អតីតមេទ័ពភូមិភាគទី២ នាយឧត្តមសេនីយ៍ ប៊ុនស៊ីន បដិសេធចំពោះខ្សែអាត់សំឡេងដែលពាក់ព័ន្ធនឹងកញ្ចប់ថវិកាក្រសួងការពារជាតិ ដែលកំពុងតែផ្ទុះការចែករំលែកនៅលើបណ្ដាញទំនាក់ទំនងសង្គមថៃ ដោយបញ្ជាក់ថាលោកមិនពាក់ព័ន្ធនឹងរឿងនយោបាយទេ និងអះអាងទៀតថាជាព័ត៌មានមិនពិតទាំងស្រុង។

កាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៦ នាយឧត្តមសេនីយ៍ ប៊ុនស៊ីន ផាតខ្លាង (Gen. Boonsin Padklang) ទីប្រឹក្សាអគ្គបញ្ជាការកងទ័ពជើងគោក បានចេញមុខមកបំភ្លឺករណីមានការចែកចាយខ្សែអាត់សំឡេងនៅលើបណ្ដាញសង្គម ដែលមានខ្លឹមសារក្នុងលក្ខណៈថា ប្រសិនបើកងទ័ពមិនត្រូវបានកាត់បន្ថយកញ្ចប់ថវិកាទេនោះ ប្រហែលជាមិនមានការបាត់បង់ក្នុងកម្រិតនេះឡើយ ហើយប្រសិនបើទទួលបានការគាំទ្រថវិកាជាធម្មតា ស្ថានការណ៍គួរតែត្រូវបានបញ្ចប់លឿនជាងនេះ ព្រមទាំងបានលើកឡើងអំពីប្រសិទ្ធភាពនៃអាវុធយុទ្ធភណ្ឌដែលថៃកំពុងប្រើប្រាស់ផងដែរ។

នាយឧត្តមសេនីយ៍ ប៊ុនស៊ីន បានបញ្ជាក់យ៉ាងច្បាស់ថា ខ្សែអាត់សំឡេងនោះគឺ មិនមែនជាការពិតឡើយ ហើយលោកក៏មិនដែលបានពោលពាក្យ ឬធ្វើការអធិប្បាយក្នុងលក្ខណៈបែបនោះឡើយ។ ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា លោកមិនដែលចូលទៅពាក់ព័ន្ធជាមួយអ្នកនយោបាយ ឬបញ្ចេញមតិយោបល់ទាក់ទងនឹងរឿងនយោបាយក្នុងករណីណាមួយនោះទេ។

នាយឧត្តមសេនីយ៍ ប៊ុនស៊ីន បានបញ្ជាក់បន្ថែមថា ការអញ្ជើញលោកឱ្យទៅធ្វើបទបង្ហាញនានា គឺមានគោល​បំណង​តែមួយគត់ គឺដើម្បីបណ្ដុះស្មារតីស្នេហាជាតិ សាសនា និងព្រះមហាក្សត្រតែប៉ុណ្ណោះ ដោយមិនដែលលើកឡើងអំពីនយោបាយថៃ ឬបញ្ហាកញ្ចប់ថវិកាកងទ័ពដូចការចោទប្រកាន់នោះឡើយ។

នាយឧត្តមសេនីយ៍ ប៊ុនស៊ីន បានលើកឡើងថា ៖ «ខ្ញុំសូមបញ្ជាក់ជាថ្មីថា ខ្ញុំមិនពាក់ព័ន្ធនឹងរឿងនយោបាយទេ ហើយត្រៀមខ្លួនជានិច្ចក្នុងការបំពេញតួនាទីធ្វើបទបង្ហាញ ដើម្បីបណ្ដុះមនោគមវិជ្ជាស្នេហាជាតិ សាសនា និងព្រះមហាក្សត្រ តាមអ្វីដែលបានទទួលការចាត់តាំងតែប៉ុណ្ណោះ»។

យ៉ាងណាមិញខ្សែអាត់សំឡេង ដែលកំពុងតែបង្កការឈឺក្បាលឱ្យអតីតមេទ័ពភូមិភាគ២នេះ ព្រោះតែវាកំពុងក្លាយជាប្រធានបទមួយ ធ្វើឱ្យប្រជាជនថៃយល់ថា កងទ័ពកំពុងមានការមិនពេញចិត្តចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាល ឬមានទំនាស់ផ្ទៃក្នុងរឿងបែងចែកកញ្ចប់ថវិកា អាចនិយាយម្យ៉ាងទៀតថា ទំនាស់ផលប្រយោជន៍គ្នា។ ការនិយាយបែបនោះគឺបានបង្ហាញថា កងទ័ពដែលជាស្ថាប័នការពារជាតិ កំពុងលូកដៃចូលក្នុងកិច្ចការនយោបាយ ដោយបានព្យាយាមដាក់សម្ពាធលើការបែងចែកថវិកាជាតិ មកកាន់ក្រសួងការពារជាតិ ដែលជាផលប្រយោជន៍របស់ក្រុមខ្លួន។

ការលើកឡើងប្រសិទ្ធភាពអាវុធ និងការបាត់បង់ អាចធ្វើឱ្យប្រជាជនថៃ មានការបារម្ភអំពីសមត្ថភាពការពារជាតិ និងសុវត្ថិភាពរបស់កងទ័ពដែលកំពុងបំពេញភារកិច្ច។ ខ្សែអាត់សំឡេងដែលគេសង្ស័យថាជារបស់លោក ប៊ុនស៊ីន នេះ អាចបង្កើតឱ្យមានការវាយប្រហារគ្នាទៅវិញទៅមករវាងភាគីអ្នកនយោបាយ និងភាគីកងទ័ព បង្កការប្រេះស្រាំកាន់តែជ្រាលជ្រៅរវាងក្រុមអ្នកនយោបាយប្រជាធិបតេយ្យ និងក្រុមកងទ័ពដែលគាំទ្ររាជវង្ស៕

Share.