ជារឿយៗ ប្រធានាធិបតីលោក ដូណាល់ ត្រាំ តែងតែអះអាងនៅចំពោះមុខពលរដ្ឋអាមេរិកថា គោលនយោបាយដំឡើងពន្ធគយ ឬពន្ធបដិការ លើទំនិញនាំចូលគឺជា «អាវុធដ៏មានឥទ្ធិពល» ក្នុងការបង្ខំឱ្យដៃគូពាណិជ្ជកម្មបរទេសបង់លុយឱ្យអាមេរិក ប៉ុន្តែរបាយការណ៍សេដ្ឋកិច្ចចុងក្រោយបង្អស់បានបង្ហាញនូវការពិតដ៏ជូរចត់មួយថា អ្នកដែលកំពុងបង់ប្រាក់ចូលរដ្ឋពិតប្រាកដ មិនមែនជាជនបរទេសឡើយ តែអ្នកដែលត្រូវបង់ពន្ធស្ទើរតែទាំងស្រុងគឺអ្នកនាំចូលអាមេរិក អតិថិជនក្នុងស្រុក និងចុងក្រោយគឺអ្នកប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក ពោលគឺ ប្រជាជនអាមេរិកខ្លួនឯងផ្ទាល់តែម្ដង។

យោងតាមរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃចន្ទដោយវិទ្យាស្ថានសេដ្ឋកិច្ចពិភពលោក Kiel Institute for the World Economy បានលាតត្រដាងឱ្យដឹងថា អ្នកនាំចេញបរទេសមិនបានបញ្ចុះតម្លៃទំនិញរបស់ខ្លួនឱ្យសមស្របទៅនឹងការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកនោះទេ ផ្ទុយទៅវិញការកើនឡើងនៃចំណូលពន្ធគយចំនួន ២០០ ពាន់លានដុល្លារ គឺជាទំហំទឹកប្រាក់ទាំងស្រុងដែលត្រូវបានដកចេញពីអាជីវកម្ម និងគ្រួសាររបស់ប្រជាជនអាមេរិកទៅវិញទេ។
គោលនយោបាយដែលមេដឹកនាំសេតវិមានតែងតែអះអាងថា ជា «ការវះកាត់ហោប៉ៅ» ឬក៏ជា «ជ័យជម្នះលើចោរលួចការងារ» របស់ប្រជាជនអាមេរិកនោះ ហាក់បីដូចជាកំពុងតែដើរផ្ទុយពីក្ដីរំពឹងទុករបស់រដ្ឋបាលរបស់លោក ។ លោក ត្រាំ តែងតែលក់មនោគមវិជ្ជាទៅកាន់អ្នកគាំទ្រថា ពន្ធគយគឺជាការទារ ឬខ្វេះយកលុយពីហោប៉ៅ ចិន ឥណ្ឌា ឬប្រេស៊ីល ត្រលប់មកវិញ។ ប៉ុន្តែវិទ្យាស្ថានសេដ្ឋកិច្ចពិភពលោកបកស្រាយថា តាមបច្ចេកទេសសេដ្ឋកិច្ចពន្ធគយ មិនមែនជាវិក្កយបត្រដែលផ្ញើទៅក្រៅប្រទេសឡើយ។ វាគឺជាវិក្កយបត្រដែលក្រុមហ៊ុននាំចូលអាមេរិកត្រូវបង់ឱ្យរដ្ឋាភិបាលខ្លួនឯងនៅមាត់ច្រកព្រំដែន។
ការសិក្សាពីវិទ្យាស្ថានដដែលនេះ បានចង្អុលបង្ហាញឱ្យឃើញថា អ្នកនាំចេញបរទេសមិនបានបញ្ចុះតម្លៃសូម្បីតែមួយសេន ដើម្បីជួយចេញថ្លៃពន្ធនេះជំនួសអាមេរិក។ វិទ្យាស្ថាន Kiel បានអះអាងថា តួលេខជិត ១០០% នៃបន្ទុកពន្ធដែលធ្លាក់លើក្រុមហ៊ុននាំចូលអាមេរិក គឺជាភស្តុតាងដែលមិនអាចប្រកែកបាន។
នៅពេលក្រុមហ៊ុនអាមេរិកត្រូវបង់ពន្ធថ្លៃជាងមុន ពួកគេមានជម្រើសតែពីរគត់គឺ ទី១-សុខចិត្តកាត់បន្ថយចំណេញខ្លួនឯង ឬតម្លើងថ្លៃទំនិញលើទីផ្សារ។ ទី ២- អតិថិជនអាមេរិកដែលដើរចូលផ្សារទំនើបគឺជាអ្នករ៉ាប់រងវិក្កយបត្រនេះ។ តាមរយៈរបាយការណ៍នេះសបញ្ជាក់ថា គោលនយោបាយ ពន្ធគយបដិការរបស់លោក ត្រាំ មិនមែនជាការដាក់ពិន័យលើបរទេសទេ ប៉ុន្តែវាគឺជាពន្ធលើការរស់នៅរបស់ពលរដ្ឋអាមេរិក ដែលរដ្ឋបាលលោក ត្រាំ កំពុងតែធ្វើស្រែពាណិជ្ជកម្មលើខ្នងរបស់ពលរដ្ឋខ្លួនឯង។
ដោយឡែក ផ្អែកលើទិន្នន័យដឹកជញ្ជូនដែលគ្របដណ្តប់លើប្រតិបត្តិការចំនួន ២៥ លានដង ដែលមានតម្លៃប្រហែល ៤ ទ្រីលានដុល្លារ គឺបានបង្ហាញទៀតថា ការសិក្សារបស់វិទ្យាស្ថាន Kiel នេះគឺមានភាពផ្ទុយស្រឡះពីការអះអាងរបស់រដ្ឋបាលលោក ត្រាំ ដែលថាដៃគូពាណិជ្ជកម្មគឺជាអ្នកបង់ពន្ធគយ។ វាផ្ទុយត្រង់ថា ការអះអាងរបស់លោក ត្រាំ គឺពន្ធគយត្រូវបានគេលើកឡើងជាឧបករណ៍ដើម្បីទាញយកអត្ថប្រយោជន៍ពីដៃគូពាណិជ្ជកម្មក្នុងការបង្កើនចំណូលសម្រាប់រដ្ឋាភិបាលអាមេរិក ដោយមិនប៉ះពាល់ដល់ថវិការបស់គ្រួសារអាមេរិកឡើយ។ ប៉ុន្តែបើតាមរបាយការណ៍ស្រាវជ្រាវបែរជារកឃើញថា ប្រទេសផលិតបានកាត់បន្ថយបរិមាណនិងដំឡើងថ្លៃជំនួសឱ្យការបញ្ជុះតម្លៃសម្រាប់អ្នកនាំចូល និងអ្នកប្រើប្រាស់ ដូច្នោះហើយអាមេរិកខ្លួនឯងនោះទេ ដែលជាអ្នករ៉ាប់រងការចំណាយខ្ពស់លើទំនិញស្ទើរតែទាំងអស់។
យ៉ាងណាមិញ ក្រុមអ្នកស្រាវជ្រាវរបស់វិទ្យាស្ថាន Kiel រួមមានលោក Julian Hinz, Aaron Lohmann, Hendrik Mahlkow និងកញ្ញា Anna Vorwig បានទម្លាយថា៖ «ពន្ធគយនេះមិនមែនដើរតួជាពន្ធលើអ្នកផលិតបរទេសនោះទេ ប៉ុន្តែវាគឺជាពន្ធលើការប្រើប្រាស់របស់ប្រជាជនអាមេរិក» ហើយគោលនយោបាយនេះកំពុងតែបង្កើត «សង្គ្រាមត្រជាក់សេដ្ឋកិច្ច» ដែលគ្មានអ្នកឈ្នះ។ នៅពេលអាមេរិកដំឡើងពន្ធ ដៃគូពាណិជ្ជកម្មក៏ដំឡើងពន្ធសងវិញ ដែលធ្វើឱ្យកសិករ និងអ្នកផលិតអាមេរិកបាត់បង់ទីផ្សារនាំចេញ។ ហេតុនេះ អាមេរិកលែងជាអ្នកការពារពាណិជ្ជកម្មសេរីទៀតហើយ ប៉ុន្តែអាមេរិកអាចនឹងក្លាយជាអ្នកបំផ្លាញសណ្តាប់ធ្នាប់សកលលោក ដែលធ្វើឱ្យសម្ព័ន្ធមិត្តផ្សេង ត្រូវតែងាកមុខចេញនិងបែរខ្នងដាក់អាមេរិក។
ក្រុមអ្នកស្រាវជ្រាវបានសរសេរថា គោលនយោបាយពន្ធគយរបស់រដ្ឋបាលលោក ត្រាំ គឺជា បណ្ដូលថ្នាំបំពុលដែលស្រោបពីក្រៅដោយស្ករគ្រាប់ផ្អែមឆ្ងាញ់។ វាផ្ដល់ភាពផ្អែមល្ហែមដល់អ្នកជាតិនិយមក្នុងរយៈពេលខ្លី ប៉ុន្តែវាគឺជាជាតិពុលដែលកំពុងបំផ្លាញកម្លាំងទិញរបស់ពលរដ្ឋ និងធ្វើឱ្យសេដ្ឋកិច្ចអាមេរិកកាន់តែឯកោ។ ប្រសិនបើលោក ត្រាំ នៅតែបន្តអះអាងថារដ្ឋដទៃជាអ្នកបង់ពន្ធ នោះលោកមិនត្រឹមតែភូតភរកុហកពិភពលោកប៉ុណ្ណោះឡើយ ប៉ុន្តែលោកកំពុងមើលស្រាលលើសមត្ថភាពនិងចំណេះដឹងផ្នែកសេដ្ឋកិច្ចរបស់ពលរដ្ឋខ្លួនឯង៕

