័ពកធូលេ បានមានប្រសាសន៍ថា ក្នុងឱកាសខួបលើកទី ៧៨ នៃថ្ងៃប្រកាសឯករាជ្យរបស់ប្រជាជនការ៉ែន លោកបានសម្រេចចិត្តបង្កើតរដ្ឋថ្មីមួយដែលមានអធិបតេយ្យភាពពេញលេញ។ លោកបានបន្តទៀតថា ទោះបីជាមីយ៉ាន់ម៉ាទទួលបានឯករាជ្យនៅថ្ងៃទី ៤ ខែមករា ឆ្នាំ ១៩៤៨ ក៏ដោយ ប៉ុន្តែប្រជាជនការ៉ែនមិនមានសិទ្ធិក្នុងការកំណត់ជោគវាសនាខ្លួនឯងដោយឡែកនោះទេ។ ដូច្នេះ នៅថ្ងៃទី ៥ ខែមករា ឆ្នាំដដែល សហភាពជាតិការ៉ែន (KNU) ក៏បានប្រកាសឯករាជ្យសម្រាប់ប្រជាជនការ៉ែនដោយខ្លួនឯង។ គោលបំណងនៃការប្រកាសនេះ គឺដើម្បីឱ្យប្រជាជនការ៉ែនមានសិទ្ធិស្វ័យសម្រេច និងគ្រប់គ្រងខ្លួនឯង ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន ទើប “កធូលេ” ត្រូវបានបង្កើតឡើងជារូបរាង។ ពិធីអបអរសាទរថ្ងៃប្រកាសឯករាជ្យកធូលេ ត្រូវបានរៀបចំឡើងនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៦ នៅឯបន្ទាយមួយក្នុងក្រុងម្យាវ៉ាឌី រដ្ឋការ៉ែន ដែលស្ថិតនៅទល់មុខខេត្តតាក ជាប់ព្រំដែនថៃ-មីយ៉ាន់ម៉ា។ ក្នុងពិធីនោះ នាយឧត្តមសេនីយ៍ នឺដា ម៉ឺយ៉ៈ មេបញ្ជាការខ្ពស់បំផុតនៃកងទ័ពកធូលេ និងត្រូវជាកូនប្រុសរបស់ នាយឧត្តមសេនីយ៍ ស បូ ម៉ឺយ៉ៈ (Saw Bo Mya) អតីតមេដឹកនាំដ៏មានឥទ្ធិពលនៃសហភាពជាតិការ៉ែន បានប្រកាសខ្លួនជា ប្រធានាធិបតីទីមួយ នៃសាធារណរដ្ឋកធូលេ។
នាយឧត្តមសេនីយ៍ នឺដា ម៉ឺយ៉ៈ បានបញ្ជាក់ថា ពួកគេនឹងរៀបចំសេចក្តីព្រាងរដ្ឋធម្មនុញ្ញដោយឡែក និងគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ បញ្ចេញអត្តសញ្ញាណប័ណ្ណការ៉ែន និងរៀបចំការបោះឆ្នោតទូទៅរៀងរាល់ ៤ ឆ្នាំម្តង។ ក្រៅពីនេះ ពួកគេនឹងបន្តសហការជាមួយសម្ព័ន្ធមិត្តជនជាតិភាគតិចផ្សេងទៀត ដែលកំពុងតស៊ូដើម្បីឯករាជ្យ និងប្រជាធិបតេយ្យ។ ទន្ទឹមនឹងការប្រកាសបង្កើតសាធារណរដ្ឋ ក៏មានការប្រកាសបង្កើតរដ្ឋាភិបាលជាផ្លូវការផងដែរ។ សម្រាប់ឈ្មោះ “កធូលេ” (Kawthoolei) មានន័យថា “ទឹកដីដែលគ្មានភាពងងឹត”។ វាគឺជាឈ្មោះដែលក្រុមអ្នកជាតិនិយមការ៉ែនព្យាយាមបង្កើតឡើងក្នុងប្រទេសមីយ៉ាន់ម៉ា តាំងពីចាប់ផ្ដើមមានជម្លោះការ៉ែននៅចុងទសវត្សរ៍ឆ្នាំ ១៩៤០។ កធូលេសំដៅលើទឹកដីដែលស្ថិតនៅក្រោមការគ្រប់គ្រងមួយផ្នែករបស់សហភាពជាតិការ៉ែន ដែលក្នុងឆ្នាំ ២០១៧ រួមមានរដ្ឋការ៉ែន និងផ្នែកខ្លះនៃរដ្ឋមន។ ឈ្មោះ “កធូលេ” ក៏ធ្លាប់ត្រូវបានប្រើប្រាស់ដោយរដ្ឋាភិបាលសហភាពមីយ៉ាន់ម៉ា ក្នុងការតាក់តែងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៨ ដែលបានចែងឱ្យមានការបង្កើតតំបន់ស្វយ័តសម្រាប់ប្រជាជនការ៉ែនផងដែរ។


សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ នឺដា ម៉ឺយ៉ៈ (Nerdah Mya) គឺជាកូនប្រុសរបស់លោក បូ ឡាមីយ៉ា (Bo Mya) ដែលជាអតីតប្រធានសហភាពជាតិការ៉ែន (KNU) ដ៏មានឥទ្ធិពលបំផុតម្នាក់។ គ្រួសារបស់លោកបានប្រើប្រាស់ទឹកដីថៃ ជាពិសេសក្នុងខេត្តតាក ជាកន្លែងស្នាក់នៅ និងជាតំបន់សុវត្ថិភាពតាំងពីជំនាន់ឪពុករបស់លោកមកម្ល៉េះ។លោក នឺដា ម៉ឺយ៉ៈ បានសិក្សានៅសាលាអន្តរជាតិក្នុងប្រទេសថៃ និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមន្ត្រីយោធា និងអ្នកមានអំណាចថៃមួយចំនួននៅតាមព្រំដែន។ លោកមានឈ្មោះជាភាសាថៃថា ស៊ីវ៉ាត់ បូឡាមីយ៉ា លោកធ្លាប់ត្រូវបានគេស្គាល់ថាមានសញ្ជាតិថៃ និងមានអត្តសញ្ញាណប័ណ្ណថៃ ដែលចុះបញ្ជីនៅក្នុងស្រុកមែសត ខេត្តតាក។ យ៉ាំងណាមិញ សកម្មជនថៃ និងមន្ត្រីមួយចំនួនបានដាក់ញត្តិឱ្យក្រសួងមហាផ្ទៃថៃ ពិនិត្យឡើងវិញនូវភាពស្របច្បាប់នៃសញ្ជាតិរបស់លោក។ ពួកគេយល់ថា បុគ្គលដែលកាន់អាវុធប្រឆាំងរដ្ឋាភិបាលប្រទេសជិតខាង មិនគួរមានសញ្ជាតិថៃឡើយ។ ក្រោយមកអាជ្ញាធរថៃបានសម្រេច លុបឈ្មោះ លោកចេញពីបញ្ជីជំរឿន បន្ទាប់ពីការស៊ើបអង្កេតរកឃើញថា ការទទួលបានសញ្ជាតិនោះមានភាពមិនច្បាស់លាស់ផ្នែកឯកសារយោង៕

