ពោធិ៍សាត់៖ គម្រោងកែច្នៃភីអ៊ីធី លំដាប់ថ្នាក់ពិភពលោកដែលមានសមត្ថភាពបំប្លែងសំណល់ផ្លាស្ទិកបន្ទាប់ពីប្រើប្រាស់រួចទៅជាវត្ថុធាតុដើមដែលមានសុវត្ថិភាពនិងគុណភាពខ្ពស់សម្រាប់ឧស្សាហកម្មម្ហូបអាហារ ភេសជ្ជៈនិងវិស្សនៈភណ្ឌ របស់ក្រុមហ៊ុនអេវ័នផ្លាស្ទិក (A1 Plastic) ត្រូវបានបើកការដ្ឋានសាងសង់រោងចក្ររួចរាល់ហើយ នៅតំបន់សេដ្ឋកិច្ចពិសេសស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅដើមសប្តាហ៍នេះ។

បើតាមលោកស្រី Deborah Lee ប្រធានក្រុមហ៊ុន A1 Plastic ការវិនិយោគនេះ ក្នុងគោលដៅដើម្បីផ្លាស់ប្ដូរពីរង្វង់ផ្លាស្ទិកប្រមាណ២ភាគរយ ឲ្យទៅជា 50% នៅឆ្នាំ 2040 ស្របតាមវេទិកាសេដ្ឋកិច្ចពិភពលោក ដូច្នេះគ្រឿងបរិក្ខាររោងចក្រមិនត្រឹមជានិមិត្តសញ្ញាប៉ុណ្ណោះទេប៉ុន្តែនឹងដើរតួជាម៉ាស៊ីនដ៏សំខាន់សម្រាប់ការសម្រេចបាននូវគោលដៅដ៏សំខាន់សម្រាប់ការសម្រេចបាននូវគោលដៅដ៏ធំស្របតាមយុទ្ធសាស្ត្រស្ដីពីបរិស្ថានដែលដឹកនាំដោយក្រសួងបរិស្ថាននិងដឹកនាំប្រកបដោយភាពច្បាស់លាស់ក្នុងដំណើរឆ្ពោះទៅមុខរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត ដែលមានចក្ខុវិស័យដាក់ឲ្យដំណើរការនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការផ្លាស់ប្ដូរថាមពលនិងការអភិវឌ្ឍន៍ឧស្សាហកម្មមានតម្លៃខ្ពស់នៅក្នុងយុទ្ធសាស្ត្រដែលត្រូវបានបង្ហាញតាមរយៈសសរស្ដំស្នូលចំនួន 3 គឺអនាម័យកាត់បន្ថយប្លាស្ទិក ការបំពុលទាំងនៅលើដីគោកនិងលើទឹក ភាពបៃតង បរិស្ថានបៃតង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដំណើរការទំនើបនិងបន្ថយឧស្ម័នការបំភាយឧស្ម័ន និរន្តរភាពតាមរយៈបង្កើតឱកាសការងារមុខរបរដែលមិនប៉ះពាល់ដល់បរិស្ថាន គោរពតាមបទបញ្ញត្តិជាតិនិងតម្រូវការរបស់មនុស្សជំនាន់ក្រោយ។
លោកស្រីលើកឡើងថា គម្រោងនេះនិងប្រែក្លាយបញ្ហាប្រឈមបរិស្ថានទៅជាធនធានសេដ្ឋកិច្ចសម្រាប់កម្ពុជា តាមរយៈការបំលែងសំណល់ផ្លាស្ទិកក្រោយប្រើប្រាស់រួចឲ្យទៅជាវត្ថុធាតុដើមដែលមានសុវត្ថិភាពនិងគុណភាពខ្ពស់សម្រាប់ឧស្សាហកម្ម ម្ហូបអាហារ ភេសជ្ជៈ ព្រមទាំងវិស្សនៈភ័ណ្ឌុ។

ឯកឧត្តមខូយរីដា អភិបាលខេត្តពោធិ៍សាត់ បានរំលេចឱ្យដឹងថា ការបើកការដ្ឋានសាងសង់រោងចក្ររបស់ក្រុមហ៊ុន អេវ័នប្លាស្ទិក នៅពេលនេះគឺជាការគិតគូរផ្ទាល់របស់ឯកឧត្តមកែវរតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ដោយមានការគាំទ្រពីសម្ដេចមហាបវរអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់និងគាំទ្រជំរុញវិស័យវិនិយោគមកខេត្តពោធិ៍សាត់ ដើម្បីផ្ដល់ការងារជួនក្មួយៗយុវជន និងប្រជាជនឲ្យមានការងារធ្វើសមស្របតាមជំនាញនិងសមត្ថភាពរៀងៗខ្លួនដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិនិងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ខេត្តពោធិ៍សាត់ជាពោលសេដ្ឋកិច្ចទី 4 ដែលជាមូលដ្ឋានជំរុញសេដ្ឋកិច្ចកម្ពុជាឈានឡើង ឆ្ពោះទៅប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ 2030 និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ 2050 នាពេលខាងមុខ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រខាងលើនេះ ផងដែរ ឯកឧត្តមកែវរតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនិងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានលើកឡើងថា លទ្ធផលដ៏ល្អប្រសើរនៃការថែរក្សាបាននូវនៅសន្តិសុខ ស្ថេរភាពនយោបាយ និងសណ្ដាប់ធ្នាប់សាធារណៈដែលខេត្តសម្រេចបាននាពេលកន្លងមក ជាពិសេសក្រោមវិធានការគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងស្វាហាប់ប្រកបដោយចក្ខុវិស័យរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃការអភិវឌ្ឍន៍និងបានរៀបចំនៅក្របខ័ណ្ឌគោលនយោបាយនិងក្របខណ្ឌគតិយុត្តិដើម្បីគាំទ្របង្កលក្ខណៈងាយស្រួលនិងជំរុញវិស័យឯកជនឲ្យមានការលូតលាស់មិនត្រឹមតែធានាបានប្រក្រតីភាព ជីវភាពសង្គម លើគ្រប់វិស័យប៉ុណ្ណោះទេថែមទាំងផ្ដល់នូវភាពកក់ក្តៅធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងភាពសុខដុមរមនានិងបង្កើតនូវទំនុកចិត្តជូនដល់វិនិយោគទុននិងពាណិជ្ជករមកដាក់ទុនវិនិយោគបង្កើតរោងចក្រ សហគ្រាសនៅក្នុងខេត្តពោធិ៍សាត់ឲ្យមានការកើនឡើងជាបន្តបន្ទាប់។

ជាក់ស្ដែងគិតមកដល់ពេលបច្ចុប្បន្ននេះនៅក្នុងខេត្តមានរោងចក្រសហគ្រាសក្រុមហ៊ុនឯកជនចំនួន 414 កន្លែង បានផ្ដល់ការងារធ្វើជូនប្រជាពលរដ្ឋនៅក្នុងនិងក្រៅខេត្តបានចំនួន 15781 នាក់ដែលនេះជាលទ្ធផលបង្ហាញឲ្យឃើញពីការរីកចម្រើនរបស់ខេត្ត។ ក្នុងន័យនេះឯកឧត្តមស្នើឱ្យស្ថាប័នពាក់ព័ន្ធក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តត្រូវបន្តជួយគាំទ្រផ្ដល់កិច្ចសហការឱ្យបានល្អដើម្បីក្រុមហ៊ុនដំណើរការបានដោយរលូន៕
អត្ថបទ៖ ពោធិ៍សាត់

