ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញឆន្ទៈយ៉ាងមោះមុតក្នុងការលុបបំបាត់បទល្មើសបច្ចេកវិទ្យា ដោយក្នុងរយៈពេលត្រឹមតែជាងមួយខែ (ចាប់ពីថ្ងៃទី១ ខែមករា ដល់ដើមខែកុម្ភៈ ឆ្នាំ២០២៦) សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនៅទូទាំងប្រទេស។

តាមរបាយការណ៍ពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) លទ្ធផលសម្រេចបានមានដូចជា៖

  • បង្ក្រាបទីតាំងសរុប៖ ១៩០ កន្លែង (ក្នុងនោះមានកាស៊ីណូចំនួន ៤៤ កន្លែង)។
  • ភូមិសាស្ត្រប្រតិបត្តិការ៖ ខេត្តព្រះសីហនុ, កំពត, កណ្តាល, ស្វាយរៀង, ពោធិ៍សាត់, ព្រៃវែង, មណ្ឌលគិរី និងរាជធានីភ្នំពេញ។
  • ឃាត់ខ្លួនជនសង្ស័យ៖ ចំនួន ២ ៥០៨ នាក់ (មាន ៧ សញ្ជាតិ រួមមាន៖ នេប៉ាល់, ចិន, ម៉ាឡេស៊ី, ឡាវ, ឥណ្ឌា, ប៉ាគីស្ថាន និងបង់ក្លាដេស)។
  • វត្ថុតាងរឹបអូស៖ កុំព្យូទ័រ, ទូរស័ព្ទ និងស៊ីមកាតជាច្រើនគ្រឿង ដែលបម្រើឱ្យសកម្មភាពឆបោក។

ចំណាត់ការច្បាប់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ

ក្នុងរយៈពេល ៨ ខែចុងក្រោយនេះ តុលាការកម្ពុជាបានចាត់ការលើសំណុំរឿងធំៗចំនួន ៣៧ ករណី ដោយបានផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ១៧២ នាក់។ ទន្ទឹមនឹងនោះ ជនបរទេសចំនួន ៩ ៣១៤ នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា។

ក្រៅពីវិធានការក្នុងស្រុក កម្ពុជាក៏បានពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសមត្ថកិច្ចនៃ សាធារណរដ្ឋប្រជាមានិតចិន, អាមេរិក និងកូរ៉េ ដើម្បីវែកមុខបណ្តាញអង្គការចាត់តាំងដែលស្ថិតនៅពីក្រោយសកម្មភាពឆបោកឆ្លងដែនទាំងនេះ។

ឥទ្ធិពលនៃយុទ្ធនាការ

សម្ពាធនៃការបង្ក្រាបយ៉ាងចាស់ដៃនេះ បានជំរុញឱ្យជនបរទេសចំនួន ១១០ ០៩៥ នាក់ (មាន ៦ សញ្ជាតិផ្សេងគ្នា) សម្រេចចិត្តចាកចេញពីប្រទេសកម្ពុជា ក្នុងអំឡុងខែមករា និងដើមខែកុម្ភៈ ឆ្នាំ២០២៦ នេះ។

រាជរដ្ឋាភិបាលបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ៕

អត្ថបទ៖ត្រយង

Share.