ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ជាតិ លើកទី១៩ ឆ្នាំ២០២៥-២៦ បានបញ្ចប់ការប្រកួតជើងទី១ ចំនួន ៤គូហើយ កាលពីថ្ងៃទី២១ មករា ខណ:ក្រុមទាំងអស់ស៊ុតគ្នាទៅវិញទៅមក មានគ្រាប់បាល់សរុបមានចំនួន ៣២គ្រាប់។

ក្នុងនោះឃើញថា ក្រុមមកពីលីគកំពូលកម្ពុជា មានព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន បឹងកេត និងវិសាខា សុទ្ធសឹងតែរកបានជ័យជម្នះដូចគ្នា តែក៏មានរឿងចាប់អារម្មណ៍សំខាន់មួយចំនួនដែលកើតឡើងក្នុងការប្រកួតជើងជើងទី១នេះដែរ។
១. ខ្សែប្រយុទ្ធ សៀង ចន្ធា រកគ្រាប់បាល់បានលើកដំបូង នៅពានរង្វាន់ សម្ដេច ថ្នាក់ជាតិ ក្រោយចាក់ចេញពីបឹងកេត ទៅចូលរួមជាមួយព្រះខ័នរាជស្វាយរៀង

២. ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បង្ហាញខ្លួនជាថ្មី នៅពានរង្វាន់ សម្ដេច ថ្នាក់ជាតិ ក្រោយអវត្តអស់ពេល ៣៧២ថ្ងៃ និងរកបាន ១គ្រាប់ ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ

៣. បាត់ដំបង យូណៃធិត ជាក្រុមថ្នាក់ខេត្ត តែ១ ដែលរកគ្រាប់បាល់បានក្នុងជំនួបជើងទី១ នៅពានរង្វាន់ សម្ដេច ថ្នាក់ជាតិ (បាត់ដំបង យូណៃធិត ២-៥ ព្រះខ័នរាជស្វាយរៀង)

៤. វិសាខា រក្សាកំណត់ត្រាចាស់ ជាក្រុមរកគ្រាប់បាល់ច្រើមជាងគេ នៅពានរង្វាន់ សម្ដេច ថ្នាក់ជាតិ ចាប់ពីឆ្នាំ២០២៣-២៤
- ២០២៤ វិសាខា ១២-០ កំពង់ចាម
- ២០២៦ ភ្នំពេញហ្គាឡាក់ស៊ី ០-១៣ វិសាខា

៥. កីឡាករ ៣រូបរកបាន Hat-Trick ជើងទី១ នៅពានរង្វាន់ សម្ដេច ថ្នាក់ជាតិ
- កីឡាករ Nana Kwame របស់វិសាខា រកបាន ៤គ្រាប់ (ភ្នំពេញហ្គាឡាក់ស៊ី ០-១៣ វិសាខា)
- កីឡាករ Myer Bevan របស់បឹងកេត រកបាន ៤គ្រាប់ (ឡាយអ៊ិនឃីង ខេត្តសៀមរាប ០-៩ បឹងកេត)
- កីឡាករ ស រតនា របស់វិសាខា រកបាន ៣គ្រាប់ (ភ្នំពេញហ្គាឡាក់ស៊ី ០-១៣ វិសាខា)

៦. ខ្សែប្រកយទ្ធ Nana Kwame ជនជាតិហ្គាណា របស់វិសាខា ជាកីឡាករបរទេសរកគ្រាប់បាល់បានលឿនជាងគេ នៅពានរង្វាន់ សម្ដេច ថ្នាក់ជាតិ ស៊ុតចូលទីភ្នំពេញហ្គាឡាក់ស៊ី នៅនាទីទី២។

ការប្រកួតវគ្គ១៦ក្រុម ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ជាតិ លើកទី១៩ ឆ្នាំ២០២៥-២៦ នៅសល់ចំនួន ៤គូទៀត នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ មករានេះ៖
- គិរីវង់ សុខសែនជ័យ ប្រកួតជាមួយ អង្គរថាយហ្គឺរ នៅកីឡដ្ឋានគិរីវង់
- អឹម អូ អាយ កំពង់ដេវ៉ា ប្រកួតជាមួយ អាយអេសអាយ ដង្កោសែនជ័យ នៅកីឡដ្ឋាន វិសាខា
- មន្ទីរ អយក ខេត្តកំពង់ចាម ប្រកួតជាមួយ កងយោធពលខេមរភូមិន្ទ ទីលានវិទ្យាល័យព្រះសីហនុ
- ឡាយហ្វ ខេត្តព្រះសីហនុ ប្រកួតជាមួយ ណាហ្គាវើលដ៍ នៅកីឡដ្ឋានឡាយហ្វ
ស្រាប់ពេលការប្រកួតនៅជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី៤ កុម្ភ: និងថ្ងៃទី១១ កុម្ភ: ឆ្នាំ២០២៦ ដើម្បីកំណត់រកក្រុមដែលមានគ្រាប់បាល់ច្រើនជាងគេ ឡើងទៅកាន់វគ្គបន្ត។

ការប្រកួត ចាប់ផ្តើមពីថ្ងៃទី២១ ខែមករា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដោយតម្រូវឱ្យក្រុមទាំង១៦ ប្រកួតប៉ះដៃគូចំនួន២ជើង ក្នុងនិងក្រៅដី។ ចំនួនក្រុមដែលមានគ្រាប់បាល់ច្រើនជាងគេសរុបទាំងពីរជើង នឹងឡើងទៅវគ្គបន្ត ពីវគ្គ១៦ក្រុម ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈវគ្គផ្តាច់ព្រ័ត្រ គឺធ្វើតែមួយជើងទេ នៅទឹកដីកណ្តាល។
សូមរំឭកថា ក្រុមមន្ទីរ អយក ខេត្តកំពង់ចាម ម្ចាស់ជើងឯក ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ២០២៥-២៦ ក្រោយយកឈ្នះក្លិបបាល់ទាត់ឡាយអ៊ិនឃីង ខេត្តសៀមរាប ២-១ នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ធ្នូ ២០២៥។
សម្រាប់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) ថ្នាក់ជាតិ ត្រូវរៀបចំឡើងតាំងពីឆ្នាំ២០១៧ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកបានច្រើនជាងគេ ៥លើក ក្រសួងការពារជាតិ បាន ៣លើក វិសាខា បាន ៣លើក ភ្នំពេញក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕

