ក្រុមប្រឹក្សាទេសចរណ៍វេជ្ជសាស្ត្រម៉ាឡេស៊ី (MHTC) បានពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយប្រទេសកម្ពុជា តាមរយៈការរៀបចំពិធីជួបជុំអាហារពេលល្ងាច សហការជាមួយស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ដែលត្រូវបានប្រារព្ធឡើងស្របពេលជាមួយព្រឹត្តិការណ៍ “សប្តាហ៍សុខាភិបាលម៉ាឡេស៊ី ឆ្នាំ២០២៦” (Malaysia Healthcare Week Phnom Penh 2026) នៅសណ្ឋាគារ Shangri-La ភ្នំពេញ កាលពីល្ងាចថ្ងៃទី៥ កុម្ភ: ២០២៦។

កិច្ចសហប្រតិបត្តិការការទូតលើកដំបូងនៅកម្ពុជា សម្រាប់ឆ្នាំ២០២៦នេះ គឺជាផ្នែកមួយនៃយុទ្ធនាការ “ឆ្នាំទេសចរណ៍វេជ្ជសាស្ត្រម៉ាឡេស៊ី ២០២៦” (Malaysia Year of Medical Tourism 2026 – MYMT 2026) ក្រោមប្រធានបទ “ការព្យាបាលប្រកបដោយបដិសណ្ឋារកិច្ច” (Healing Meets Hospitality)។
Malaysia Healthcare Week ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ម៉ាឡេស៊ី ជាគោលដៅឈានមុខគេផ្នែកសុខាភិបាល និងទេសចរណ៍វេជ្ជសាស្ត្រ នៅក្នុងតំបន់ ព្រមទាំងពង្រឹងទំនាក់ទំនងទ្វេភាគី និងការផ្លាស់ប្តូរបទពិសោធន៍រវាងប្រទេសទាំងពីរ ក្នុងបរិបទនៃការអភិវឌ្ឍប្រព័ន្ធសុខាភិបាលប្រកបដោយចីរភាព។
កម្មវិធីនេះមានការចូលរួមពីភ្ញៀវកិត្តិយសចំនួន ២០០នាក់ រួមមាន៖ អង្គទូតនានាប្រចាំកម្ពុជា តំណាងក្រសួងស្ថាប័នរដ្ឋ តំណាងក្រុមហ៊ុនឯកជន ភាគីពាក់ព័ន្ធក្នុងវិស័យសុខាភិបាល និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដើម្បីជំរុញការពិភាក្សាឱ្យកាន់តែស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការសុខាភិបាលក្នុងតំបន់។

ចំពោះចំណុចសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ នេះរួមមានដូចខាងក្រោម៖
- ស្ពានចម្លងទំនាក់ទំនង៖ វិស័យសុខាភិបាលត្រូវបានចាត់ទុកជាស្ពានចម្លងដ៏សំខាន់រវាងប្រទេសទាំងពីរ ក្នុងការគាំទ្រដល់ការបញ្ជូនអ្នកជំងឺ ការផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ និងការកសាងទំនុកចិត្តទៅវិញទៅមកលើសពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចធម្មតា។
- ការឆ្លើយតបនឹងតម្រូវការ៖ ម៉ាឡេស៊ីបានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការគាំទ្រដល់តម្រូវការដែលកំពុងកើនឡើងរបស់អ្នកជំងឺកម្ពុជា ក្នុងការស្វែងរកសេវាព្យាបាលនៅក្រៅប្រទេស ដោយផ្តល់ជូននូវជម្រើសដ៏គួរឱ្យទុកចិត្ត ដែលរួមបញ្ចូលគ្នានូវគុណភាពព្យាបាល តម្លៃសមរម្យ និងភាពងាយស្រួលក្នុងការធ្វើដំណើរ។
- យុទ្ធសាស្ត្ររយៈពេលវែង៖ ពិធីលៀងសាយភាយនេះមិនមែនត្រឹមតែជាព្រឹត្តិការណ៍ម្តងម្កាលនោះទេ ប៉ុន្តែវាជាសញ្ញានៃការប្តេជ្ញាចិត្តរយៈពេលវែងរបស់ “Malaysia Healthcare” ក្នុងការកសាងទំនាក់ទំនងយូរអង្វែងជាមួយរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្មសុខាភិបាលកម្ពុជា។
Malaysia Healthcare Week ក៏បានក្លាយជាវេទិកាសំខាន់ សម្រាប់ការជួបពិភាក្សា និងបង្កើតបណ្តាញទំនាក់ទំនង រវាងមន្ទីរពេទ្យ និងក្រុមសុខាភិបាលម៉ាឡេស៊ី ជាមួយដៃគូកម្ពុជា។ មន្ទីរពេទ្យ និងក្រុមសុខាភិបាលម៉ាឡេស៊ីជាច្រើន បានធ្វើបទបង្ហាញអំពីជំនាញ សេវាកម្ម និងបរិក្ខារទំនើបរបស់ខ្លួន ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើង នៃអ្នកជំងឺកម្ពុជា។
ត្រូវបានវាយតម្លៃថា ជាជំហានសំខាន់មួយ ក្នុងការពង្រឹងភាពជាដៃគូយូរអង្វែង រវាងកម្ពុជា និងម៉ាឡេស៊ី ក្នុងវិស័យសុខាភិបាល និងទេសចរណ៍វេជ្ជសាស្ត្រ ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់សុខុមាលភាពប្រជាជន និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។
តាមរយៈយុទ្ធនាការ MYMT 2026 ក្រុមប្រឹក្សា MHTC បន្តជំរុញភាពជាដៃគូដែលលើកកម្ពស់ស្តង់ដារសុខាភិបាល និងកែលម្អលទ្ធផលនៃការព្យាបាលអ្នកជំងឺនៅទូទាំងតំបន់ ដោយនាំមកនូវស្មារតីនៃ “ការព្យាបាលប្រកបដោយបដិសណ្ឋារកិច្ច” ដែលរួមបញ្ចូលនូវការថែទាំវេជ្ជសាស្ត្រកម្រិតខ្ពស់ ជាមួយការយល់ដឹងពីវប្បធម៌ និងការយកចិត្តទុកដាក់ខ្ពស់។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាទេសចរណ៍វេជ្ជសាស្ត្រម៉ាឡេស៊ី (MHTC) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាលម៉ាឡេស៊ី MHTC មានភារកិច្ចអភិវឌ្ឍ និងលើកកម្ពស់ម៉ាកសញ្ញា “Malaysia Healthcare”។ ជាមួយមន្ទីរពេទ្យសមាជិកចំនួន ៨០ នៅទូទាំងប្រទេស MHTC ដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យម៉ាឡេស៊ីក្លាយជាគោលដៅឈានមុខគេលើពិភពលោកសម្រាប់ទេសចរណ៍វេជ្ជសាស្ត្រ៕
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.mhtc.org.my/

