នៅរសៀលថ្ងៃច័ន្ទ ទី១៩ ខែមករា ឆ្នាំ២០២៦ ក្លិបកីឡាបាល់ទាត់ វិសាខា បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការរយៈពេលមួយឆ្នាំ ជាមួយនឹងសមាគមមូលនិធិគ្រួសារខ្មែរ នៅកីឡដ្ឋាន វិសាខា។ កម្មវិធីនេះ ប្រព្រឹត្តឡើងដោយមានការអញ្ជើញចុះហត្ថលេខាពីកញ្ញា អ៊ូ បញ្ញាសុកិត្យា អគ្គនាយិកាគ្រប់គ្រងក្លិបកីឡាបាល់ទាត់ វិសាខា និងលោក ចាង ឌី នាយកគ្រប់គ្រងទូទៅសមាគមមូលនិធិគ្រួសារខ្មែរ ព្រមទាំងមានការចូលរួមជាសក្ខីភាពពីសំណាក់លោក សូរ មុនីរតន៍ អនុប្រធានក្លិបកីឡាបាល់ទាត់ វិសាខា ក្រុមគ្រូបង្វឹក កីឡាករ បុគ្គលិកក្លិប និងតំណាងសមាគមជាច្រើននាក់ផងដែរ។

ថ្លែងក្នុងពិធីចុះហត្ថលេខានេះ កញ្ញា អ៊ូ បញ្ញាសុកិត្យា បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះកិច្ចសហប្រតិបត្តិការនេះ ហើយក្លិបរបស់យើង រំពឹងថា ការសហការនេះ នឹងផ្តល់ផលវិជ្ជមានសម្រាប់ការរួមចំណែកឧបត្ថម្ភគាំទ្រដល់ដំណើរការអភិវឌ្ឍក្លិប និងវិស័យបាល់ទាត់ជាតិ។
ទន្ទឹមជាមួយគ្នា លោក ចាង ឌី ក៏បានបង្ហាញនូវមោទនភាព ដែលបានក្លាយជាដៃគូអភិវឌ្ឍថ្មីរបស់ក្លិបកីឡាបាល់ទាត់ វិសាខា ក្នុងនាមក្លិបដ៏មានសក្ដានុពល និងមានចក្ខុវិស័យវែងឆ្ងាយ ។ ផ្អែកលើកត្ដាទាំងអស់នេះ សមាគម ពិតជារីករាយក្នុងការចូលរួមចំណែកជាមួយក្លិប ដើម្បីលើកកម្ពស់សុខភាព និងការអប់រំ តាមរយៈកីឡាបាល់ទាត់ ហើយពង្រឹងបាននូវធនធានកីឡាករ-កីឡាការិនី ឆ្ពោះទៅរកភាពជោគជ័យក្នុងការប្រកួត ទាំងថ្នាក់ជាតិ និងអន្ដរជាតិ។

គួរឱ្យដឹងថា ក្លិបកីឡាបាល់ទាត់ វិសាខា ជាក្លិបកម្រិតអាជីពក្នុងស្រុកមួយ ដែលផ្តោតសំខាន់លើការធ្វើទំនើបកម្មនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាព ស្របទៅតាមស្តង់ដារបាល់ទាត់សម័យថ្មី។ បន្ថែមលើនេះ ក្លិបក៏មានចក្ខុវិស័យវែងឆ្ងាយក្នុងការរួមចំណែកកសាងសម្ថភាពធនធានកីឡាករ-កីឡាការិនី ចាប់ពីថ្នាលយុវជន រហូតដល់ក្រុមធំ ដើម្បីត្រៀមចូលរួមប្រកួតប្រជែង ទាំងក្នុង និងក្រៅប្រទេស ជាមួយក្លិប និងក្រុមជម្រើសជាតិកម្ពុជាផងដែរ។
ឆ្លើយតបនឹងការអភិវឌ្ឍ ដែលមិនអាចកាត់ផ្ដាច់បានពីការរួមចំណែករបស់វិស័យឯកជន តាមរយៈកិច្ចសហការជាមួយសមាគមមូលនិធិគ្រួសារខ្មែរនាពេលនេះ ក្លិបរំពឹងថា នឹងក្លាយជាកម្លាំងចលករដ៏សំខាន់មួយទៀត ដើម្បីជំរុញការអភិវឌ្ឍក្លិបឲ្យកាន់តែរីកចម្រើន និងប្រកបដោយនិរន្ដរភាពទៅថ្ងៃអនាគត៕


