ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា របស់បឹងកេត បង្ហាញខ្លួនជាថ្មី នៅពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ជាតិ ក្រោយអវត្តអស់ពេល ៣៧២ថ្ងៃ និងរកបាន ១គ្រាប់ ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រ ក្នុងជំនួបឈ្នះឡាយអុិនឃីង ខេត្តសៀមរាប ៩-០ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។

ចាន់ វឌ្ឍនាកា ថ្លែងក្រោយរកបានគ្រាប់បាល់សារជាថ្មី បន្ទាប់ពីជាសះស្បើយពីរបួសជង្គង់ ACL៖«ខ្ញុំពិតជារីករាយ និង លាយអារម្មណ៍រំភើបយ៉ាងខ្លាំងដែលអាចត្រលប់មកលេងបាល់ទាត់សារជាថ្មីម្ដងទៀតជាមួយកីឡាដែលខ្ញុំស្រលាញ់ពីក្មេងមក ពេលវេលាដែលចាប់ផ្ដើមពិតប្រាកដណាស់វានឹងលំបាក តែខ្ញុំបានទទួលសារលើកចិត្តជាច្រើនដែលជាហេតុជំរុញអោយខ្ញុំកាន់តែមិនបោះបង់ និង កាន់តែខិតខំបន្ថែមទៀត អរគុណគ្រប់គ្នាសម្រាប់ការលើកទឹកចិត្តគាំទ្រកន្លងមក»។
ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ជាតិ លើកទី១៩ ឆ្នាំ២០២៥-២៦ បានបញ្ចប់ការប្រកួតជើងទី១ ចំនួន ៤គូហើយ កាលពីថ្ងៃទី២១ មករា ខណ:ក្រុមទាំងអស់ស៊ុតគ្នាទៅវិញទៅមក មានគ្រាប់បាល់សរុបមានចំនួន ៣២គ្រាប់។

សម្រាប់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) ថ្នាក់ជាតិ ត្រូវរៀបចំឡើងតាំងពីឆ្នាំ២០១៧ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកបានច្រើនជាងគេ ៥លើក ក្រសួងការពារជាតិ បាន ៣លើក វិសាខា បាន ៣លើក ភ្នំពេញក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕
