អ្នកនេសាទម្នាក់បានប្រទះឃើញសាកសពត្រីអ័រ (Oarfish) មួយក្បាលដែលបានងាប់ នៅតាមបណ្តោយឆ្នេរសមុទ្រនៃឃុំ Guinayangan (ហ្គីណាយ៉ាងហ្គាន់) ខេត្ត Quezon (កេហ្ស៊ុន) កាលពីថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ ២០២៦។

សាកសពត្រីអ័រនេះមានប្រវែងជិត ៤ ម៉ែត្រ និងមានទម្ងន់ប្រហែល ២២ គីឡូក្រាម ហើយត្រូវបានរាយការណ៍ជាបន្ទាន់ទៅកាន់ប៉ុស្តិ៍ឆ្មាំសមុទ្រហ្វីលីពីនប្រចាំតំបន់។ ក្រោយទទួលបានដំណឹងនេះ ការិយាល័យកសិកម្មក្រុងបានចុះធ្វើការពិនិត្យលើសត្វសមុទ្រនេះ មុនពេលយកវាទៅកប់។
ជាទូទៅ ត្រីអ័រត្រូវបានគេដឹងថា រស់នៅក្នុងផ្នែកជ្រៅនៃមហាសមុទ្រ។ យោងតាមការបញ្ជាក់ពីការិយាល័យជលផល និងធនធានជលផល (BFAR) របស់ប្រទេសហ្វីលីពីន បានឱ្យដឹងថា ភាពតានតឹង (Stress) គឺជាមូលហេតុទូទៅដែលបណ្តាលឱ្យត្រីអ័រងាប់ ជាពិសេសនៅពេលដែលពួកវាត្រូវបានរំខាននៅក្នុងបរិស្ថានសមុទ្រជ្រៅដែលជាជម្រកធម្មជាតិរបស់វា។

ទោះជាមានការបញ្ជាក់ដូចរៀបរាប់ខាងលើ ប៉ុន្តែនៅក្នុងជំនឿតំបន់អាស៊ី (ជាពិសេសប្រទេសជប៉ុន និងហ្វីលីពីន) ត្រីអ័រនេះភាគច្រើនតែងតែត្រូវបានគេហៅថាជា “ត្រីនាំសារគ្រោះមហន្តរាយ” ព្រោះគេជឿថាវត្តមាន ឬការបង្ហាញខ្លួនរបស់វានៅក្នុងទឹក រាក់ គឺជាប្រផ្នូលនៃការរញ្ជួយដី ឬរលកយក្សស៊ូណាមិ។ ប៉ុន្តែដូចបានលើកឡើងពីខាងលើ អ្វីដែលជាការរកឃើញរបស់អ្នកវិទ្យាសាស្ត្រ បានពន្យល់មួយបែបវិញថា ការស្លាប់របស់ត្រីនេះ ក៏អាចបណ្តាលមកពីការប្រែប្រួលចរន្តទឹកសមុទ្រ ឬសុខភាពរបស់ត្រីផ្ទាល់៕

