ភ្នំពេញ ៖ ព្រះសង្ឃ៣អង្គ និងម្នាក់ទៀតជាអ្នករៀបចំពិធីការនៅវត្តភ្នៀតសិម្ពលី ដោះស្បង់ចីវរចេញ ស្លៀកពាក់ខោអាវនាំគ្នាចូលក្លឹម ផឹកសុីស្រវឹងជោគ លុះវិលមកវិញខ្លាចបរិស័ទឃើញ បើករថយន្តបោះពួយលឿនជ្រុលទៅបុកខឿនដើមឈើ មុខហាងកាហ្វេ បណ្តាលឱ្យស្លាប់២នាក់ របួស២នាក់ កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលស្លាប់ ទី១ ឈ្មោះ សៀក តុន ភេទប្រុស អាយុ៣០ឆ្នាំ ជាអ្នករៀបចំពិធីការនៅវត្តភ្នៀតសិម្ពលី ។ ទី២ ឈ្មោះ វ័ន ជាព្រៈសង្ឃ ។ ចំណែកព្រះសង្ឃពីរអង្គទៀតដែលរងរបួសធ្ងន់និងស្រាលពុំទាន់ ស្គាល់អត្តសញ្ញាណនៅឡើយទេ ។
តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា បុគ្គលឆ្លៀតឱកាស ព្រះសង្ឃ៣អង្គ និងអ្នករៀបចំពិធីការវត្ត ភ្នៀតម្នាក់ សរុប៤នាក់ ដោះស្បង់ចីវរ ស្លៀកពាក់ខោអាវ នាំគ្នាជិះរថយន្តមួយគ្រឿង ម៉ាកឡិចសុីស RX330 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BG-3223 លួចចូលក្លឹប ផឹកសុីស្រវឹងជោគ កប់អធ្រាត្រ លុះវេលាទៀបភ្លឺ ខ្លាបពុទ្ធបរិស័ទឃើញ ដឹង នាំគ្នាវិលវិញ បើករថយន្តបោះពួយតាមផ្លូវបេតុងពីកើតទៅលិច លឿនជ្រុល ទៅបុកខឿនដើមឈើមុខហាងកាហ្វេ បណ្តាលឱ្យរថយន្តខ្ទេចមុខ ស្លាប់២នាក់ របួស២អង្គ ។

ករណីខាងលើ បង្កឱ្យពលរដ្ឋងឿងឆ្ងល់ ផ្អើលឆោឡោ នៅព្រឹកថ្ងៃដដែល វត្តមានព្រះសង្ឃ និងគណៈកម្មការវត្តភ្នៀត បាននាំគ្នានិងនិមន្តទៅសូត្រមន្តរៀបចំដឹកសពអ្នករៀបចំពិធីការ និងព្រះសង្ឃបញ្ជូនទៅធ្វើបុណ្យនៅវត្តភ្នៀតសិម្ពលីដែលស្ថិតនៅសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ចំណែករថយន្ត សមត្ថកិច្ចស្ទូចលើកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ៕

