បាត់ដំបង÷ សង្ស័យឆ្លងភ្លើងឆាបឆេះរថយន្តមួយគ្រឿងចេញពីផ្នែកម៉ាស៊ីនខូចខាតយ៉ាងដំណំនៅព្រលប់ថ្ងៃម្សិលមិញ។ ករណីអគ្គិភ័យនេះបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅវេលាម៉ោង ៦:០០នាទីព្រលប់ ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៦ តាមបណ្តោយកំណាត់ផ្លូវជាតិលេខ ៥ ក្នុងក្រុមទី ១៧ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោក សេង លុច អធិការនគរបាលស្រុកថ្មគោលបានបញ្ជាក់ឲ្យដឹងថា÷ រថយន្តដែលបានឆាបឆេះខាងលើម៉ាក TOYOTA CAMRY ផលិតរីឆ្នាំ១៩៩៧ ពាក់ស្លាកលេខ ភ្នំពេញ ២M-៤៧៩៣ បើកបរដោយឈ្មោះ សុខ សុភ័ក្រ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ហេតុការណ៍រថយន្តឆ្លងចរន្តភ្លើងដដែលបានកើតឡើងគ្រាដែលម្ចាស់កំពុងបើកបរស្រាប់ធុំឈ្ងៀមចេញពីផ្នែកម៉ាស៊ីនខាងមុនរបស់រថយន្តបានបន្តិចក៏ឆាបមានអណ្តាតភ្លើងឆេះឡើងតែម្តង។ ភ្ញាក់ផ្អើលភ្លាមៗអ្នកភូមិ ក៏ដូចជាកម្លាំងនគរបាលស្រុកថ្មគោលចេញរថយន្តអន្តរាគមន៍ពន្លត់យ៉ាងប្រញាប់ប្រញាល់រហូតគ្រប់គ្រង់ស្ថានការណ៍បានទាំងស្រុង។ លោកអធិការបន្តថា អគ្គិភ័យនេះបណ្តាលឲ្យរថយន្តខូចខាតប្រមាណ ៣០% ចំណែកអ្នកបើកបរមិនបង្កឲ្យគ្រោះថ្នាក់ទេ៕
អត្ថបទ: ដំបងក្រញូង

