ក្រុមបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវបើកទ្វាពហុកីឡដ្ឋានជាតិ អូឡាំពិក ដើម្បីទទួលព្រះខ័នរាជស្វាយរៀង សម្រាប់ពានរង្វាន់កម្រិតទ្វីប AFC Challenge League™ 2025/26 Quarter Finals – (1st Leg) វគ្គ៨ក្រុមចុងក្រោយ ជើងទី១ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០នាទីយប់។

មុនការប្រកួតមកដល់ លោក Matthew McConkey គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន ថា៖ ការប្រកួតនៅថ្ងៃស្អែក គឺជាការប្រកួតមួយដែលពិបាក់ ហើយជាពិសេសរាល់ពេលដែលយើងត្រៀមរៀបចំការប្រកួតជាមួយភ្នំពេញក្រោន ដូចនេះវាគឺជាការប្រកួតមួយដ៏តានតឹង។
លោក McConkey ក៏បង្ហើបដំណឹងល្អ ថា ព្រះខ័នរាជស្វាយរៀង មិនមានកីឡាករសំខាន់ៗរបួសទេសម្រាប់ការប្រកួតស្អែក។

លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បាននិយាយក្នុងសន្និសីទសារព័ត៌មានថា៖ នេះគឺជាលើកដំបូងហើយដែលក្លិបនៅកម្ពុជាជួបគ្នាក្នុងការប្រកួតអន្តរជាតិ យើងនិងគូប្រកួតរបស់យើងសុទ្ធតែស្គាល់គ្នាច្បាស់។ វាគឺជាការប្រកួតដ៏ពិបាក រំភើប និងមានគ្រាប់បាល់ជាច្រើនកើតឡើងក្នុងការប្រកួតនាពេលកន្លងមក។
លោក Oleg បន្ថែមថា៖ ខ្ញុំគិតថាវានឹងតានតឹង និងមានភាពជក់ចិត្តសម្រាប់ការប្រកួតនេះ។ អ្នកនឹងបានឃើញវត្តមានកីឡាករថ្មីៗនៅថ្ងៃស្អែក ហើយនេះគឺជាអ្វីដែលខុសគ្នាពីការប្រកួតលីគរាល់ដងផងដែរ។ ក្រុមទាំងពីរពិតជាចង់ឈ្នះការប្រកួតនេះដើម្បីឡើងទៅវគ្គបន្ត ខ្ញុំគិតថានេះគឺជាបេសកកម្មមួយសម្រាប់យើង។

សម្រាប់កម្មវិធីប្រកួត ទាំង២ជើង របស់ក្រុមទាំង២៖
- ជើងទី១ ភ្នំពេញក្រោន ប៉ះ ព្រះខ័នរាជស្វាយរៀង ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ
- ជើងទី២ ព្រះខ័័នរាជស្វាយរៀង ប៉ះ ភ្នំពេញក្រោន ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ពហុកីឡដ្ឋានមរតកតេជោ
គួរបញ្ជាក់ថា កម្មវិធីប្រកួតវគ្គជម្រុះក្នុងពូលតាមតំបន់ទាំង២ ពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីប AFC Challenge League ២០២៥-២៦ ត្រូវបានចាប់ផ្ដើមកាលពីថ្ងៃទី២៥ តុលា សម្រាប់តំបន់អាស៊ីខាងលិច និងថ្ងៃទី២៦ តុលា សម្រាប់តំបន់អាស៊ីខាងកើត ខណ:វគ្គ ៨ក្រុម តំបន់ខាងកើតចាប់ផ្ដើមនៅថ្ងៃទី៥ មីនា ស្របពេលតំបន់ខាងលិតត្រូវបានពន្យាពេល ដោយសារស្ថានភាពភូមិសាស្ត្រ ខណៈវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ៕


