ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពង្រឹងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បីបង្ការកុំឱ្យក្រុមឧក្រិដ្ឋជនរើបម្រាស់ ឬផ្លាស់ប្តូរទីតាំងទៅកាន់តំបន់យុទ្ធសាស្ត្រផ្សេងៗ ពិសេសរាជធានីភ្នំពេញ និងតំបន់ទេសចរណ៍។
ការណែនាំនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្ដិបណ្ឌិត អញ្ជើញជាអធិបតីបើក សន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ។

ជាមួយគ្នានេះ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ធ្លាប់បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្តវិធានការយ៉ាងតឹងរ៉ឹង ក្នុងការបោសសម្អាតបទល្មើសឆបោកអនឡាញ ដោយមានផែនការច្បាស់លាស់ក្នុងការលុបបំបាត់ឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦ខាងមុខ។
ក្រៅពីបញ្ហាស្កេមអនឡាញ ឯកឧត្តមអភិសន្ដិបណ្ឌិត ក៏បានណែនាំឱ្យសមាជិកអង្គសន្និបាតជិត ៨០០នាក់ យកចិត្តទុកដាក់ស្តាប់ និងពិភាក្សាលើបទអន្តរាគមន៍ និងបទបង្ហាញបច្ចេកទេសចំនួន ១១ ប្រធានបទ សំខាន់ៗ ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើស បញ្ហាគ្រឿងញៀន ការគ្រប់គ្រងជនបរទេស ការផ្តល់សេវារដ្ឋបាល ការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងការលើកកម្ពស់សេវាសង្គមនៅថ្នាក់ក្រោមជាតិ។
សូមបញ្ជាក់ថា សន្និបាតនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះក្រសួងមហាផ្ទៃ រួមទាំងថ្នាក់ដឹកនាំតំណាងក្រសួង–ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណជិត ៨០០ នាក់ ហើយពិធីបិទ នឹងប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕














