បាត់ដំបង÷ អភិបាលខេត្តបាត់ដំបងបានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅដងផ្លូវសំខាន់ៗកុំឲ្យរំលោភយកដីចំណីផ្លូវរបស់រដ្ឋដើម្បីលើកកម្ពស់សោភ័ណភាពសាធារណ: និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍កើតឡើង។

ក្នុងឱកាសបើកការដ្ឋានជួសជុល និងពង្រីកផ្លូវខេត្តលេខ ១៥៧១ នៅព្រឹកថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា÷ ចំពោះមុខនេះអាជ្ញាធរភូមិ ឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ការរំលោភដីចំណីផ្លូវដោយបងប្អូនប្រជាពលរដ្ឋដែលរស់នៅដងផ្លូវនានា ងាយស្រួលក្នុងការបើកផ្លូវឱ្យបានធំទូលាយលើកកម្ពស់សោភ័ណភាពឈានដល់ការជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍសង្គមឲ្យកាន់តែរីកចម្រើន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ពិសេសបានទុកជាកេរ្តិ៍ដំណែលសម្រាប់កូនចៅជំនាន់ក្រោយៗមានលក្ខណះល្អប្រសើរ។

លើសពីនេះឯកឧត្តម ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវសំខាន់ៗទាំងអស់សូមបញ្ឈប់ការរំលោភបំពានយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនហើយសាងសង់សំណង់រឹងមាំដោយខុសច្បាប់។ កំណាត់ដែលបើកការដ្ឋានជួសជុលពង្រីកទទឹងផ្លូវខេត្តលេខ ១៥៧១ និងក្រាលកៅស៊ូ DBSTខាងលើមានប្រវែង ២,០០០ម៉ែត្រ ទទឹង ១០ម៉ែត្រ ស្ថិតក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង៕

អត្ថបទ: ដំបងក្រញូង

