ព្រៃវែង៖ ជនជាតិវៀតណាមសរុបចំនួន ១៦៤នាក់ (ស្រី ៣២នាក់) ត្រូវបានអាជ្ញាធរកម្ពុជាអនុវត្តនីតិវិធីបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ខេត្តព្រៃវែង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។

ការអនុវត្តវិធានការនេះ បានធ្វើឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។




ដោយឡែក ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន១៦៤នាក់ខាងលើ ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ខេត្តព្រៃវែង ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។

ក្នុងដំណើរការអនុវត្តនីតិវិធីនេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការយ៉ាងជិតស្និទ្ធជាមួយស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធានាការអនុវត្តច្បាប់ប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាព៕
អត្ថបទ៖ចតុម្មុខ

