ការចេញសេចក្តីថ្លែងការណ៍យ៉ាងម៉ឺងម៉ាត់របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា នៅដើមខែ មករា ឆ្នាំ២០២៦ នេះ មិនត្រឹមតែជាការការពារបេតិកភណ្ឌជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺជាការទប់ទល់នឹងយុទ្ធសាស្ត្រឈ្លានពានលេបទឹកដី តាមរយៈការបំផ្លិចបំផ្លាញវប្បធម៌ពីសំណាក់ភាគីថៃ។

វាជារឿងដ៏គួរឱ្យតក់ស្លុតបំផុត ដែលបុរាណស្ថានដ៏មានតម្លៃដូចជា ប្រាសាទតាក្របី ត្រូវបានរាយការណ៍ថាទទួលរងការបាញ់បំផ្លាញពីសំណាក់យោធាថៃ រហូតស្ទើរតែខ្ទេចរូបរាង។ សកម្មភាពនេះមិនមែនគ្រាន់តែជាវិវាទព្រំដែនធម្មតានោះទេ ប៉ុន្តែគឺជាបទឧក្រិដ្ឋប្រឆាំងនឹងវប្បធម៌។ ការប្រើប្រាស់អាវុធធុនធ្ងន់បាញ់ប្រហារលើប្រាសាទដែលគ្មានវិញ្ញាណ និងជាទីគោរពសក្ការៈ ឆ្លុះបញ្ចាំងពីការខ្វះសីលធម៌ និងការមិនគោរពដល់តម្លៃមនុស្សជាតិដែលច្បាប់អន្តរជាតិបានចែង។
ក្រសួងវប្បធម៌បានគូសបញ្ជាក់អំពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជិតប្រាសាទដោយភាគីថៃ ដែលជាល្បិចកលនយោបាយដ៏គ្រោះថ្នាក់មួយ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់ទុកថាសកម្មភាពឈ្លានពាននេះគឺជាការរំលោភបំពានទាំងស្រុងទៅនឹងគោលការណ៍ជាមូលដ្ឋាន និងមិនអាចបដិសេធបាននៃច្បាប់អន្តរជាតិ ដែលហាមឃាត់ការកាន់កាប់ទឹកដីដោយប្រើប្រាស់កម្លាំង។
ប្រាសាទតាក្របី មិនមែនគ្រាន់តែជាផ្ទាំងថ្មតម្រួតលើគ្នានោះទេ ប៉ុន្តែគឺជាបុរាណស្ថាននៃដួងព្រលឹងដូនតាខ្មែរ និងជាទីតាំងគោរពសក្ការៈតាមជំនឿប្រពៃណីរបស់ប្រជាជនខ្មែរតាំងពីបុរាណកាល។ ការឈ្លានពានកាន់កាប់ដោយកម្លាំងទ័ពពីសំណាក់យោធាថៃ គឺជាការជាន់ឈ្លីដល់សេចក្តីថ្លៃថ្នូរ និងជំនឿសាសនារបស់ខ្មែរទាំងមូល។
នៅក្នុងសេចក្ដីថ្លែងការណ៍ក្រសួងវប្បធម៌ស្នើឱ្យភាគីថៃងាកមកដោះស្រាយតាមផ្លូវសន្តិវិធី និងគោរពច្បាប់អន្តរជាតិ ដែលជាជំហរដ៏ត្រឹមត្រូវ។ សហគមន៍អន្តរជាតិ ជាពិសេសអង្គការ UNESCO គួរតែពិនិត្យមើលសកម្មភាពរបស់យោធាថៃនៅតំបន់នោះ ព្រោះការកាន់កាប់ទឹកដីដោយប្រើប្រាស់កម្លាំងបាយ និងការបំផ្លាញបេតិកភណ្ឌ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើសណ្តាប់ធ្នាប់ពិភពលោក។
រាល់សកម្មភាពរបស់យោធាថៃនៅប្រាសាទតាក្របី គឺជាការសាកល្បងនូវអធិបតេយ្យភាព និងការអត់ធ្មត់របស់កម្ពុជា។ ការប្រកាសតវ៉ារបស់ក្រសួងវប្បធម៌ គឺជាការក្រើនរំលឹកដល់ពិភពលោកថា កម្ពុជានឹងមិនឱបដៃឈរមើលការបំផ្លិចបំផ្លាញមរតកដូនតា និងការរំលោភបំពានទឹកដីដោយខុសច្បាប់បែបនេះឡើយ។ សន្តិភាពពិតប្រាកដ អាចកើតមានទៅបាន លុះត្រាតែមានការគោរពព្រំដែន និងតម្លៃវប្បធម៌របស់អ្នកជិតខាងដោយស្មោះត្រង់៕


