ភ្នំពេញ៖ សម្ពាធទាបដែលកើតឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី២ ឈ្មោះ ពែនញ៉ា (Penha) T2602 ដែលកំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន បក់គ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា ដែលនឹង​បង្កឱ្យ​អាកាសធាតុចុះត្រជាក់ និងតំបន់ខ្លះអាចនឹងមានភ្លៀងធ្លាក់។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម។

ដោយសារឥទ្ធិពលនេះ ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រូវបានព្យាករថា តំបន់វាលទំនាប រួមមាន៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្ដាល ស្វាយរៀង តាកែវ និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ ខណៈសីតុណ្ហភាពអាចឡើងដល់ប្រមាណ ៣៣ អង្សាសេ។

ចំណែកតំបន់ខ្ពង់រាប និងភាគឦសាន មានដូចជា ខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌល័គិរី កំពង់ស្ពឺ ស្ទឹងត្រែង តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក នៅពេលព្រឹក និងយប់ អាកាសធាតុអាចមានភាពត្រជាក់។ សម្រាប់តំបន់មាត់សមុទ្រ មាន ខេត្តកោះកុង ព្រះសីហនុ កំពត និងកែប អាចមានភ្លៀងធ្លាក់ខ្លះៗ អមដោយខ្យល់កន្ត្រាក់ ខណៈរលកសមុទ្រអាចមានកម្ពស់ចន្លោះពី កន្លះម៉ែត្រ ដល់ ១ម៉ែត្រ។

ជាមួយគ្នា ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នកធ្វើដំណើរតាមសមុទ្រ និងតំបន់មាត់សមុទ្រ បន្តប្រុងប្រយ័ត្ន និងតាមដានព័ត៌មានព្យាករណ៍ធាតុអាកាសជាបន្តបន្ទាប់។

Share.