បាត់ដំបង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឲ្យអាជ្ញាធរ កងកម្លាំងគ្រប់ថ្នាក់ក្នុងរដ្ឋបាលខេត្តបាត់ដំបងយកចិត្តទុកដាក់បង្កើនប្រសិទ្ធភាពទប់ស្កាត់ព័ត៌មានក្លែងក្លាយដែលមានចរិតចោទប្រកាន់មូលបង្កាច់។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦របស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញដល់អាជ្ញាធរ និងកងកម្លាំង ត្រូវបង្ការ និងបង្ក្រាបឱ្យបានហ្មត់ចត់រាល់សកម្មភាព និងទង្វើប៉ុនប៉ងធ្វើឱ្យកម្ពុជាធ្លាក់ចូលទៅក្នុងស្ថានភាពវឹកវរក្នុងសង្គម ជាពិសេសព័ត៌មានមិនពិតតាមរយៈបណ្ដាញសង្គម និងចលនាផ្សេងៗទៀតនៅក្នុងប្រទេស។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំដល់រដ្ឋបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់តាមដានស្រាវជ្រាវ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់ទង្វើមិនស្របច្បាប់នានាទាំងឡាយ ជាពិសេសនៅក្នុងមូលដ្ឋានរៀងៗខ្លួន និងឆ្លើយតបឱ្យបានឆាប់រហ័ស បង្កើតយន្តការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ត្រូវមានក្រុមការងារជំនាញតាមដានត្រួតពិនិត្យ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយដែលមានចរិតចោទប្រកាន់មូលបង្កាច់ដល់អាជ្ញាធរជាសាធារណៈ ទប់ស្កាត់រាល់សកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ កិត្តិយស និងការខិតខំប្រឹងប្រែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងរាជរដ្ឋាភិបាល៕

អត្ថបទ: ដំបងក្រញូង

