កម្មវិធីបុណ្យ Halloween របស់ជាតិសាសន៍អ៊ឺរ៉ុបដែលបានប្រារព្ធឡើងរៀងរាល់ថ្ងៃទី៣១ ខែតុលាជារៀងរាល់ឆ្នាំបានបញ្ចប់ទៅហើយ នៅឡើយរឿងរ៉ាវដ៏ក្ដៅគគុកពាក់ព័ន្ធនឹងការតុបតែងខ្លួនរបស់តារាអនឡាញពីររូប ម្នាក់ជាខ្មែរ ឯម្នាក់ទៀតនៅថៃ អ្នកទាំងពីរកំពុងតែរងព្រនង់ពីតុលាការហ្វេសប៊ុកដូចគ្នា ព្រោះតែលេងសើចខ្វះការពិចារណាក្នុងថ្ងៃបុណ្យហាឡូវីន (Halloween) ដោយម្នាក់ប្រើប្រាស់រូបភាពតុបតែងជាសង្ឃ និងម្នាក់ទៀតជាព្រះពុទ្ធដើម្បីទាញចំណាប់អារម្មណ៍។
តារាហ្វេសប៊ុកនិងTiktok ខ្មែរឈ្មោះ ភី សម័យ បានបង្ហោះវីដេអូខ្លីនៅលើ Tiktok របស់ខ្លួន ដែលវីដេអូនោះមានម្នាក់តុបតែងខ្លួនជាខ្មោចតែគ្រងចីវរ ព្រមទាំងរាំញាក់តាមចង្វាក់តន្ត្រី រហូតបង្ករឱ្យមានការមិនពេញចិត្តពីពុទ្ធសាសនិកជន សូម្បីតែព្រះសង្ឃល្បីឈ្មោះព្រះតេជព្រះគុណ ហាក់ សៀងហៃ ក៏ព្រះអង្គមិនអាចនៅស្ងៀមចេញមកមានសង្ឃដីការចំពោះវីដេអូនេះនៅលើផេកនិងគណនីរបស់ព្រះអង្គ ផ្ញើជូនអាជ្ញាធរមានសមត្ថកិច្ចចាត់ចែងទៅតាមច្បាប់របស់រដ្ឋ។
យ៉ាងណាមិញកញ្ញា ភី សម័យ ក្រោយមើលឃើញមតិរិះគន់ពីសំណាក់សាធារណជន ក៏ដូចជាព្រះតេជគុណ ហាក់ សៀងហៃរួច កញ្ញានិងដៃគូបានចេញមកសូមអភ័យទោសនិងយោគយល់អធ្យាស្រ័យចំពោះទង្វើខ្វះវិចារណញ្ញាណរបស់ខ្លួនដែលធ្វើឱ្យប៉ះពាល់ដល់សាសនាព្រះពុទ្ធ។ក្រោយពេលដែលកញ្ញា ភី សម័យ បានចេញមក Live សុំទោសព្រះតេជព្រះគុណ ហាក់ សៀងហៃ មិនមានសង្ឃដីការអ្វីឬយោបល់ណាឡើយ ព្រោះមានពាក់ព័ន្ធនឹងផ្លូវច្បាប់។
ងាកទៅមើលប្រទេសជិតខាងឯណោះវិញតារាហ្វេសប៊ុកភេទទីបី ឈ្មោះ Nisamanee ឬ Nutt ក៏ត្រូវបានជនជាតិថៃរិះគន់ធ្ងន់ៗដែលតុបតែងមុខនិងសំលៀកបំពាក់ជាព្រះពុទ្ធនៅក្នុងថ្ងៃបុណ្យ Halloween ដោយសាមីខ្លួនបានបង្ហើបថា៖ «ការធ្វើ Halloween ឆ្នាំនេះគឺជាអ្វីមួយថ្មីសម្រាប់ខ្ញុំ ព្រោះមិនគ្រាន់តែមិនតែងមុខខ្មោច ប្រឡាក់ឈាម តែ Concept ជ្រាលជ្រៅជាងមុន ដែលមើលទៅត្រូវតែខ្លួនដោយគ្រឿងអស្ចារ្យប៉ុន្តែជាការផ្លាស់ប្ដូរការយល់ឃើញជាមួយនឹងអ្នកផ្សេង ពាក់ព័ន្ធនឹងជំនឿ គឺជារឿងដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង ព្រោះមនុស្សគ្រប់គ្នាមានជំនឿរៀងៗខ្លួន ហើយនៅពេលមានអ្វីដែលមិនត្រូវចិត្តខ្លួនតើត្រូវធ្វើបែបណាចំពោះរឿងនោះ។» តារារូបនេះបានបញ្ជាក់បន្ថែមទៀតថា «គ្រប់ការតុបតែងខ្លួនរបស់ខ្លួនគឺធ្វើដោយការតាំងចិត្តពីមួយទៅមួយ បណ្ដាក់ទុនទាំងទឹកចិត្តនិងកម្លាំងពេញទំហឹង ដោយមិនមើលងាយអ្នកដទៃរហូតទៅ»
យ៉ាងណាមិញការលើកឡើងរបស់តារាភេទទី៣រូបនេះ មិនត្រូវបានសាធារណជនគាំទ្រនោះឡើយ ដោយភាគច្រើនបានរិះគន់ចំពោះតារារូបនេះថាបាន «កំពុងតែលលេងនឹងនរកហើយ» «ខ្ញុំគិតថាមិនគួរនោះទេ» «មានគំនិតច្នៃប្រឌិតតែធ្វើខុសកាលៈទេសៈ» «អ្នកណាមិនជឿមិនអីទេប៉ុន្តែខ្ញុំធ្លាប់រស់នៅវត្ត ការធ្វើបែបនេះកំពុងតែយកគ្រូបាអាចារ្យមកលេងសើច» «ធ្វើបែបនេះប្រៀបដូចជាយករូបព្រះពុទ្ធមកតុបតែងមិនសមរម្យ មិនដឹងអ្នកផ្សេងជឿឬអត់ តែសម្រាប់ខ្ញុំយល់ថាទីបញ្ចប់ទុកឱ្យវេនកម្មជាអ្នកកាត់ក្ដីចុះ»។
គួរដឹងដែរថាកន្លងមក តារាភេទទីបីថៃ រូបនេះធ្លាប់តុបតែងខ្លួនជា ខ្មោចម៉ាំមី ព្រះនាងគង់ស៊ីអ៊ឹម ព្រះម៉ែកាលីជាដើម ប៉ុន្តែមករងការរិះគន់ខ្លាំងគឺនៅពេលដែលនារីកែភេទរូបនេះបានតុបតែងខ្លួនជាព្រះសម្មាសម្ពុទ្ធ៕