ក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសកិច្ចព្រមព្រៀងបញ្ជាទិញយន្តហោះដឹកអ្នកដំណើរប្រភេទ 737 MAX ចំនួន ២០គ្រឿង ពីក្រុមហ៊ុន Boeing របស់សហរដ្ឋអាមេរិក។
ពិធីចុះហត្ថលេខានេះបានធ្វើឡើងកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាកាសចរណ៍ឆាងហ្គី (Changi Aviation Summit 2026) និងកម្មវិធីពិព័រណ៍អាកាសយានឆ្នាំ២០២៦ (Singapore Airshow 2026) នៅប្រទេសសឹង្ហបុរី។
នេះគឺជាកិច្ចព្រមព្រៀងដ៏ធំបំផុតមិនធ្លាប់មានរបស់ Air Cambodia សម្រាប់ការទិញយន្តហោះខ្នាតតូច (Single-aisle) និងជាលើកដំបូងបង្អស់ដែលក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាសម្រេចទិញយន្តហោះពីក្រុមហ៊ុន Boeing។
យន្តហោះប្រភេទនេះអាចដឹកអ្នកដំណើរបានដល់ ១៧៨នាក់ និងមានសមត្ថភាពហោះហើរបានចម្ងាយរហូតដល់ ៦,៤៨០ គីឡូម៉ែត្រ។
“ការវិនិយោគនេះ គឺជាជំហានថ្មីមួយដ៏មានសារៈសំខាន់ក្នុងការកែលម្អ និងពង្រីកវិសាលភាពរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃវិស័យអាកាសចរណ៍ក្នុងតំបន់អាស៊ី។” — រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល
ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច
ការសម្រេចចិត្តវិនិយោគដ៏ធំនេះ មិនត្រឹមតែជួយពង្រឹងសមត្ថភាពតភ្ជាប់ជើងហោះហើររបស់កម្ពុជានៅទូទាំងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាណវិជ្ជមាននៃការវិវត្តកាន់តែស៊ីជម្រៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជាផងដែរ។
យន្តហោះថ្មីទាំងនេះ នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់នូវសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសដែលមានសុវត្ថិភាព ទំនើប និងមានប្រសិទ្ធភាពខ្ពស់៕



អត្ថបទ៖ត្រយង
