នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានទទួលជួបពិភាក្សាការងារជាមួយ លោក John C. Coughenour ចៅក្រមជាន់ខ្ពស់នៃសហរដ្ឋអាមេរិក ដើម្បីផ្លាស់ប្តូរទស្សនៈលើបញ្ហាសន្តិសុខព្រំដែន និងការលើកកម្ពស់សិទ្ធិមនុស្ស។
ការរំលោភបំពានរបស់ភាគីថៃ និងផលប៉ះពាល់ដល់ជនស៊ីវិល
ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីការវិវត្តនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសង្កត់ធ្ងន់លើចំណុចសំខាន់ៗ៖
- ការរំលោភច្បាប់អន្តរជាតិ៖ ភាគីថៃបានប្រើប្រាស់ផែនទីឯកតោភាគី ដែលផ្ទុយនឹងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង ១៩០៧។
- ការឈ្លានពានយោធា៖ កងកម្លាំងថៃបានប្រើអាវុធធុនធ្ងន់ និងយន្តហោះចម្បាំង (F-16, Gripen) វាយប្រហារលើតំបន់ស៊ីវិល និងបេតិកភណ្ឌពិភពលោក (ប្រាសាទព្រះវិហារ)។
- ការរំលោភសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌៖ បើទោះបីមានកិច្ចព្រមព្រៀងបទឈប់បាញ់ (ខែតុលា ២០២៥) ក៏ភាគីថៃនៅតែបន្តបង្កហេតុ រារាំងជនភៀសសឹកជាង ១សែននាក់មិនឱ្យត្រឡប់ទៅផ្ទះសម្បែង និងបំផ្លាញអត្តសញ្ញាណជាតិកម្ពុជាក្នុងតំបន់អធិបតេយ្យភាព។
ជំហរសន្តិភាពរបស់កម្ពុជា
ឯកឧត្តម កែវ រ៉េមី បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាជាប្រទេសស្រឡាញ់សន្តិភាព និងប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន។ ទោះជាយ៉ាងណា កម្ពុជាមានកាតព្វកិច្ចការពារបូរណភាពទឹកដីរបស់ខ្លួនឱ្យបានដាច់ខាត។

ការគាំទ្រពីភាគីសហរដ្ឋអាមេរិក
ជាការឆ្លើយតប លោក John C. Coughenour បានពាំនាំនូវការគាំទ្រពីលោកប្រធានាធិបតី Donald J. Trump ចំពោះរាជរដ្ឋាភិបាលកម្ពុជា៖
- ការកោតសរសើរ៖ អាមេរិកគាំទ្រការអត់ធ្មត់ និងការប្តេជ្ញាចិត្តដោះស្រាយបញ្ហាតាមផ្លូវច្បាប់របស់កម្ពុជា។
- ការខកចិត្តលើសកម្មភាពយោធាថៃ៖ លោកចៅក្រមបានសម្តែងការសោកស្តាយចំពោះការប្រើប្រាស់កម្លាំងយោធាឈ្លានពានដែលបង្កទុក្ខបុកម្នេញដល់ជនស៊ីវិល។
- វឌ្ឍនភាពសិទ្ធិមនុស្ស៖ លោកបានកោតសរសើរកម្ពុជាលើការងារសិទ្ធិមនុស្ស ដូចជាការលុបចោលទោសប្រហារជីវិត សុខដុមនីយកម្មសាសនា និងការការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា (LGBTQ+)។
ជំនួបនេះបានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល និងយោគយល់គ្នាខ្ពស់ ដែលឆ្លុះបញ្ចាំងពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក លើឆាកអន្តរជាតិ៕

អត្ថបទ៖ត្រយង
