ភ្នំពេញ៖ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានលើកឡើងនូវយុទ្ធសាស្ត្រការងារដ៏គួរឱ្យចាប់អារម្មណ៍មួយ ដើម្បីចៀសវាងការក្លាយជា «លោកសេដ្ឋីបញ្ហា» ដែលពូកែតែខាងរាប់រៀបបញ្ហា ប៉ុន្តែគ្មានលទ្ធផលដោះស្រាយ។
លោកអភិបាលរងបានគូសបញ្ជាក់ថា យុទ្ធសាស្ត្រ «ធ្វើផង ពន្យល់ផង» នេះ អាចលេចចេញជារូបរាង និងមានប្រសិទ្ធភាពទៅបាន គឺបន្ទាប់ពីទទួលបានការផ្តល់មតិណែនាំ និងការសម្រេចចិត្តដ៏ឈ្លាសវៃពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ផ្អែកលើគោលការណ៍ដ៏ខ្ពង់ខ្ពស់នេះ លោកអភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកិច្ចប្រជុំបញ្ជាផ្ទាល់ និងចាត់ចែងវិធានការអនុវត្តក្នុងកម្រិតខណ្ឌឱ្យចំគោលដៅ និងប្រកបដោយមនសិការវិជ្ជាជីវៈ។



ផ្អែកលើការដឹកនាំដ៏រឹងមាំនេះ រដ្ឋបាលខណ្ឌបានបែងចែកសកម្មភាពអនុវត្តជា ២ ផ្នែកធំៗ៖
១. ការដោះស្រាយដោយបេះដូង និងការលះបង់
លោក ប៉ាង លីដា បានសង្កត់ធ្ងន់ថា មុននឹងចុះអនុវត្ត មន្ត្រីត្រូវមាន «បេះដូង» និងឆន្ទៈយកទុក្ខកង្វល់ពលរដ្ឋមកដាក់ក្នុងខ្លួន។ លោកបានប្រើរូបមន្ត «មូរជើងខោ មូរដៃអាវ កប់លូទឹកស្អុយ» ដើម្បីបង្ហាញពីគំរូភាព។
«យើងសុខចិត្តដើរទៅឈ្លោះជាមួយសំរាម យើងក្រោកចេញពីកៅអីការិយាល័យទៅកកាយភក់ស្អុយ ប៉ុន្តែយើងមិនមែនជាមន្ត្រីសំរាមនោះទេ!»។
ជាក់ស្តែង នៅតំបន់ត្រពាំងក្រសាំង ក្រុមការងារបានចំណាយពេល ១៥ ថ្ងៃ កកាយសំរាមចេញពីលូក្នុងចម្ងាយផ្លូវត្រឹម ២៩ ម៉ែត្រ ប៉ុន្តែប្រមូលសំរាមបានរហូតដល់ ១៣ ឡានមីសូដា។




២. សិល្បៈនៃការរំដោះចិញ្ចើមផ្លូវ «ងើយស្កក ឱនដាក់គ្រាប់»
ចំពោះការរៀបចំសណ្តាប់ធ្នាប់ចិញ្ចើមផ្លូវ លោកបានប្រើប្រាស់ «អំណាចទន់» តាមរយៈយុទ្ធសាស្ត្រ «ឱនលំទោន» ដើម្បីបន្សាបកំហឹងប្រជាពលរដ្ឋ៖
• បើនរណាតឹងរឹង៖ សំពះអង្វរសុំការយោគយល់។
• បើនរណាស្លូតបូត៖ សំពះអរគុណ។
• បើមានការប៉ះពាល់ដោយអចេតនា៖ សំពះសុំទោស ទោះបីមិនមែនជាអ្នកបង្កក៏ដោយ។
ការប្រើប្រាស់អំណាចទន់ និងការចុះពន្យល់ដោយភាពអត់ធ្មត់នេះ បានធ្វើឱ្យប្រជាពលរដ្ឋប្រែក្លាយពីការតវ៉ា មកជាការចូលរួមរុះរើដោយស្ម័គ្រចិត្ត និងផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ៕
